ជាតិ
សេដ្ឋកិច្ច
សមាជិក​ព្រឹទ្ធសភា​អាមេរិក​សើរើ​ការអនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា តែ​មន្ត្រី​មិន​បារម្ភ​ឡើយ​
11, Jan 2019 , 2:50 pm        
រូបភាព
លោក Ted Cruz សមាជិកព្រឹទ្ធសភាអាមេរិក
លោក Ted Cruz សមាជិកព្រឹទ្ធសភាអាមេរិក


​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពីររូប គឺ លោក Ted Cruz និង លោក Chris Coons បាន​ផ្តើមគំនិត​ធ្វើ​សេចក្តីស្នើច្បាប់​មួយ​ស្តីពី​«​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩» ​។ គោលបំណង​នៃ​ការធ្វើ​ច្បាប់​នេះ គឺ​ដើម្បី​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក ពិនិត្យឡើងវិញ​លើ​ការអនុគ្រោះ​ពន្ធ​នៃ​ការ​នាំចូល​ទំនិញ​ពី​កម្ពុជា តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ ដែល​ហៅថា General System Preference (GSP)​។
 
​មូលហេតុ​ដែល​ជំរុញ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំងពីរ សម្រេច​ធ្វើ​ច្បាប់​នេះ​ឡើង គឺ​ដោយសារតែ​ពួកលោក មិន​ពេញ​ចិត្តនឹង​ទង្វើ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​។ លោក Ted Cruz ដែល​ធ្លាប់​ឈរឈ្មោះ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​អាមេរិក និង​តែង​វាយប្រហារ​រដ្ឋាភិបាល​ក​ម្ពុ​ជា​បាន​និយាយថា អាមេរិក​បាន​វិនិយោគ​លើ​អនាគត​នយោបាយ​កម្ពុជា ដោយ​បង្កើត​ពាណិជ្ជកម្ម​ដែល​អាច​ជឿ​ទុកចិត្តបាន ក្នុង​ក្របខ័ណ្ឌ​ប្រព័ន្ធ​អនុគ្រោះ GSP​។ លោក​បាន​ចោទ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ថា​បាន​កេង​យក​ប្រយោជន៍​ពី​ការអនុគ្រោះ​ពន្ធ​នេះ ដែល​ផ្តល់​ដោយ​អាមេរិក និង​សហភាព​អឺរ៉ុប​។​
 
​សមាជិក​ព្រឹទ្ធសភា​អាមេរិក​រូបនេះ បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​គាត់​ [​សម្តេច ហ៊ុន សែន​] បាន​បរាជ័យ​ក្នុងការ​បំពេញ​តាម​ស្តង់ដារ​នៃ​សិទ្ធិ​ការងារ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុចរិត​ភាព​នៃ​ការបោះឆ្នោត ហើយ​ថែមទាំង​ទោរទន់​ទៅរក​ចិន​ទៀតផង​។ ច្បាប់​នេះ​មាន​គោលបំណង​ធ្វើ​ឲ្យ​គាត់ និង​រដ្ឋាភិបាល​របស់​គាត់​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ទង្វើ​នោះ ហើយ​ពង្រឹង​ជំហរ​ឡើងវិញ​ដែល​សហភាព​អឺរ៉ុប​ជា​ដៃគូ​របស់​យើង​កំពុងតែ​ធ្វើ​»​។​
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ដូចជា​មិន​បារម្ភ​អ្វី​ឡើយ​ចំពោះ​សេចក្តីស្នើច្បាប់​នេះ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ លោក​ឆ្លើយតប​ថា បើទោះបីជា​ព្រឹទ្ធសភា​អាមេរិក អនុម័ត​សេចក្តីស្នើច្បាប់​នេះ​ក៏ដោយ ក៏​រដ្ឋបាល​របស់លោក ត្រាំ មិន​យកទៅអនុវត្ត​ដែរ​។ 
 
​អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ឃើញ​ពួកគាត់ ដូចជា​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​កម្ពុជា​ហ្នឹង​ច្រើនដង​ហើយ តែ​ដូចជា​មិនឃើញ​មាន​ប្រយោជន៍​អ្វី​ផង​។ ធ្វើ​ច្បាប់​ហ្នឹង គ្រាន់តែ​ជាការ​បំភ័យ​ទេ​»​។ 
 
