ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេបក្ស​កាន់អំណាច ប្រាប់​អ្នកប្រឆាំង​ថា បើ​មិន​សុំ​សិទ្ធិ​នយោបាយ នឹង​ខាន​បោះឆ្នោត​ឃុំ​-​សង្កាត់​
26, Dec 2018 , 4:11 pm        
រូបភាព
សម្តេច ហ៊ុន សែន​ ចាប់ដៃលោក សុន ឆ័យ កាលពីឆ្នាំ២០១៤
សម្តេច ហ៊ុន សែន​ ចាប់ដៃលោក សុន ឆ័យ កាលពីឆ្នាំ២០១៤
​ប្រធាន​គណបក្សកាន់អំណាច ប្រាប់​ក្រុម​អ្នកប្រឆាំង​ថា បើ​សុំ​សិទ្ធិ​នយោបាយ​វិញ ពួកគេ នឹង​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ឃុំ​-​សង្កាត់​នៅ​អាណត្តិ​ថ្មី តែបើ​មិន​សុំ ពួកគេ នឹង​ខកខាន​។ ថ្នាក់ដឹកនាំ​ម្នាក់​នៃ​អតីត​គណបក្សប្រឆាំង ប្រកាសថា មិន​សុខចិត្ត​ទៅសុំ​សិទ្ធិ​នយោបាយ​ពី​រដ្ឋាភិបាល​នោះទេ បើទោះជា​ត្រូវ​ខកខាន​ការបោះឆ្នោត​ក៏ដោយ​។


 
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ម្តងទៀត​ពី​រឿង​សុំ​សិទ្ធិ​ចូលធ្វើ​នយោបាយ​វិញ​របស់​ថ្នាក់ដឹកនាំ​ជាង​១០០​នាក់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​ហាមឃាត់​។ នាយករដ្ឋមន្ត្រី បានផ្តល់​ជា​ជម្រើស​ថា  សុំ​ឬ​មិន​សុំ គឺជា​សិទ្ធិ​របស់​ពួកគេ ដោយ​គ្មាន​នរណា បង្ខិតបង្ខំ​ឡើយ​។ 
 
​តែ​យ៉ាងណា ប្រធាន​គណបក្សកាន់អំណាច ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល បាន​ព្យាយាម​ពន្យល់​ក្រុម​អ្នកប្រឆាំង​ពី​ផលចំណេញ បើ​ពួកគេ សុំ​សិទ្ធិ​នយោបាយ​វិញ និង​ការខាតបង់ បើ​ពួកគេ មិន​ព្រម​សុំ​។ ប្រមុខ​រដ្ឋាភិបាល បានឲ្យយោបល់ថា បើ​សុំ ពួកគេ នឹង​អាចធ្វើ​សកម្មភាព​នយោបាយ​វិញ ហើយនឹង​មានឱកាស​រៀ​ប​ចំ​កម្លាំង ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នៅ​អាណត្តិ​ទី​៥ តែបើ​មិន​សុំ​ទេ ពួកគេ មិនអាច​ចូលរួម​ឡើយ​។ ​

នាយករដ្ឋមន្ត្រី បន្ថែមថា ពួកគេ មិន​ត្រឹមតែ​មិនអាច​ចូលរួម​ក្នុងការ​បោះឆ្នោត​នោះទេ តែ​សូម្បី​ធ្វើ​សកម្មភាព​នយោបាយ ក៏​មិន​បានដែរ​។ មេដឹកនាំ​រូបនេះ ព្រមាន​ថា ពួកគេ អាច​នឹង​មានទោស​ថែមទៀត ប្រសិនបើ ហ៊ាន​ធ្វើ​សកម្មភាព​នយោបាយ ទាំង​ដែល​ពួកគេ ត្រូវបាន​ហាមឃាត់​។ 
 
​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី ក្នុង​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨​នេះ ប្រធាន​គណបក្សកាន់អំណាច បាន​ផ្ញើ​សារ​ទៅ​ក្រុម​អ្នកប្រឆាំង​យ៉ាង​ដូច្នេះ​ថា​៖«​ចំណេញ​ឬ​ខាត អ្នក​គិត​មើលទៅ​។ ខ្ញុំ អត់​បង្ខំ​អ្នក​ទេ​»​។​   


