ជាតិ
បោះឆ្នោត
ក្រោយរងការផ្តាច់ជំនួយ សម្តេច ហ៊ុន សែន ប្រកាសថារដ្ឋាភិបាល មានទុនគ្រប់ហើយ សម្រាប់ការបោះឆ្នោត
× ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មិនបារម្ភសោះឡើយចំពោះការរៀបចំបោះឆ្នោតនៅកម្ពុជា។ សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជា បានត្រៀមធនធានរួចរាល់អស់ហើយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា ក្នុងឆ្នាំ២០១៨។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីដូចសព្វដង នៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះ សម្តេច ហ៊ុន សែន លើកឡើងថា ឲ្យតែប្រជាជនកម្ពុជា បានចូលរួមបោះឆ្នោត គឺគ្រប់គ្រាន់ហើយ ដោយមិនតម្រូវឲ្យមានការទទួលស្គាល់ឬមិនទទួលស្គាល់ពីប្រទេសដទៃ ឬអង្គការសហប្រជាជាតិនោះទេ។ ប្រមុខរដ្ឋាភិបាល បន្តថា អវត្តមានគណបក្សសង្គ្រោះជាតិ ក៏មិនប៉ះពាល់ការបោះឆ្នោតដែរ ព្រោះនៅមានគណបក្សជាច្រើនទៀត ដែលត្រូវចូលរួម។
នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សកាន់អំណាចរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«ឥឡូវប្រជាជន បានត្រៀមរួចរាល់ហើយ សម្រាប់ការបោះឆ្នោត។ ហើយរដ្ឋាភិបាល ក៏មានទុនគ្រប់គ្រាន់ហើយដែរ សម្រាប់ការបោះឆ្នោត»។
ការលើកឡើងសាជាថ្មីរបស់សម្តេច ហ៊ុន សែន បែបនេះ គឺក្រោយមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហភាពអឺរ៉ុប សម្រេចព្យួរជំនួយ មកឲ្យគណៈកម្មការធិការជាតិរៀបចំការឆ្នោត (គ.ជ.ប)។ ការរំលាយគណបក្សសង្គ្រោះជាតិ ជាហេតុដែលនាំឲ្យសហភាពអឺរ៉ុប សម្រេចព្យួរជំនួយផ្នែកការបោះឆ្នោត។
តាមរយៈសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១២ ខែធ្នូ សហភាពអឺរុប ដែលបានផ្តល់ជំនួយជាទឹកប្រាក់ប្រមាណជា៥លានដុល្លារ ដល់គ.ជ.ប នាពេលកន្លងមក បានលើកឡើងថា ការរំលាយគណបក្សប្រឆាំង នឹងធ្វើឲ្យការបោះឆ្នោតក្នុងឆ្នាំ២០១៨ មិនមានភាពស្របច្បាប់។ សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា ការបោះឆ្នោតនាពេលខាងមុខ នឹងមិនគួរឲ្យទុកចិត្តឡើយ។
ជុំវិញបញ្ហានេះ លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានប្រាប់សារព័ត៌មានថ្មីៗថា គ.ជ.ប មានថវិកាប្រមាណ ៥២លានដុល្លារ ដើម្បីចំណាយលើការបោះឆ្នោតក្នុងឆ្នាំ២០១៨។ លោក បន្តថា គ.ជ.ប ក៏មានសម្ភារ និងឧបករណ៍បច្ចេកទេសគ្រប់គ្រាន់ដែរ សម្រាប់បម្រើឲ្យការបោះឆ្នោត។
លោក សោម សូរីដា សង្កត់ធ្ងន់ថា ទោះជាបាត់ជំនួយពីសហភាពអឺរ៉ុប តែគ.ជ.ប នៅមានជំនួយពីប្រទេសផ្សេងៗទៀត។ មន្ត្រីជាន់ខ្ពស់គ.ជ.ប រូបនេះ បញ្ជាក់ដូច្នេះថា៖«ការព្យួរជំនួយរបស់សហភាពអឺរ៉ុប មិនរាំងស្ទះដល់គ.ជ.ប នោះទេ»។
សហភាពអឺរ៉ុប គឺជាភាគីទីពីរហើយ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលប្រកាសផ្តាច់ជំនួយលើការបោះឆ្នោត។ សហរដ្ឋអាមេរិក មិនត្រឹមតែផ្តាច់ជំនួយប៉ុណ្ណោះទេ ប៉ុន្តែប្រទេសមហាអំណាចមួយនេះ បានប្រកាសថា នឹងមិនទទួលស្គាល់ការបោះឆ្នោតថែមទៀត ប្រសិនបើអតីតគណបក្សសង្គ្រោះជាតិ មិនបានចូលរួម ហើយលោក កឹម សុខា នៅតែបន្តជាប់ឃុំក្នុងពន្ធនាគារ៕
© រក្សាសិទ្ធិដោយ thmeythmey.com