ជាតិ
​​​ន​យោ​បាយ​ជាតិ​
HRW ចោទ​ឧ​ត្ត​ម​សេនីយ៍​ខ្មែរ​១២​រូប​អំពី​ការរំលោភ​សិទ្ធិមនុស្ស មុន​ការបោះឆ្នោត​មកដល់​
28, Jun 2018 , 7:59 pm        
រូបភាព
(ពីឆ្វេងទៅស្តាំ)  ១. លោក គន់ គីម, ២. លោក ម៉ក់ ជីតូ, ៣. លោក នេត សាវឿន, ៤. លោក ប៉ុល សារឿន, ៥. លោក សៅ សុខា, ៦. លោក សុខ ផល, ៧. លោក ប៊ុន សេង, ៨. លោក ចាប ភក្ដី, ៩. លោក ជឿន សុវណ្ណថា, ១០. លោក រ័ត្ន ស៊្រាង, ១១. លោក ជួន សុវណ្ណ, ១២. លោក ជា ម៉ន។ រូបពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW)
(ពីឆ្វេងទៅស្តាំ) ១. លោក គន់ គីម, ២. លោក ម៉ក់ ជីតូ, ៣. លោក នេត សាវឿន, ៤. លោក ប៉ុល សារឿន, ៥. លោក សៅ សុខា, ៦. លោក សុខ ផល, ៧. លោក ប៊ុន សេង, ៨. លោក ចាប ភក្ដី, ៩. លោក ជឿន សុវណ្ណថា, ១០. លោក រ័ត្ន ស៊្រាង, ១១. លោក ជួន សុវណ្ណ, ១២. លោក ជា ម៉ន។ រូបពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW)
​ភ្នំពេញ​៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) បាន​ចោទប្រកាន់​មេ​នគរបាល មេ​យោធា និង​មេកង​រាជ​អាវុធ​ហត្ថកម្ពុជា ដែល​សរុបទៅ​មាន​១២​រូប ថា​បាន​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​។ ក្រសួងការពារជាតិ​ក​ម្ពុ​ជា ប្រឆាំង​យ៉ាង​ដាច់អហង្កា ចំពោះ​ការចោទប្រកាន់​នេះ ហើយ​ថែមទាំង​ប្រាប់​អង្គការ​ខាងលើ ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការផ្សព្វផ្សាយ​របាយការណ៍​របស់ខ្លួន ដែល​គ្មាន​មូលដ្ឋាន និង​ហេតុផល​ត្រឹមត្រូវ​។​



​មន្ត្រី​ប្រដាប់អាវុធ​ជាន់ខ្ពស់​១២​រូប​នៅ​កម្ពុជា មាន​ឈ្មោះថា ជា​ជន​បាតដៃ​កខ្វក់​នៅក្នុង​របាយការណ៍ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) ដែល​ទើបនឹង​ចេញផ្សាយ​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។ គ្រាន់តែ​សំណុំរឿង​មន្ត្រី​ប្រដាប់អាវុធ​១២​រូបនេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​សរសេរ​ជា​របាយការណ៍​រហូតដល់​ទៅ​២១៣​ទំព័រ​ឯណោះ ដើម្បី​រៀបរាប់​យ៉ាង​ពិស្តារ​ពី​ប្រវត្តិ​របស់​ពួកគេ ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

​ឧ​ត្ត​ម​សេនីយ៍​១២​រូប  ស្ថិតក្នុង​ស្ថាប័ន​គ្រប់គ្រង​ប្រដាប់អាវុធ​ទាំង​៣ គឺ​យោធា នគរបាល និង​កងរាជអាវុធហត្ថ​។ អ្នក​ទាំងនោះ រួមមាន លោក ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​, លោក គន់ គីម អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយសេនាធិការ​ចម្រុះ​, លោក សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, លោក ជា ម៉ន មេបញ្ជាការរង​កងទ័ព​ជើងគោក​, លោក ប៊ុន សេង មេបញ្ជាការរង​កងទ័ព​ជើងគោក​, ឧត្ដមសេនីយ៍ទោ ជឿន សុវណ្ណ​ថា មេបញ្ជាការរង​កងទ័ព​ជើងគោក​, លោក ចាប ភក្ដី នាយរង​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេ​មរ ភូមិន្ទ​, លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ លើ ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​, លោក សុខ ផល អគ្គស្នងការ រង​នគរបាលជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​, លោក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ​, និង​លោក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាល ជាតិ និង​ជា​ស្នងការ នគរបាល​រាជធានី​ភ្នំពេញ​។

​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ដដែល បាន​ចោទ​ក្រុម​ឧ​ត្ត​ម​សេនីយ៍​ទាំងនោះ​ថា បាន​ពាក់ព័ន្ធ​ឬ​ទទួលខុសត្រូវ​លើ​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។

​មិនអាច​អត់ធ្មត់​បានយូរ​នោះទេ ក្រសួងការពារជាតិ​ក​ម្ពុ​ជា បានចេញ​សេចក្តីថ្លែងការណ៍​ភ្លាមៗ ដើម្បី​ប្រតិកម្ម​តប​នឹង​របាយការណ៍​របស់​អង្គការ​ឃ្លាំ​សិទ្ធិមនុស្ស​។ តាមរយៈ​សេចក្តីថ្លែងការណ៍ ក្រសួងការពារជាតិ បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស សរសេ​របាយការណ៍​ចោទប្រកាន់​មន្ត្រី​ប្រដាប់អាវុធ​កម្ពុជា​ទាំង​១២​រូប​បែបនេះ ។

