ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ្មាន​អ្នក​ជំនួស​? មួយឆ្នាំ​ក្រោយ​ការរំលាយ CNRP
16, Nov 2018 , 5:05 pm        
រូបភាព
រូបពី AFP
រូបពី AFP
​ថ្ងៃនេះ កាលពី​ឆ្នាំមុន តុលាការ​កំពូល បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល ដោយមាន​ក្រសួងមហាផ្ទៃ ជាដើម​បណ្តឹង​។ មេដឹកនាំ​១១៨​រូប​នៃ​គណបក្ស​នេះ ត្រូវបាន​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។ ក្រោយ​អវត្តមាន គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​ន​យោ​យ​បាយ ដោយ​មិនមាន​គូប្រជែង​ពិតប្រាកដ​។​

 
 
​មួយឆ្នាំ​ហើយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​គេ​ចាត់ទុកថា បាន​បាត់​បង់ជីវិត ប៉ុន្តែ​ពួកគេ​នៅតែមាន​ស្រមោល​ជា​គណបក្សប្រឆាំង​ដដែល​។ 
 
​រយៈពេល​មួយឆ្នាំ​មកនេះ គេ ពុំទាន់​ឃើញ​គណបក្ស​ណាមួយ ដែលមាន​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​ធ្វើជា​គណបក្សប្រឆាំង ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។ ជា​ញឹកញាប់ មេដឹកនាំ​កំពូល​និង​មន្ត្រី​គណបក្សកាន់អំណាច តែង​ប្រតិកម្ម​នឹង​អតីត​គណបក្សប្រឆាំង ដែល​បញ្ជាក់ថា​គណបក្ស​នេះ នៅតែមាន​ឥទ្ធិពល​លើ​នយោបាយ​កម្ពុជា​។​
 
​នៅមុន​ការរំលាយ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​អាសនៈ​៥៥​ក្នុង​រដ្ឋសភា និង​ទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ប្រមាណ​ជា​៥​ពាន់ ដែល​ស្ទើរតែ​ប្រហាក់ប្រហែល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​។ តែ​ក្រោយ​បាត់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំងអស់​តែម្តង សម្រាប់​ការបោះឆ្នោត​២០១៨​។ 
 
​មាន​មូលហេតុ​មួយចំនួន ដែល​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ត្រូវបាន​គេ ចាត់ទុកជា​ក្រុមប្រឆាំង ដោយ​មិនទាន់មាន​គណបក្ស​ផ្សេង មក​ជំនួស​។  
 
​កេរ្តិ៍ឈ្មោះ​មេដឹកនាំ​

​វា​ជា​គុណសម្បត្តិ​មួយ​សម្រាប់​លោក សម រង្ស៊ី និង លោក កឹម សុខា ដែល​បាន​ប្រឡូក និង​តស៊ូ​ក្នុង​ជីវិត​នយោបាយ​តាំងពី​យូរ​មក​។ បច្ចុប្បន្ន អ្នកណា​ក៏​ស្គាល់​លោក សម រង្ស៊ី និង លោក កឹម សុខា ដែរ  ហើយ​អ្នកនយោបាយ​ទាំងពីរ​រូបនេះ ត្រូវបាន​គេ​សន្មត​ថា ជា​មេ​ប្រឆាំង​នៅ​កម្ពុជា​។ 
 
​ការមិន​ព្រមទៅ​ចុះចូល​ជាមួយ​គេ  

​ទោះជា​បាត់បង់​អ្វីៗ​ស្ទើរ​គ្រប់យ៉ាង​ក៏ដោយ ក៏ប៉ុន្តែ​ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្សប្រឆាំង នៅតែ​បង្ហាញ​ភាព​ស្មោះស្ម័គ្រ​ជាមួយគ្នា និង​នៅតែ​រក្សា​ជំហរ​របស់ខ្លួន​។ មាន​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់ នៃ​អតីត​គណបក្សប្រឆាំង​តិចតួច​ប៉ុណ្ណោះ ដែល​បាន​ផ្តាច់ខ្លួន ទៅ​រួមរស់​ជាមួយ​គណបក្សកាន់អំណាច​។​
 
​ចំណែក មន្ត្រី​ថ្នាក់ក្រោម មានដូចជា សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កា​ត់របស់​អតីត​គណបក្ស ដែល​ត្រូវបាន​ដកហូត​តំណែង ក៏មាន​មិន​ច្រើន​ដែរ ដែល​បាន​ទៅ​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច​។ 
 