​ចំណែក​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក​ហ៊ាន​សន្និដ្ឋានថា ការស្នើច្បាប់​របស់​សមា​ជិ​ក​ព្រឹទ្ធសភា​អាមេរិក​នឹងមិន​អាចទៅរួច​នោះទេ​។ បន្ទាប់មក លោក​ក៏​ច្រានចោល​ការចោទប្រកាន់រ​បស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដែលថា កម្ពុជា​រំលោភសិទ្ធិ​មនុស្ស មិន​គោរព​សិទ្ធិ​ការងារ និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​។  
 
​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​កាន់អំណាច បាន​សរសេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​យ៉ាង​ដូច្នេះ​ថា​៖«​ការចោទប្រកាន់​នេះ មាន​ចរិត​នយោបាយ និង​ផ្ទុយ​ពី​ការពិត មិនអាច​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ជឿ​តាម​និង​សម្រេច​តាម​នោះទេ​។ ដូច្នេះ​ចេតនា​ចង់​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្សេងៗ​ដោយ​អាមេរិក នឹង​មិនអាច​បានសម្រេច​ផល​ឡើយ​»​។​

រីឯ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មើលឃើញថា ផលប៉ះពាល់ មិនធ្ងន់ធ្ងរនោះទេ បើអាមេរិក ដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ លោក ប្រាប់សារព័ត៌មានថ្មីថា៖«ប៉ះពាល់ វា តែងតែមានហើយ តែតិចតួចទេ។ អាមេរិក ឲ្យយើងនាំទំនិញចូលប្រមាណ៦ពាន់មុខ ដោយមិនយកពន្ធមែន តែក្នុងនោះ មានទំនិញប្រមាណ៩៧ភាគរយ គឺយើងអត់សូវបាននាំចូលទេ»។ 
 
​អ្នកជំនាញ​សេដ្ឋកិច្ច មានការ​ពិចារណា​ខុសពី​អ្នកនយោបាយ​។ លោក ចាន់ សុផល អ្នកជំនាញ​សេដ្ឋកិច្ច នៅតែ​បារម្ភ​ដោយ​ខ្លាចក្រែង​ច្បាប់​នេះ​ត្រូវបាន​អនុម័ត​មែន​។ លោក​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​បែបនេះ​ថា​៖«​បើ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទាំងមូល វា​មិន​ប៉ះពាល់​ទេ​។ តែបើ​ថា​ប៉ះពាល់​បែប​ជាក់លាក់​ណាមួយ​នោះ គឺ​វា​ប៉ះពាល់​ហើយ​»​។ 
 
​លោក​បាន​ពន្យល់ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP បាន​អនុគ្រោះ​ការយកពន្ធ​ពី​ប្រទេស​ក្រីក្រ លើ​ការ​នាំចូល​ទំនិញ និង​ផលិតផល​រាប់ពាន់​មុខ​ឯណោះ ទៅកាន់​ទីផ្សារ​អាមេរិក​។ ប៉ុន្តែ លោក​អះអាងថា កម្ពុជា​ពុំមាន​ទំនិញ និង​ផលិតផល​ច្រើន​មុខ​បែបនេះ​នាំចូល​ទៅ​ទីផ្សារ​មេ​រិ​ក​នោះទេ​។

លោក​បន្តថា ជាទូទៅ កម្ពុជា​នាំចូល​តែ​ផលិតផល​សម្រាប់​ធ្វើដំណើ​រ (Travel Goods) ប៉ុណ្ណោះ ជាពិសេស វ៉ា​លី និង កាបូប និង​អាចមាន​ផលិតផល​ផ្សេង ដូចជា អង្ករ និង​ដំឡូង ជាដើម ទៅកាន់​ទីផ្សារ​អាមេរិក​។ លោក ចាន់ សុផល បាន​មានប្រសាសន៍ថា​៖«​យើង​ឃើញថា ២-៣​ឆ្នាំនេះ​មាន​គេ​មក​វិនិយោគ​ច្រើន​លើ​ការផលិត​ទំនិញ​សម្រាប់​ធ្វើដំណើរ​។ អុីចឹង បើ​ឈប់​អនុគ្រោះ​ពន្ធ គឺ​ប៉ះពាល់​រោងចក្រ​ដែល​ផលិត​ទំនិញ​ទាំង​ហ្នឹង​»​។

