ជាតិ
អ្នកចេះគឺជាប់ តែសិស្សពូកែគណិតវិទ្យា បែរជាធ្លាក់មុខវិជ្ជានេះ? ពិត ឬខុសបច្ចេកទេស? ក្រុមសិស្សដែលតវ៉ាឲ្យសើរើលទ្ធផលគណិតវិទ្យាឡើងវិញ។ រូបថត Cheng SokEng
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងអ្នកសង្កេតការណ៍មួយចំនួន បានប្រកាសពីជោគជ័យនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨ ដោយមានអ្នកជាប់រហូតដល់៦៦,២១ភាគរយ។ ប៉ុន្តែបេក្ខជនមួយចំនួនដែលបានប្រឡងជាប់ មិនអស់ចិត្តនោះឡើយ ពោលគឺមុខវិជ្ជាគណិតវិទ្យា ដែលពួកគេគិតថា ទទួលបានលទ្ធផលល្អជាងនេះ ផ្ទុយទៅវិញ បែរជាធ្លាក់។
ឆាយ លីអាន សិស្សពីខេត្តកំពត បាននិទ្ទេស Dលើពិន្ទុរួម ក្រោយបាននិទ្ទេស A បីមុខវិជ្ជា B បីមុខវិជ្ជា ប៉ុន្តែបែរជាធ្លាក់គណិតវិទ្យាដែលគេធ្លាប់ទទួលបានមេដាយមាស ទូទាំងប្រទេសឆ្នាំ២០១៨នេះ។ ពិតណាស់ សិស្សពូកែ ក៏មិនប្រាកដធ្វើត្រូវនៅពេលប្រឡងនោះដែរ ប៉ុន្តែរឿងរ៉ាវរបស់ លីអាន មិនមែនជាករណីដាច់ដោយឡែកនោះឡើយ សិស្សផ្សេងទៀត ក៏ទទួលបានលទ្ធផលដូចគ្នាផងដែរ។
លីអាន និងសិស្សជាង២០នាក់ទៀត បានលើកគ្នាទៅតវ៉ានៅមុខមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត ដើម្បីស្នើសុំសើរើលទ្ធផលនៃការប្រឡងមុខវិជ្ជាគណិតវិទ្យា។ ពួកគេសុទ្ធតែបានអះអាងថា ធ្វើត្រូវច្រើន ប៉ុន្តែលទ្ធផលបែរជាធ្លាក់ទៅវិញ។ គ្មានឡើយដំណោះស្រាយភ្លាមៗ ប៉ុន្តែមន្ត្រីមន្ទីរបានប្រាប់ទៅសិស្សទាំងនោះ សរសេរលិខិតស្នាមដើម្បីបញ្ជាក់ពីការមិនពេញចិត្តរបស់ពួកគេ ហើយនឹងមានដំណោះស្រាយតាមដំណាក់កាល។
«ខ្ញុំខ្លាចកុំព្យូទ័រ បូកពិន្ទុនោះវាមានបញ្ហា ដែលធ្វើឲ្យបូកខុស។ ខ្ញុំសង្ឃឹមថាមុខវិទ្យាគណិតជាប់បានA តែដល់ធ្លាក់អ៊ីចឹង ខ្ញុំមិនអស់ចិត្តទេ។ ខ្ញុំចង់ឲ្យក្រសួងបូកពិន្ទុលើឯកសារជាក្រដាសឡើងវិញ។ បើសិនជាក្រសួងមិនដោះស្រាយរឿងនេះ ខ្ញុំយល់ថាក្រសួងមិនមានទំនួលខុសត្រូវលើការងាររបស់ខ្លួនទេ»។ នេះជាការបញ្ជាក់ពីយុវសិស្ស ឆាយ លីអាន។
មិនមែនតែក្រុមសិស្សនៅខេត្តកំពតនោះឡើយ បណ្តាសិស្សនៅភ្នំពេញ និងខេត្តផ្សេងៗទៀត ក៏លើកឡើងពីករណីប្រហាក់ប្រហែលគ្នានេះផងដែរ ដោយខ្លះសរសេរទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយអ្នកខ្លះទៀតសរសេរទៅកាន់ទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រុមសិស្សដែលតវ៉ានៅរាជធានីភ្នំពេញ ក៏ថ្លែងទាំងហួសចិត្តផងដែរថា ពួកគេធ្វើបានយ៉ាងល្អនៅពេលប្រឡងប៉ុន្តែបែរជាធ្លាក់ទៅវិញ។ ការធ្លាក់មុខវិជ្ជាគណិតវិទ្យា បានធ្វើពួកគេជួបបញ្ហាយ៉ាងខ្លាំងនៅពេលដាក់ពាក្យសុំអាហារូបករណ៍ ពីព្រោះជាទូទៅ មហាវិទ្យាល័យនានា តម្រូវឲ្យមាននិទ្ទេសល្អ លើមុខវិជ្ជាមេនេះ។
សម្ពាធធ្លាក់ទៅលើក្រសួងអប់រំ យុវជន និងកីឡា ប៉ុន្តែលោក រស់ សាលីន អ្នកនាំពាក្យក្រសួង មិនបានលើកទូរសព្ទឆ្លើយតបអ្នកសារព័ត៌មាន ជុំវិញចំណាត់ការរបស់ក្រសួងនោះឡើយ។ បើតាមការផ្សាយរបស់កាសែតកោះសន្តិភាព លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ថា លោកនឹងដោះស្រាយលើករណីនេះ។
Tag:
បាក់ឌុប
គណិតវិទ្យា
កំពត
© រក្សាសិទ្ធិដោយ thmeythmey.com