ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
គារវៈ មានន័យថា សេចក្តីគោរព, អតិថិគារវៈ គឺការគោរពភ្ញៀវ 11, Apr 2024 , 7:29 am
× នាមសព្ទ «គារវៈ» មានន័យថា សេចក្ដីគោរព, កិរិយាលំអុតលំឱន, ឱនលំទោន; ដំណើរប្រតិបត្តិតាម ។ «អគារវៈ» ដែលជាពាក្យផ្ទុយ គឺ ការមិនគោរព; ការមិនយកចិត្តទុកដាក់, មិនអើពើ។ នេះបើតាមការពន្យល់ក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។
ពាក្យផ្សេងទៀតដែលភ្ជាប់ជាមួយគារវៈ មានដូចជា គារវកថា ( គារៈវៈកៈ ថា ) សំដីសំដែងនូវសេចក្ដីគោរព ។ គារវតា ( គារៈវៈ តា ) ភាពនៃការគោរព, សេចក្ដីគោរព ។ គារវភក្ដី សេចក្ដីគោរព និងសេចក្ដីស្រលាញ់; សេចក្ដីរាប់អានដោយគោរព ។ គារវភាព ភាព, បែបនៃសេចក្ដីគោរព ។ ល ។
អតិថិគារវៈ គឺការគោរពភ្ញៀវ, ការគួរសមចំពោះភ្ញៀវ។ យើងក៏អាចប្រើពាក្យ អតិថិគោរព ក៏បានដែរ។
ចំណែកពាក្យពាក់ព័ន្ធនឹងអគារវៈ វិញ មានដូចជា អគារវកថា ឬ —វាទ សម្ដីពុំគោរព ។ អគារវទោស ទោសដែលមានព្រោះការមិនគោរព, ទោសល្មើស ។ ល ។
© រក្សាសិទ្ធិដោយ thmeythmey.com