​លោក សម រង្ស៊ី នៅតែ​ប្រកាសថា លោក និង លោក កឹម សុខា ជា​មនុស្ស​តែមួយ​។  យ៉ាងណាក៏ដោយ ថ្មីៗ​នេះ មាន​ភាព​រកាំរ​កូ​សតិ​ច​តួច​បាន​កើតឡើង​ក្នុង​អតីត​គណបក្សប្រឆាំង ក្រោយពី​លោក សម រង្ស៊ី យក​លោក កឹម សុខា ទៅធ្វើជា​ល្បែងភ្នាល់​ជាមួយ​ប្រធាន​គណបក្សកាន់អំណាច​។ 
 
​អ្នកគាំទ្រ មិនទាន់​អស់ជំនឿ​

​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដក់អារម្មណ៍​ទៅហើយ ថា​លោក សម រង្ស៊ី និង លោក កឹម សុខា គឺជា​មេគណបក្ស​ប្រឆាំង​។ ពួកគេ ពិបាក​នឹង​ជឿ​ណាស់​ថា មាន​អ្នកណា​ផ្សេង​ក្រៅពី​លោក សម រង្ស៊ី និង លោក កឹម សុខា ដែល​ហ៊ាន​ប្តូរផ្តាច់​ពិតប្រាកដ​ក្នុងការ​ប្រឆាំង​ជាមួយនឹង​គណបក្សកាន់អំណាច ដើម្បី​ការផ្លាស់ប្តូរ​។ 
 
ការ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ 

​ដ្បិត​មានឈ្មោះ​ជា​ទណ្ឌិត និង​មិនអាច​ចូល​ស្រុក​ក្តី តែ​លោក សម រង្ស៊ី នៅតែមាន​មុខមាត់​នៅលើ​ឆាក​អន្តរជាតិ​។ ចំណែក​លោក កឹម សុខា នៅតែ​ស្ថិតក្នុង​ការយកចិត្ត​ទុក​ពី​សហគមន៍​អន្តរជាតិ​។ មកដល់ពេលនេះ សហគមន៍​អន្តរជាតិ នៅតែ​ជំរុញ​តុលាការ និង​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ផ្តល់​សេរីភាព​ពេញលេញ​ជូន​លោក កឹម សុខា​។  
 
​ថ្វី​ដ្បិត​នៅ​កម្ពុជា មាន​គណបក្ស​ច្រើនក្តី តែ​មានតែ​អតីត​គណបក្ស​ស​ង្គោះ​ជាតិ​ទេ ដែល​ធ្វើការ​ផ្នែក​ការទូត​ច្រើន​និង​ជិតស្និទ្ធ​ជាមួយ​សហគមន៍​អន្តរជាតិ ទោះជា​គណបក្ស​នេះ ត្រូវបាន​រំលាយចោល​ហើយក៏​ដោយ​។ 
 
​និយាយ​ទៅ គណបក្សប្រឆាំង និង​មេដឹកនាំ​នៃ​គណបក្ស​នេះ នៅតែ​ត្រូវ​សហគមន៍​អន្តរជាតិ​មួយចំនួន ទទួលស្គាល់​ដដែល​។ ឯ​គណបក្ស​ដទៃ មិនសូវ​ស្ថិតក្នុង​ក្រសែភ្នែក​របស់​សហគម​ន៍​អន្តរជាតិ​ឡើយ​។
 
​សារព័ត៌មាន នៅតែ​ចាប់អារម្មណ៍​

​រឿង​របស់​អតីត​គណបក្សប្រឆាំង នៅតែ​ត្រូវបាន​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ តាមដាន និង​យកទៅ​ចុះផ្សាយ​ស្ទើរតែ​មិន​ដាច់​។ នេះ​ក៏​ព្រោះតែ​សារព័ត៌មាន យល់ថា ប្រជាពលរដ្ឋ​កម្ពុជា នៅតែ​ចង់ដឹង​ចង់​ឮ​ពី​អតីត​គណបក្សប្រឆាំង​។ ឲ្យ​តែ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ មិនសូវ​ជា​បាត់​ពី​អត្ថបទ​សារព័ត៌មាន​ឡើយ​។   
 
​ចុះ​គណបក្ស​ផ្សេងទៀត​?

