ជាតិ
លោកស្រី ប៊ូ រចនា​៖ អូន​ចងចាំ​សកម្មភាព​គ្រួសារ​យើង តែ​ពលរដ្ឋ​ខ្មែរ​ចងចាំ​ការលះបង់រ​បស់បង​
10, Jul 2018 , 2:21 pm        
រូបភាព
​ទោះជា​ពេលវេលា​កន្លងទៅ​អស់​ពីរ​ឆ្នាំ​ហើយក៏​ដោយ តែ​លោកស្រី ប៊ូ រចនា នៅតែ​មិនទាន់​អាច​រំសាយ​ចិត្តបាន ចំពោះ​ឃាតកម្ម​ដ៏​ឃោរឃៅ​លើ​ស្វាមី​របស់លោក​ស្រី គឺ​លោក​បណ្ឌិត កែម ឡី​។ ស្ថិត​ក្នុងឱកាស​រម្លឹក​ខួប​ពីរ​ឆ្នាំ នៃ​ការបាញ់សម្លាប់​ស្វាមី លោកស្រី ប៊ូ រចនា បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​រៀបរាប់​ពី​ការឈឺចាប់​របស់លោក​ស្រី​។



​តាមរយៈ​សារ​នោះ លោកស្រី ប៊ូ រចនា បាន​រម្លឹក​ពី​សេចក្តីស្រឡាញ់ និង​សុភមង្គល ដែល​ធ្លាប់​កើតមានឡើង​ក្នុង​គ្រសារ​របស់លោក​ស្រី កាលពី​លោកបណ្ឌិត កែម ឡី នៅរស់​។ បន្ទាប់មក លោកស្រី ក៏​បង្ហាញ​ពី​ភាព​សោកសង្រេង​របស់លោក​ស្រី និង​កូនៗ ក្រោយ​បាត់បង់​ស្វាមី​ពី​គ្រួសារ​។

​លោក ស្រី ប៊ូ រចនា ដែល​កំពុង​រស់នៅ​ជាមួយ​កូនប្រុស​ទាំង​៥​នាក់ ក្នុងប្រទេស​អូស្ត្រាលី បាន​សរសេរ​សារ​យ៉ាង​ដូច្នេះ​ថា​៖«​អូន​ចងចាំ​សកម្មភាព​គ្រួសារ​របស់​ពួកយើង តែ​ពលរដ្ឋ​ខ្មែរ​ចងចាំ​ការលះបង់រ​បស់បង​។ ជា​ប្រពន្ធ និង​ជា​កូនៗ​របស់​បង ពួកយើង​រំភើប ពីព្រោះថា​រូប​បង​មិន​ត្រឹមតែ​ស្ថិតក្នុង​ចិត្ត​របស់​អូន​និង​កូនៗ​ទេ បង​ស្ថិតនៅក្នុង​ការចងចាំរ​បស់​ពលរដ្ឋ​ខ្មែរ​»​។​


លោកស្រី ប៊ូ រចនា និងកូន​ប្រុស​ទាំង​៥នាក់ ពេលទៅ​ដល់ប្រទេសអូស្ត្រាលី កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២0១៨។ រូបថតពីហ្វេសប៊ុក Chun Chanboth

​ពាក់ព័ន្ធ​នឹង​ឃាតក ដែល​ត្រូវបាន​ផ្តន្ទាទោស លោកស្រី ប៊ូ រចនា នៅតែ​យល់ថា មិនមែនជា​ឃាត​កពិត​នោះទេ​។ លោកស្រី លើកឡើង​បែបនេះ​ថា​៖«​យុត្តិធម៌ ហាក់​នៅ​ឆ្ងាយ​សែនឆ្ងាយ​។ […..] តែ​នាង​ខ្ញុំ ជឿជាក់ថា នឹងមាន​ថ្ងៃមួយ​មកដល់ ដែល​ឃាត​កពិត នឹង​សង​នូវ​រាល់​អ្វីៗ​ដែល​គេ​បានធ្វើ​»​។

​គណបក្សនយោបាយ និង​សង្គម​ស៊ីវិល​ខ្លះ រួមទាំង​ប្រជាពលរដ្ឋ ដែល​ស្រឡាញ់​លោក​បណ្ឌិត កែម ឡី បាននាំគ្នា​ចូលរួម​រម្លឹក​ខួប​ពីរ​ឆ្នាំនេះ​។ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បាន​ប្តូរ​រូប​ខ្លួនឯង (profile) ហើយ​ដាក់​រូបលោក កែម ឡី ជំនួស​វិញ​។

​ម្យ៉ាងទៀត ក៏មាន​អ្នកនិពន្ធ​ខ្លះ បាន​តែង​ចម្រៀង​បួន​-​ប្រាំ​បទ អំពី​លោក​បណ្ឌិត កែម ឡី ផងដែរ​។ លើសពីនេះ បណ្តាញសារព័ត៌មាន​នានា​នៅ​កម្ពុជា បាន​ប្រមូល​ទ្រឹស្តី និង​ពាក្យពេចន៍​របស់លោក ដែល​ធ្លាប់មាន​ប្រសាសន៍​កាលពី​នៅរស់ មក​ផ្សាយឡើងវិញ ដោយ​អម​ជាមួយនឹង​សកម្មភាព​របស់លោក ក្នុង​ការជួយ​សង្គម​។ 

​គួររម្លឹកថា លោក​បណ្ឌិត កែម ឡី ដែលជា​អ្នកស្រាវជ្រាវ​ផ្នែក​ការអភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព ត្រូវបាន​បាញ់សម្លាប់ ក្នុង​ស្តា​ម៉ា​ត​មួយកន្លែង ជាប់​ស្តុ​ប​បូកគោ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ ក្រោយ​ព្រឹត្តិការណ៍​នេះ​កើតឡើង បុរស​ម្នាក់ ឈ្មោះ​អឿ​ត អាង ហៅ ជួប សម្លាប់ ត្រូវបាន​ចាប់ខ្លួន​។ តុលាការ​ភ្នំពេញ បាន​ផ្តន្ទាទោស ជួប សម្លាប់ ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ក្រោម​ការចោទប្រកាន់​ពីបទ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​៕


Tag:
 ​កែម ឡី​
  ប៊ូ រចនា​
  ខួប​ពីរ​ឆ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com