ទោះជា​យ៉ាងនេះ​ក្តី អ្នកជំនាញ​រូបនេះ​បញ្ជាក់ថា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​អាមេរិក មិន​ទូលំទូលាយ ដូច​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​ឡើយ​។ លោក​បន្ថែមថា បើ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP កម្ពុជា​អាច​នឹង​បាត់បង់​ប្រាក់ ក្នុង​រង្វង់​រយ​លាន​ដុល្លារ តែបើ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA កម្ពុជា អាច​នឹង​បាត់បង់​ប្រាក់​ដល់​ទៅ​ខ្ទង់ពាន់​លាន​ដុល្លារ​ឯណោះ​។ 
 
​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​កន្លងមក ការអនុគ្រោះ​ពន្ធ GSP ត្រូវ​បន្ត​សុពលភាព​រហូតដល់​ដំណាច់ឆ្នាំ​២០២០​។ តែ​រយៈពេល​នៃ​សុពលភាព​នេះ វា​អាច​នឹង​ប្រែប្រួល បើ​សេចក្តីស្នើច្បាប់​ខាងលើ ត្រូវបាន​អនុម័ត ហើយ​ត្រូវដាក់​ឲ្យ​អនុវត្ត​។​
 
​ចំណែក សហភាព​អឺរ៉ុប ក៏​កំពុងដំណើរការ​នីតិវិធី​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា​។ នីតិវិធី​នេះ ត្រូវ​ប្រើពេល​១២​ខែ ហើយ​ក្រោយមក​ទើប​សហភាព​អឺរ៉ុប សម្រេច​ជា​ផ្លូវការ​ថា ដក​ឬ​មិន​ដក​។ មកដល់​ពេល ដំណើរការ​នីតិវិធី​នេះ មាន​រយៈពេល​ជិត​៦​ខែ​ហើយ​។ 
 
 
​សហរដ្ឋ​អា​មេ​រិ​និង​សហភាព​អឺរ៉ុប តែង​គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុង​ការដាក់​សម្ពាធ​និង​ទណ្ឌកម្ម​មកលើ​រដ្ឋាភិបាល​កម្ពុជា​។ កន្លងមក ដៃគូ​ទាំងពីរ​នេះ បាន​ចាត់វិធានការ​ជាក់ស្តែង​រួចហើយ ដោយ​រឹតបន្តឹង​ក្នុងការ​ផ្តល់​ទិដ្ឋាការ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​របស់​កម្ពុជា និង​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួកគេ ព្រមទាំង​ការដក​ជំនួយ​លើ​ការបោះឆ្នោត​ថែមទៀត​។ 
 
​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប ទើសចិត្ត​ដូចគ្នា ពេល​គណបក្សប្រឆាំង​ដ៏​ធំជាងគេ​នៅ​កម្ពុជា ត្រូវបាន​រំលាយចោល ហើយ​ប្រធាន​គណបក្ស​នេះ​ត្រូវ​ចាប់ខ្លួន បូក​រួមទាំង​ការហាមឃាត់​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​នេះ មិន​ឲ្យ​ធ្វើ​នយោបាយ​ថែមទៀត​។ ប្រទេស​ទាំងពីរ​នេះ ក៏​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ផងដែរ ថា​បាន​រឹតត្បិត​សារព័ត៌មាន និង​សង្គម​ស៊ីវិល​។ 
 
​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​ខាងលើ គឺជា​មូលហេតុ​ចម្បង ដែល​នាំ​ឲ្យ​មានការ​ព្រមាន​ដាក់ទណ្ឌកម្ម​ជា​បន្តបន្ទាប់ ពី​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​ខ្លះទៀត​៕

Tag:
 US
  GSP
  EU
  EBA
  Ted Crus
  ទណ្ឌកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com