​មិនមែន​ដោយសារតែ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មានគុណ​សម្បត្តិ​ខាងលើ ទើប​បាំង​ផ្លូវ​គណបក្ស​ដទៃ មិន​ឲ្យ​ក្លាយជា​គណបក្សប្រឆាំង​នោះទេ​។ អាច​ថា​មកពី​គណបក្ស​ទាំងនោះ មិនទាន់មាន​គុណសម្បត្តិ​ខ្លួនឯង ដើម្បី​នឹង​ក្លាយជា​គណបក្សប្រឆាំង​។ 
 
​ថ្នាក់ដឹកនាំ រួមទាំង​មន្ត្រី​ក្នុង​គណបក្ស​ផ្សេងទៀត ក៏មាន​សកម្មភាព​ផងដែរ ប៉ុន្តែ​មិនមាន​សន្ទុះ​ដូច​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ​។ គណបក្ស​ខ្លះ​មិនទាន់​រៀបចំខ្លួន​ចូល​បម្រើ​នយោបាយ​ឡើយ រីឯ​គណបក្ស​ខ្លះទៀត ចេះតែ​មានរឿង​ផ្ទៃក្នុង​មិនចេះចប់​។ 
 
​យ៉ាងណាក៏ដោយ គណបក្ស​ខ្លះ បានបង្ហាញ​ពី​ការ​ខំប្រឹងប្រែង​របស់ខ្លួន​ផងដែរ ក្នុង​សមាស​ភាពជា​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​របស់​រដ្ឋាភិបាល ប៉ុន្តែ​មិនទាន់មាន​ភាពលេច​ធ្លោ​ខ្លាំងក្លា​នោះទេ​។​
 
​ទៅ​ថ្ងៃមុខ ក៏​គេ​មិន​ប្រាកដថា មាន​គណបក្ស​ផ្សេង អាចមាន​លទ្ធភាព​ក្លាយជា​គណបក្សប្រឆាំង ជំនួស​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។ ប្រហែលជា​ក្រុមមនុស្ស​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​វិល​មក​ធ្វើជា​អ្នកប្រឆាំង​វិញ​។ 
 
​លោក សម រង្ស៊ី តែងតែ​លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រស់​ឡើងវិញ​។ តែ​សម្តេច ហ៊ុន សែន ក៏​ឆ្លើយតប​មិនតិច​ដង​ដែរ​ថា ខ្មោច​ដែល​ស្លាប់​ហើយ មិនអាច​រស់​ឡើងវិញ​ជាដាច់ខាត​។  
 
​បើ​គណបក្ស​សង្គ្រោះ​ជាតិ ពិតជា​មិន​រស់​ឡើងវិញ​មែន ក៏​ថ្នាក់ដឹកនាំ​ទាំង​១១៨​នាក់​នៃ​គណបក្ស​នេះ (​ស្លាប់​ម្នាក់ គឺ​លោក ជាម ច័ន្ទនី​) ដែល​ត្រូវបាន​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ នៅតែមាន​ច្រក​អាច​ត្រឡប់​មកកាន់​ឆាកនយោបាយ​នៅ​កម្ពុជា​សាជាថ្មី​។  ច្រក​នោះ​គឺ ពួកគេ ត្រូវ​រង់ចាំ​ឲ្យ​ផុត​បម្រាម​រយៈពេល​៥​ឆ្នាំ ដែល​តុលា​ការកំណត់​។​
 
​បច្ចុប្បន្ន ក្រោយ​មរណភាព​របស់​លោក ជាម ច័ន្ទនី ថ្នាក់ដឹកនាំ​ដែល​ជាប់​បម្រាម​នៅសល់​១១៧​នាក់ ហើយ​រយៈពេល​ចុងក្រោយ​នេះ គេ​មើលឃើញ​ភាព​រកាំរកូស​មួយចំនួន​រវាង​លោក គង់ គាំ និង​លោក សម រង្ស៊ី​។ ដូច្នេះ គេ​មិនទាន់​ដឹងថា តើ​សង្គ្រោះ​ជាតិ​នៅ​បន្ត​ជា​ស្រមោល​ប្រឆាំង ឬ​អាច​រស់​ឡើងវិញ​យ៉ាងណា​នោះឡើយ​៕ 
 

Tag:
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com