ជាតិ
បោះឆ្នោត
លោក សម រង្ស៊ី ហៅពលរដ្ឋធ្វើបាតុកម្មអហិង្សាប្រឆាំងរដ្ឋាភិបាលថ្មី ក្រោយថ្ងៃបោះឆ្នោត, មន្ត្រីរដ្ឋាភិបាលប្រតិកម្ម លោក សម រង្ស៊ី និងលោក កឹម សុខា ដឹកនាំធ្វើមហាបាតុកម្ម ក្រោយការបោះឆ្នោតឆ្នាំ២០១៣។ រូបពីទំព័រហ្វេសបុករបស់លោក សម រង្ស៊ី
× ភ្នំពេញ៖ លោក សម រង្ស៊ី អំពាវនាវឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការ រួមគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលថ្មី ដែលនឹងកើតឡើងក្រោយការបោះឆ្នោតខាងមុខ។ មន្ត្រីរដ្ឋាភិបាល និងមន្ត្រីបក្សកាន់អំណាច ឆ្លើយតបថា ប្រជាជននឹងមិនធ្វើតាមលោក សម រង្ស៊ី នោះទេ។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានធ្វើយុទ្ធនាការតស៊ូមតិឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា។ បន្ទាប់មកលោក សម រង្ស៊ី បានថ្លែងសារអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោត។ ថ្មីៗនេះ លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនពីការតាមចាប់ខ្លួនរបស់តុលាការកម្ពុជា បានសរសេរលិខិតថ្វាយព្រះករុណា ព្រះមហាក្សត្រ ដើម្បីទូលព្រះអង្គមិនឲ្យព្រះធ្វើតាមគណបក្សកាន់អំណាច។ ពេលនេះ នាយប់ថ្ងៃទី៧ខែមិថុនា តាមរយៈក្បាលមីក្រូរបស់វិទ្យុអាស៊ីសេរីដែលត្រូវបានផ្សាយនៅលើទំព័រហ្វេសប៊ុក លោក សម រង្ស៊ី អំពាវនាវឲ្យប្រជាពលរដ្ឋ ជុំគ្នាធ្វើបាតុកម្មអហិង្សាប្រឆាំងរដ្ឋាភិបាលថ្មីដែលនឹងកើតឡើងក្រោយការបោះឆ្នោតនោះទៀត។ លោក សម រង្ស៊ី ដែលអះអាងខ្លួនឯងថា ជាមេចលនាសង្គ្រោះជាតិ បានសន្និដ្ឋានទុកមុនប្រាប់អ្នកស្តាប់វិទ្យុអាស៊ីសេរីថា រដ្ឋាភិបាលដែលកើតឡើង ក្រោយការបោះឆ្នោតនេះគឺជា រដ្ឋាភិបាលមិនស្របច្បាប់ ដែលសហគមន៍អន្តជាតិ នឹងមិនទទួលស្គាល់ឡើយ។
លោក សម រង្ស៊ី ដែលជាដៃគូនយោបាយរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិទីពីរ ដែលកំពុងជាប់ឃុំនៅកម្ពុជា បាននិយាយយ៉ាងដូច្នេះថា៖«បើយើងមិនងើប ជាតិយើងនឹងស្លាប់ ជាតិយើងនឹងរលាយហើយ។ នេះជាដំណាក់កាលចុងក្រោយ។ […..] យើងត្រូវតែរៀបចំធ្វើកូដកម្ម ធ្វើបាតុកម្ម។ យើងត្រូវតែងើបព្រមគ្នា ទន្ទឹមគ្នា ដើម្បីបង្ហាញថាប្រជារាស្ត្រខ្មែរ ចង់ឲ្យមានការផ្លាស់ប្តូ។ ពេលវេលាមកដល់ហើយ ត្រូវតែប្តូរអ្នកដឹកនាំ»។
ការអំពាវនាវរបស់លោក សម រង្ស៊ី បានរងប្រតិកម្មខ្លាំងៗ ពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល និងគណបក្សកាន់អំណាច។ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌ថ្មីៗ តាមទូរសព្ទថា ការអំពាវនាវរបស់លោក សម រង្ស៊ី ឲ្យមានការប្រឆាំងនឹងរដ្ឋាភិបាល គឺខុសនឹងច្បាប់យ៉ាងធ្ងន់ធ្ងរ។ លោក សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«[លោក សម រង្ស៊ី] ជាមេបះបោរ ជាមេឧទ្ទាម ដែលច្បាប់រឹតតែមានលក្ខណគ្រប់គ្រាន់ក្នុងការផ្តន្ទាទោស»។
យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃរូបនេះ មិនប្រាប់នោះទេ ពីវិធានការរបស់រដ្ឋាភិបាល ដែលត្រូវទប់ស្កាត់នឹងលោក សម រង្ស៊ី។ លោក គ្រាន់តែបញ្ជាក់ថា ការអំពាវនាវរបស់លោក សម រង្ស៊ី នឹងមិនអាចជោគជ័យឡើយ។ លោក និយាយបែបនេះថា៖«គ្មានប្រជាជនណាទៅធ្វើតាមសម រង្ស៊ី ទេ។ ប្រជាជនលែងជឿលោក សម រង្ស៊ី ហើយ»។
ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅការអំពាវនាវរបស់លោក សម រង្ស៊ី ថាជាការញុះញង់ ឲ្យប្រជាពលរដ្ឋ និងកងទ័ព ងើបបះបោរប្រឆាំងនឹងការបោះឆ្នោត។ ប៉ុន្តែ លោក យល់ថា បំណងរបស់អតីតមេបក្សប្រឆាំង មិនអាចទៅរួចនោះទេ។
អ្នកនាំពាក្យបក្សកាន់អំណាច និយាយបញ្ច្រាស់ទៅវិញថា បើឲ្យប្រជាពលរដ្ឋ និងកងកម្លាំង ងើបប្រឆាំងនឹងលោក សម រង្ស៊ី និងបក្សពួក ទើបមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ។ លោកបានសរសេរសារក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា៖«ការអំពាវនាវឲ្យមានការងើបបះបោររបស់ប្រជាជន និងកងទ័ពប្រឆាំងការបោះឆ្នោត បញ្ជាក់ច្បាស់ថាពួកឧទ្ទាមក្រៅច្បាប់ កំពុងស្ថិតនៅក្នុងស្ថានភាពទាល់ច្រកមែនទែនហើយ។ អស់ក្បាច់លោតតទៅទៀតហើយ។ គ្មានអ្នកណាម្នាក់សុខចិត្តរងគ្រោះ ដើម្បីតែផលប្រយោជន៏របស់បុគ្គលសម រង្ស៊ី ទេ»។
គួររម្លឹកថា នៅដល់តែជាង៥០ថ្ងៃទៀត ប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នៃរដ្ឋសភា នឹងឈានមកដល់។ មានគណបក្ស២០ដែលនឹងប្រជែងគ្នាយកអាសនៈរដ្ឋសភាចំនួន១២៥។ អ្នកបោះឆ្នោតមានចំនួនជាង៨លាន៣សែននាក់៕
Tag:
បោះឆ្នោត
សម រង្ស៊ី
សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com