​ក្រសួងការពារជាតិ បាន​ប្រើពាក្យ​ធ្ងន់ៗ ដើម្បី​ជាការ​ឆ្លើយ​ទៅ​អង្គការឃ្លាំមើលសិទ្ធិមនុស្ស​វិញ យ៉ាង​ដូច្នេះ​ថា​៖«​ការ​ប្រឌិត​របាយការណ៍​បែប​ឆ្កួត​លីលា​របស់​ក្រុម​នេះ គឺជា​ការរំលោភបំពាន​ម្តង​ហើយ​ម្តងទៀត មកលើ​អធិបតេយ្យ ឯករាជ្យ និង​នីតិរដ្ឋ​របស់​កម្ពុជា ដើម្បី​បម្រើ​នយោបាយ​ទុច្ចរិត​របស់​ជនបរទេស​មួយ​ចំនួន និង​ក្រុម​ម​អ្នកនយោបាយ​ក្បត់ជាតិ [​គណបក្ស​សង្គ្រោះ​ជាតិ​] ដែល​បាន​ប៉ុនប៉ង បង្កើត​បដិវត្ត​ពណ៌​។ ទោះជា​មានការ​ចាប់ខ្លួន​មេខ្លោង [​លោក កឹម សុខា​] រួចហើយ​ក៏ដោយ ក៏​ក្រុម​នេះ​ខ្លះ នៅ​មិនទាន់​បោះបង់ចោល​គំនិត​បំផ្លិចបំផ្លាញ​ជាតិ នៅឡើយ​ទេ​។ ក្រសួងការពារជាតិ ប្រកាស​ច្រានចោល​ទាំងស្រុង ដោយ​មិនអាច​ទទួលយក​បានជា​ដាច់ខាត ចំពោះ​ការចោទប្រកាន់​នៃ​របាយការណ៍ ដែល​បង្កប់​ឧបាយកល​ពិសពុល​របស់​អង្គការ​នេះ​»​។​

​លើសពីនេះ ក្រសួងការពារជាតិ បាន​ហៅ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ថា​មានបំណង​ញុះញង់ និង​គ្មាន​មូលដ្ឋាន​ច្បា​ស់លា​ស់ ហើយ​ថែមទាំង​គ្មាន​ហេតុផល​ទៀតផង​។ បន្ទាប់មក ក្រសួងការពារជាតិ ក៏​អំពាវនាវ​ឲ្យ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ប្រឌិត​របាយការណ៍​ខាងលើ ដែលមាន​លក្ខណ​ចោទប្រកាន់​ទាំង​គ្មាន​មូលដ្ឋាន និង​គ្មាន​ហេតុផល មកលើ​ថ្នាក់ដឹកនាំ​នៃ​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​។    

​កាលពីពេល​ថ្មីៗ​នេះ នាយ​ឧ​ត្ត​ម​សេនី​ហ៍ ហ៊ីង ប៊ុន​ហៀ​ង មេ​អង្គរក្ស​របស់​សម្តេច ហ៊ុន សែន ត្រូវបាន​សហរដ្ឋអាមេរិក  ដាក់​ទណ្ឌកម្ម ដោយ​បង្កក​ទ្រព្យសម្បត្តិ​របស់លោក ដែលមាន​នៅលើ​ទឹកដី​អាមេរិក​។ ប៉ុន្តែ លោក ហ៊ីង ប៊ុន​ហៀ​ង ឆ្លើយតប​ថា លោក គ្មាន​ទ្រព្យសម្បត្តិ ដែល​ផ្ញើ​នៅ​សហរដ្ឋអាមេរិក​នោះទេ ហើយ​លោក ក៏​គ្មាន​បំណង​ចង់ទៅ​ជាន់ទឹក​ដឹ​នៃ​ប្រទេស​មហាអំណាច​នេះដែរ​។

អត្ថបទទាក់ទង


​កន្លងមក សហគមន៍​អន្តរជាតិ​មួយចំនួន មាន​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ជាដើម បាននាំគ្នា​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្ខំ​ឲ្យ​ផ្លាស់ប្តូរ​ឥរិយាបថ​។ បំណង​របស់​ពួកគេ ចង់​ឲ្យ​មាន​គណបក្សប្រឆាំង​ឡើងវិញ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ម្យ៉ាងទៀត ពួកគេ​ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើកផ្លូវ​ឲ្យ​ក្រុម​សង្គម​ស៊ីវិល និង​ស្ថាប័ន​សារព័ត៌​នៅ​កម្ពុជា ធ្វើការ​ឲ្យ​ពេញលេញ​តាម​សិទ្ធិសេរីភាព​របស់​ពួកគេ​។

​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​កម្ពុជា នៅតែ​ការពារ​ខ្លួន​ថា ចំណាត់ការ​លើ​គណបក្ស​ប្រឆាំង គឺ​ធ្វើទៅ​តាមច្បាប់ ដោយ​មិនអាច​អត់ឱន​ឲ្យ​បានជា​ដាច់ខាត​។ ចំពោះ​ក្រុម​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ រដ្ឋាភិបាល​កម្ពុជា ប្រកាសថា មិនបាន​រឹតត្បិត​នោះទេ​។ លើសពីនេះ រដ្ឋាភិបាល​កម្ពុជា តែង​បង្ហាញ​គោលជំហរ​រឹង​ពឹង​របស់ខ្លួន ថា​មិន​ខ្លាច​ទណ្ឌកម្ម​របស់​ប្រទេស​ណា​ឡើយ​៕


Tag:
 HRW
  កម្ពុជា​
  ក្រសួងការពារជាតិ​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com