ជាតិ
នាវា២គ្រឿង នាំភ្ញៀវទេសចរជាង៣ពាន់នាក់ មកកម្សាន្តកម្ពុជា 11, Feb 2024 , 7:09 pm
× ភ្នំពេញ៖ តាមរយៈកំពង់ផែនក្រុងព្រះសីហនុ នាវា២គ្រឿង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង៣ពាន់នាក់មកកម្សាន្តកម្ពុជានៅថ្ងៃទី១០កុម្ភៈនេះ។ ជាគោលដៅពួកគេនឹងទៅទស្សនា តំបន់ឆ្នេរ វត្តអារាមនិងផ្សារនៅក្រុងព្រះសីហនុ ភ្នំពេញ សៀមរាប កំពត កែប និងកំពង់ស្ពឺជាដើម។
បើតាមការប្រកាសព័ត៌មានរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែកុម្ភៈ មាននាវាមួយគ្រឿងរបស់អ៊ីតាលី ឈ្មោះ AIDABELLA ដែលមានបណ្ដោយ២៥១.៨៩ម៉ែត្រ ទទឹង៣៧.៦ម៉ែត្រ និងជម្រៅទឹក៧.៣ម៉ែត្រ ធ្វើដំណើរពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នាម៉ោង៧ព្រឹក។ នាវាទេសចរណ៍នេះ មានផ្ទុកភ្ញៀវទេសចរ១៩៧៦នាក់ ក្នុងនោះស្រី១០២៩នាក់ មកពី២០សញ្ជាតិ និងនាវិកចំនួន៦២៥នាក់ ស្រី១៣១នាក់ មាន២៨សញ្ជាតិ។ ភ្ញៀវទេសចរភាគច្រើនជាជនជាតិ អាល្លឺម៉ង១៨១០នាក់ និងអូទ្រីស៥១នាក់។
នៅក្នុងថ្ងៃដដែលនេះ មាននាវាទេសចរណ៍មួយគ្រឿងទៀតឈ្មោះ RIVIERA មកពី MARSHALL ISLAND ដែលមានបណ្ដោយ២៤០.១៦ម៉ែត្រ និងទទឹង៣២.២ម៉ែត្រ និងជម្រៅទឹក៧.៤ម៉ែត្រ ធ្វើដំណើរចេញពីប្រទេសវៀតណាម ឆ្ពោះមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នៅ៦:៣០នាទីព្រឹក។ នាវានេះ ផ្ទុកភ្ញៀវទេសចរសរុប១១៨៣នាក់ ស្រី៥៩៦នាក់ មកពី៣៤សញ្ជាតិ និងនាវិកចំនួន៧៦៤នាក់ ស្រី១៤៤នាក់ មកពី៤៤សញ្ជាតិ។ ភ្ញៀវទេសចរភាគច្រើនជាជនជាតិអាមេរិក៧៥០នាក់ កាណាដា១៧៣នាក់ ។
ក្រោយទទួលបានភ្ញៀវទេសចរផ្ទៃទឹកជាបន្តបន្ទាប់ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអំពាវនាវឱ្យអាជីវករចូលរួមផ្ដល់សេវាកម្មឲ្យបានល្អ និងតម្លៃសមរម្យ ដើម្បីឲ្យភ្ញៀវទេសចរមកកម្សាន្ដប្រកបដោយភាពរីករាយ នឹងត្រឡប់មកលេងកម្សាន្ដនៅពេលក្រោយទៀត៕
Tag:
ទេសចរណ៍
កំពង់ផែក្រុងព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com