ជាតិ
សម្តេច ស ខេង ព្រមានចៅហ្វាយខេត្តមណ្ឌលគិរី ពីរឿងបញ្ហាព្រៃឈើ
× ភ្នំពេញ៖ ក្រោយបានឃើញរូបភាពដែលឈ្មួញដឹកឈើទាំងឡានៗ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបញ្ចេញអារម្មណ៍មិនសប្បាយចិត្តនឹងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឃើញទិដ្ឋភាពនៃការដឹកឈើនៅខេត្តមណ្ឌលគីរីនេះ តាមប្រព័ន្ធផ្តាយរណប ដែលត្រូវបានបង្ហោះលើអាកាស។
សម្តេច ស ខេង អះអាងថា ទោះជាឈ្មួញ ដឹកឈើចេញតាមច្រកឬចេញពីទីណាក៏ដោយ ក៏មិនអាចលាក់ជិតដែរ។ បន្ទាប់មក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តាំទៅអភិបាលខេត្តមណ្ឌលគិរី ឲ្យពិនិត្យមើល និងដោះស្រាយបញ្ហានេះឲ្យបាន បើពុំដូច្នេះថា អាចនឹងមានរឿងដល់ខ្លួនជាខាន។
ការព្រមានធ្ងន់ៗនេះ គឺធ្វើចេញពីខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ពេលសម្តេច ស ខេង ក្នុងនាមជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ទៅចូលរួមប្រជុំស្តីពីការបូកសរុបលទ្ធផលបោះឆ្នោតនីតិកាលទី៦។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រើសម្តីខ្លាំងៗ បែបនេះថា៖«ឥឡូវ សុំផ្តាំទៅអភិបាលខេត្តមណ្ឌលគីរី សុំឲ្យមើល ហើយដោះស្រាយវា។ បើមិនមើលទេ ចៅហ្វាយខេត្តហ្នឹង ក៏មានរឿងដែរ»។
សម្តេច ស ខេង បញ្ជាក់ថា ការពារព្រៃឈើ និងធនធានធម្មជាតិផ្សេងទៀត គឺជាកាតព្វកិច្ចរបស់ដ្ឋាភិបាលទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ៕
Tag:
ព្រៃឈើ
ស ខេង
ស្វាយ សំអ៊ាង
© រក្សាសិទ្ធិដោយ thmeythmey.com