នាយករដ្ឋមន្ត្រី ឡើងថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨
 
​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នៅ​អាណត្តិ​ទី​៥ ដែលជា​អាណត្តិ​ថ្មី នឹង​ប្រព្រឹត្តទៅ​ក្នុងអំឡុង​ខែឧសភា​ឬក៏​ខែមិថុនា ឆ្នាំ​២០២២​។ ឯ​ពេលវេលា​ដែល​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្សប្រឆាំង ត្រូវ​រួច​ផុតពី​បម្រាម​របស់​តុលាការ​កំពូល គឺ​នៅក្នុង​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២២​។ 
 
​សម្តេច ហ៊ុន សែន បាន​រម្លឹកថា បើ​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្សប្រឆាំង ចង់បាន​សិទ្ធិ​នយោបាយ​វិញ ពួកគេ ត្រូវធ្វើ​សំណើ​ជា​លក្ខណៈ​បុគ្គល​។ មេដឹកនាំ​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​មិនមែន​ច្បាប់​នេះ​ចេញ​ហើយ ពួកគេ រួចខ្លួន​ដោយ​ស្វ័យប្រវត្តិ​ទេ​។ អ្នកឯង​ត្រូវសុំ​ម្នាក់​ម្តង មិនមែនជា​កញ្ចប់​ទេ​»​។ 
 
​មុននឹង​បញ្ចប់​ការនិយាយ​រឿង​អតីត​គណបក្សប្រឆាំង ប្រធាន​គណបក្សកាន់អំណាច ឆ្លៀត​បង្ហើប​ថា មាន​អ្នកប្រឆាំង​ខ្លះ លួច​ផ្តល់ព័ត៌មាន​ផ្ទៃក្នុង​ឲ្យ​ខ្លួន​។ ប្រធាន​គណបក្សកាន់អំណាច បានលើកឡើង​បែបនេះ​ថា​៖«​ខ្ញុំ​បានដឹងថា អ្នកណា​នឹង​មក [​សុំ​សិទ្ធិ​នយោបាយ​] ហើយ​អ្នកណា ​នឹងមិន​មក​។ អ្នកខ្លះ មិន​មក ដោយសារ​យើង​ចង់ទុក​នៅ​នុ៎ង​ដែរ និយាយ​ឲ្យ​ចំៗ​តែម្តងទៅ​។ បើ​មក គឺ​វា​បែក  បើ​មិន​មក គឺ​សាមគ្គី​នៅ​ទី​នុ៎ះ តែ​ព័ត៌មាន ផ្ញើ​ឲ្យ​យើង​រាល់ពេល​។ អាហ្នឹង ក៏​ល្អ​ដែរ​។ ឥឡូវនេះ មិនដឹង​អ្នក​ទុកចិត្ត​អ្នកណា​ទេ​»​។​
 
​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​ប្រធាន​គណបក្សកាន់អំណាច លោក អ៊ូ ច័ន្ទ​រ័ត្ន ដែល​ធ្លាប់ជា​តំណាងរាស្ត្រ​និង​ជា​ថ្នាក់ដឹកនាំ​ម្នាក់​នៃ​អតីត​គណបក្សប្រឆាំង បាន​អះអាងថា លោក នៅតែ​រក្សា​ជំហរ​ដូច​មុន គឺ​មិន​ធ្វើសំណើ​ទៅ​រដ្ឋាភិបាល ដើម្បី​សុំ​សិទ្ធិ​នយោបាយ​នោះទេ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា លោក នឹងមិន​សោកស្តាយ​ឡើយ បើទោះបីជា​មិនបាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ក៏ដោយ​។​
 
​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្សប្រឆាំង ដែល​កំពុង​រស់នៅក្នុង​ស្រុក​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​បើ​យើង ស្នើសុំ​ជា​លក្ខណៈ​បុគ្គល ទោះបីជា​យើង​បាន​សិទ្ធិ​នយោបាយ​វិញ ក៏​យើង​អត់​មានលទ្ធភាព​ធ្វើ​នយោបាយ​ដែរ​។ អ៊ីចឹង វា អត់​ប្រយោជន៍​ដដែល​ហ្នឹង ហើយ​ជាពិសេស អាចធ្វើ​ឲ្យ​អ្នកគាំទ្រ ជេរប្រមាថ និង បាត់បង់​ទំនុកចិត្ត​ចំពោះ​យើង​»​។ 
 
