ក្រុមមេធាវី បានដាក់សំណើជាថ្មី ទៅកាន់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឲ្យទម្លាក់បទចោទចេញពីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ នេះបើតាមលោក ផែង ហេង មេធាវីម្នាក់របស់លោក កឹម សុខា។
ក្រុមមេធាវី យល់ថា ការស៊ើបអង្កេតលើសំណុំរឿងរបស់លោក កឹម សុខា មានរយៈពេលជាងមួយឆ្នាំហើយ ដែលគួរតែបញ្ចប់។ ម្យ៉ាងទៀត រហូតមកដល់ពេលនេះ ក៏មិនទាន់ឃើញភស្តុតាងណាមួយ ដែលអាចដាក់បន្ទុកលើលោក កឹម សុខា ដូចការចោទប្រកាន់ដែរ។
លោក ផែង ហេង បានប្រាប់សារព័ត៌មានថ្មីតាមទូរសព្ទ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះថា៖«វាអត់ឃើញមានជនបរទេសណា ដែលត្រូវរ៉ូវ ឬគប់គិតជាមួយលោក កឹម សុខា ដើម្បីផ្តូលរំលំរដ្ឋាភិបាលទេ»។
កន្លងមក ក្រុមមេធាវី ធ្លាប់ដាក់សំណើបែបនេះពីរដងរួចមកហើយ ប៉ុន្តែមិនដែលទទួលបានដំណឹងអ្វីពីចៅក្រមស៊ើបសួរឡើយ។
លោក សម រង្ស៊ី និងក្រុមអ្នកប្រឆាំង ដោយរួមទាំងសហគមន៍អន្តរជាតិខ្លះទៀត បានព្យាយាមជាដដែល ក្នុងការទាមទារឲ្យទម្លាក់បទចោទ និងផ្តល់សេរីភាពឲ្យបានពេញលេញជូនលោក កឹម សុខា។ លោក កឹម សុខា រងការចោទប្រកាន់ថា លោក លួចសហការជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
បច្ចុប្បន្ន សំណុំរឿងរបស់លោក កឹម សុខា កំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរ ដោយមិនទាន់សម្រេចយ៉ាងណានោះទេ។ មេធាវីរបស់លោក កឹម សុខា ធ្លាប់លើកឡើងថា ចៅក្រមស៊ើបសួរ នៅតែបន្តស៊ើបសួរនិងរកភស្តុតាងបន្ថែម។
មកដល់ពេលនេះ សំណុំរឿងរបស់លោក កឹម សុខា អូសបន្លាយអស់រយៈពេលជិតមួយឆ្នាំកន្លះហើយ។ លោក ត្រូវបាន សមត្ថកិច្ច ចូលទៅចាប់ខ្លួនដល់ផ្ទះ កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
ជាប់ឃុំក្នុងពន្ធនាគារ បានមួយឆ្នាំ ពោលគឺស្ថិតក្នុងខែកញ្ញា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរ ក៏សម្រេចឲ្យលោក កឹម សុខា រស់នៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោមហេតុផលថា គិតគូពីសុខភាពរបស់លោក។ ប៉ុន្តែ ចៅក្រមស៊ើបសួរ បានដាក់បម្រាមយ៉ាងតឹងរឹង ដោយមិនអនុញ្ញាតឲ្យលោក ទៅណាឆ្ងាយពីផ្ទះឡើយ ហើយមិនឲ្យជួបជនបរទេស ដែលពាក់ព័ន្ធនឹងសំណុំរឿង រួមទាំងអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិផងដែរ។
ក្រុមអ្នកប្រឆាំង មិនចាត់ទុកថា លោក កឹម សុខា នៅក្រៅឃុំនោះទេ។ ពួកគេ យល់ថា ចៅក្រមស៊ើបសួរ គ្រាន់តែប្តូរពីការឃុំលោក កឹម សុខា ក្នុងពន្ធនាគារ ទៅជាការឃុំក្នុងផ្ទះប៉ុណ្ណោះ៕