ជាតិ
បោះឆ្នោត
ផ្លូវការ៖ គណបក្ស​ប្រជាជនកម្ពុជាឈ្នះទាំង​១២៥អាសនៈនៅរដ្ឋសភា
15, Aug 2018 , 8:21 pm        
រូបភាព
សម្តេចហ៊ុន សែន នាអំឡុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោត។ រូបថត AFP
សម្តេចហ៊ុន សែន នាអំឡុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោត។ រូបថត AFP
អាសនៈ​ទាំង​១២៥​ក្នុង​រដ្ឋសភា បាន​ធ្លាក់​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច ហ៊ុន សែន​។ នេះ​ជា​លទ្ធផល​ផ្លូវការ​ស្តីពី​ការបោះឆ្នោត​នីតិកាល​ទី​៦ ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​យប់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​។



​តាមពិតទៅ ពេល​គ​.​ជ​.​ប ប្រកាស​លទ្ធផល​បឋម គេបាននាំគ្នា​សន្និដ្ឋាន​ទុកជាមុន​បាត់ទៅហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួលបាន​អាសនៈ​ទាំងអស់ ដោយសារតែ​ឃើញ​គណបក្ស​នេះ ទទួលបាន​សំឡេងឆ្នោត​ដ៏​ច្រើន​លើសលុប ដាច់​ឆ្ងាយ​ពី​សំឡេងឆ្នោត​របស់​គណបក្ស​ទាំង​១៩​ទៀត​។ 

អត្ថបទទាក់ទង


​លទ្ធផល​ផ្លូវការ​នេះ គឺ​ដូចគ្នា​ស្ទើរ​ទាំងស្រុង​ទៅនឹង​លទ្ធផល​បឋម និង​លទ្ធផល​បណ្តោះអាសន្ន​។ បើតាម​លទ្ធផល​ផ្លូវការ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​ជាង ៤,៨​លាន ដែល​ស្មើ​ជាង ៧៦​ភាគរយ​។​

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ស្ថិតក្នុង​លំដាប់ថ្នាក់​ទី​២ ដែល​ទទួលបាន​សំឡេងឆ្នោត​ជាង ៣,៧​សែន ហើយ​បន្ទាប់មក​គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ទទួលបាន​សំឡេងឆ្នោត​ជាង ៣​សែន​។ ចំណែក គណបក្ស​ឆន្ទៈ​ខ្មែរ ទទួលបាន​សំឡេងឆ្នោត​ជាង ២​សែន ដែល​ធ្វើ​ឲ្យ​គណបក្ស​នេះ ស្ថិតក្នុង​លំដាប់​ទី​៤​។ រីឯ​គណបក្ស​ទាំង​១៦​ទៀត ទទួលបាន​សំឡេងឆ្នោត មិន​ដល់​ខ្ទង់សែន​នោះទេ​។ គណបក្ស​ទាំង​១៩​នេះ ពុំមាន​សំឡេង​គ្រប់គ្រាន់ ដើម្បី​បាន​អាសនៈ​ឡើយ​។

មកដល់ពេលនេះ អាច​និយាយបានថា កិច្ចការ ដែល​ទាក់ទង​នឹង​លទ្ធផល​បោះឆ្នោត ដូចជា​ចប់សព្វគ្រប់​អស់ហើយ​។ រឿង​បន្ទាប់​គឺ ការប្រជុំ​រដ្ឋសភា និង​ការបង្កើត​រដ្ឋាភិបាល​។

​តាម​ការគ្រោងទុក រដ្ឋសភា​នីតិកាល​ទី​៦ នឹងត្រូវ​ប្រជុំ​លើកដំបូង នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​ក្រោយមក​មួយថ្ងៃ រដ្ឋាភិបាល​ថ្មី នឹងត្រូវ​បង្កើតឡើង​៕  
      


© រក្សាសិទ្ធិដោយ thmeythmey.com