លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បន្តសើចចំអកឲ្យអតីតគណបក្សប្រឆាំង។ តែលើកនេះ លោក មិនវាយប្រហារគណបក្សប្រឆាំងទាំងមូលទេ ដោយលោក និយាយលើកទឹកចិត្តខាងលោក កឹម សុខា និងបន្តុះបង្អាប់ខាងលោក សម រង្ស៊ី។
អ្នកនាំពាក្យគណបក្សអំណាចរូបនេះ វែកញែកថា ភាគីលោក សម រង្ស៊ី មានអ្នកគាំទ្រច្រើនជាងភាគីលោក កឹម សុខា។ ប៉ុន្តែ លោក លើកឡើងថា គុណវិបត្តិ គឺនៅត្រង់លោក សម រង្ស៊ី មិនហ៊ានចូលស្រុកវិញ ដូច្នេះ ទោះមានអ្នកគាំទ្រច្រើន ក៏គ្មានសំឡេងក្នុងការបោះឆ្នោតដែរ។
បន្ទាប់មក លោក ក៏បង្ហាញច្រកសម្រាប់លោក កឹម សុខា។ លោក មើលឃើញថា ចំណុចខ្លាំង របស់លោក កឹម សុខា ដែលអាចចេញរួច គឺអំពាវនាវឲ្យអ្នកជាប់បម្រាម ដាក់សំណើស្នើសុំនីតិសម្បទា ដើម្បីបានចូលធ្វើនយោបាយឡើងវិញ។
មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច បន្តទៀតថា ជំហានបន្ទាប់ គឺពួកគេ អាចបង្កើតគណបក្សថ្មីមួយ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ពីព្រោះអ្នកគាំទ្រនៅតែដដែល ដោយមិនបាត់បង់ទៅណាទេ។ តាមរយៈបណ្តាញទំនាក់ទំនងតេឡេក្រាម លោក បានសរសេរសារទៅកាន់ក្រុមអ្នកកាសែត នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា៖«ក្រឡាលោតរបស់លោក កឹម សុខា នៅមាន តាមច្រកមួយនេះ ទើបអាចមានសង្ឃឹម»។
យ៉ាងណាក៏ដោយ លោក កឹម សុខា នៅតែរក្សាភាពស្ងៀមស្ងាត់នឹងរឿងនយោបាយ។ ហើយម្យ៉ាងទៀត ទាក់ទងនឹងរឿងសុំសិទ្ធិនយោបាយ ក៏គេ មិនទាន់ឮការបង្ហើបណាមួយ ពីលោក កឹម សុខា ដែរ។
ចំណែកលោក សម រង្ស៊ី បានប្រកាសពីក្រៅប្រទេសថា អតីតគណបក្សប្រឆាំង នៅតែខ្លាំងនិងនៅតែសាមគ្គីគ្នាដដែល។ លើសពីនេះ លោក នៅតែប្រើពាក្យថា សម រង្ស៊ី-កឹម សុខា គឺជាមនុស្សតែមួយ ដោយមិនអាចបែកគ្នាឡើយ។
មកដល់ពេលនេះ ក្នុងចំណោមថ្នាក់ទាំង១១៧នាក់នៃអតីតគណបក្សប្រឆាំង ដែលត្រូវបានតុលាការកំពូលដកសិទ្ធិនយោបាយ មានតែលោក គង់ គាំ និង កូនប្រុសច្បង គឺលោក គង់ បូរ៉ា ប៉ុណ្ណោះ ដែលធ្វើសំណើសុំសិទ្ធិនយោបាយវិញ។ ក្រោយមក ព្រះមហាក្សត្រ ក៏ចេញព្រះរាជក្រឹត្យនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ដើម្បីប្រោសព្រះរាជទាននូវនីតិសម្បទាជូនឪពុក-កូនទាំងពីរនេះ និងរាជានុញ្ញាតឲ្យពួកលោក ចូលធ្វើនយោបាយវិញ តាមសំណើរបស់នាយករដ្ឋមន្ត្រី។
លោក សម រង្ស៊ី បានអំពាវនាវជាញឹកញាប់ឲ្យថ្នាក់ដឹកនាំរបស់ខ្លួនទាំងអស់ កុំឲ្យធ្វើសំណើសុំសិទ្ធិនយោបាយពីរដ្ឋាភិបាល។ លោក ប្រាប់អ្នកទាំងនោះ ឲ្យបន្តរួមគ្នាទាមទារឲ្យដោះលែងលោក កឹម សុខា មុនគេបង្អស់ ហើយចាំគិតពីដំណោះស្រាយផ្សេងតាមក្រោយ។
បើនិយាយពីសំណុំរឿងរបស់លោក កឹម សុខា គឺបានអូសបន្លាយពេលជិតមួយឆ្នាំកន្លះហើយ។ លោក ត្រូវបានចាប់ខ្លួនកាលពីពាក់កណ្តាលអធ្រាត្រ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមការសង្ស័យថា បានរួមគំនិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
រហូតដល់អំឡុងខែកញ្ញា ឆ្នាំ២០១៨ ពោលគឺក្រោយការជាប់ឃុំក្នុងពន្ធនាគារបានមួយឆ្នាំ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ក៏ឲ្យលោក រស់នៅក្រៅឃុំជាបណ្តោះអាសន្ន។ ប៉ុន្តែ ចៅក្រមស៊ើបសួរ បានដាក់បម្រាមយ៉ាងតឹងរឹងចំពោះលោក ដោយមិនឲ្យលោក ចេញពីផ្ទះរហូតហួសពីព្រំដែនកំណត់ មិនឲ្យជួបអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង និងមិនឲ្យជួបជនបរទេស ដែលពាក់ព័ន្ធនឹងសំណុំរឿង។
ក្រុមអ្នកប្រឆាំង មិនចាត់ទុកថា លោក កឹម សុខា រួចផុតពីការឃុំឃាំងនោះទេ។ ពួកគេ អះអាងថា លោក កឹម សុខា នៅតែជាប់ឃុំដដែល ដោយចៅក្រមស៊ើបសួរ គ្រាន់តែប្តូរពីការឃុំក្នុងពន្ធនាគារ ទៅជាការឃុំក្នុងផ្ទះប៉ុណ្ណោះ៕