​អ្វីដែល​លោក អ៊ូ ច័ន្ទ​រ័ត្ន ចង់បាន គឺ​ផ្តល់​សិទ្ធិ​នយោបាយ​ជា​កញ្ចប់​ក្នុងពេល​តែមួយ ដល់​ថ្នាក់ដឹកនាំ​ទាំង​អស់នៃ​អតីត​គណបក្សប្រឆាំង ដោយ​រួមទាំង​លោក កឹម សុខា ផងដែរ​។ លោក សង្កត់ធ្ងន់ថា បើ​តុលាការ​ឬ​រដ្ឋាភិបាល យល់ព្រម​ធ្វើ​ដូច្នេះ លោក និង​អ្នក​ផ្សេងទៀត នឹង​ទទួលយក​សិទ្ធិ​នយោបាយ​វិញ ទោះជា​ត្រូវ​ធ្វើតាម​នីតិវិធី​បែបណាក៏ដោយ​។

​លោក សម រង្ស៊ី បាន​អំពាវនាវ​កុំឲ្យ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង បន្ទាបខ្លួន​ទៅសុំ​សិទ្ធិ​នយោបាយ​ពី​រដ្ឋាភិបាល​។ លោក ស្នើ​ឲ្យ​អ្នក​ទាំងនោះ បន្ត​រួមគ្នា ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជាមុនសិន ហើយ​បន្ទាប់មក ចាំ​គិតគូរ​ពី​ដំណោះស្រាយ​ផ្សេងទៀត​។

​មកដល់ពេលនេះ ក្នុងចំណោម​ថ្នាក់ដឹកនាំ​ទាំង​អស់នៃ​អតីត​គណបក្សប្រឆាំង មានតែ​ពីរ​នាក់​ប៉ុណ្ណោះ គឺ​លោក គង់ គាំ និង​កូនប្រុស​របស់លោក គឺ​លោក គង់ បូរ៉ា ដែល​បានប្រកាសថា នឹងធ្វើ​សំណើ​ដើម្បី​សុំ​សិទ្ធិ​នយោបាយ​វិញ នៅពេល​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបានធ្វើ​វិសោធនកម្ម​រួច​។​
 
​សំណើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​ឆ្លងកាត់​ការយល់ព្រម​ពី​រដ្ឋសភា​និង​ព្រឹទ្ធសភា​ហើយ​។ បច្ចុប្បន្ន សំណើ​នេះ កំពុងស្ថិត​ក្នុង​ដៃ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​។ បន្ទាប់ពី​ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ​និង​អនុម័ត សំណើ​នេះ នឹងត្រូវ​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ ចេញ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​។ 
 
​មាត្រា​៤៥​ថ្មី (​ស្ទួន​) បាន​ចែងថា តុលាការ​កំពូល អាចរំលាយ​គណបក្ស​ណាមួយ​បាន ហើយក៏​អាចដាក់​បម្រាម​លើ​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​នោះ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ផងដែរ​។ ប៉ុន្តែ មាត្រា​៤៥​ថ្មី (​ស្ទួន​១) ដែល​នឹង​ក្លាយ​មកពី​មាត្រា​៤៥​ថ្មី (​ស្ទួន​) តាម​រយៈការ​ធ្វើ​វិសោធនកម្ម បានផ្តល់​សិទ្ធិ​ឲ្យ​នាយករដ្ឋមន្ត្រី ក្នុងការ​ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ ចេញ​ព្រះរាជក្រឹត្យ​អនុញ្ញាត​ឲ្យ​អ្នក​ជាប់​បម្រាម​ទាំងនោះ បាន​ចូលធ្វើ​នយោបាយ​វិញ មុន​កាលកំណត់​របស់​តុលាការ​កំពូល​៕  
 

Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់​
  ហ៊ុន សែន​
  អ៊ូ ច័ន្ទ​រ័ត្ន​
  បក្សប្រឆាំង
© រក្សាសិទ្ធិដោយ thmeythmey.com