ជាតិ
បោះឆ្នោត
ជប៉ុន ជំរុញឲ្យបក្សកាន់អំណាច និងបក្សប្រឆាំង ចាប់ដៃគ្នា ឲ្យបានមុនថ្ងៃបោះឆ្នោត រូបពីគេហទំព័រ www.samdechhunsen.gov.kh
× ជប៉ុន មិនចង់ឃើញគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិ ឈ្លោះគ្នាតទៅទៀតទេ ខណៈការបោះឆ្នោត កាន់តែខិតជិតមកដល់។ ជប៉ុន ដែលជាប្រទេសមួយប្រកាន់ជំហររឹងពឹងក្នុងការគាំទ្រ និងការផ្តល់ជំនួយឲ្យកម្ពុជា ទទូចឲ្យបក្សធំៗទាំងពីរនេះ រកមធ្យោបាយ ដើម្បីផ្សះផ្សារគ្នាឲ្យបានឆាប់រហ័ស។
លោកស្រី Mitsuko Shino តំណាងប្រទេសជប៉ុនប្រចាំនៅមន្ទីរអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ជាអ្នកចេញមុខជំរុញឲ្យគណបក្សទាំងពីរ ស្វះស្វែងរកដំណោះស្រាយ នៅពេលលោកស្រី ចូលរួមប្រជុំលើកទី៣៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ដោយមានតំណាងប្រទេសនានាលើពិភពលោកចូលរួម។
បើស្តាប់ការអានសេចក្តីថ្លែងការណ៍របស់លោកស្រី ជប៉ុនពិតជាបារម្ភ ចំពោះការរំលាយគណបក្សប្រឆាំង និងការជះឥទ្ធិពលអវិជ្ជមានទៅលើសកម្មនយោបាយ រួមទាំងសង្គមស៊ីវិល ហើយក៏បង្កឲ្យមានភាពតានតឹងផ្នែកនយោបាយ សម្រាប់ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ តំណាងជប៉ុនរូបនេះ បញ្ជាក់ថា វា សំខាន់ខ្លាំងណាស់ ដែលគ្រប់ភាគីត្រូវចាប់ផ្តើមចរចារវាងប្រជាជនកម្ពុជាខ្លួនឯង ទើបអាចដោះស្រាយបញ្ហា និងកែប្រែស្ថានការណ៍ឲ្យល្អឡើងវិញបាន។
លោកស្រី សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«មិនមានពេលវេលាច្រើនទៀតនោះទេ ព្រោះការបោះឆ្នោតកាន់តែជិតមកដល់មែនទែនហើយ។ យើង អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធទាំងឡាយ ធានាឲ្យបានថា ការបោះឆ្នោត នឹងប្រព្រឹត្តទៅដោយត្រឹមត្រូវ និងឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា»។
យ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ហាក់យល់ថា ការលើកឡើងរបស់តំណាងជប៉ុន មិនមែនជាបញ្ហាធំដុំ ដែលគួរឲ្យបារម្ភនោះទេ។ លោក អះអាងថា ជប៉ុន គ្រាន់តែបង្ហាញក្តីបារម្ភចំពោះស្ថានការណ៍នៅកម្ពុជាប៉ុណ្ណោះ ដោយមិនបានផ្តាច់ជំនួយលើការបោះឆ្នោតឡើយ។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ សរសេរសារទៅកាន់ក្រុមអ្នកកាសែត ក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម យ៉ាងដូច្នេះថា៖«ការមានជំហរបែបនេះរបស់ជប៉ុន គឺជារឿងធម្មតាក្នុងប្រទេសប្រជាធិបតេយ្យមួយនេះ ហើយអាចចាត់ទុកថាជាការសម្តែងមតិបែបប្រជាធិបតេយ្យ»។
កន្លងមក លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់បង្ហើបពីបំណងចរចា។ ប៉ុន្តែ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មិនយល់ព្រម។ ប្រធានគណបក្សកាន់អំណាច ចាត់ទុកក្រុមប្រឆាំងថាជាជនល្មើសច្បាប់ ដូច្នេះគ្មានអ្វីត្រូវចរចាជាមួយនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំកម្ពុជារូបនេះ ប្រកាសមិនអត់ឱនឲ្យក្រុមប្រឆាំងថែមទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្ន គណបក្សទាំង២០ កំពុងនាំគ្នាធ្វើយុទ្ធនាការរកសំឡេងឆ្នោត។ ការឃោសនានេះ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨៕
Tag:
បោះឆ្នោត
ជប៉ុន
ហ៊ុន សែន
សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com