ជាតិ
សុវត្តិភាព ចរាចរណ៍
ជនបរទេសម្នាក់សុំទោស ក្រោយបង្ហោះសារមិនពិតដែលនាំឱ្យអ្នកលេងហ្វេសប៊ុក ជេរប៉ូលិសចរាចរណ៍ 04, Mar 2024 , 10:51 am
× បុរសជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ បានសរសេរសារ និងចេញវីដេអូ ដើម្បីសារភាពទោសកំហុសរបស់ខ្លួន ដែលបានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម យល់ច្រឡំ និងចោទប្រកាន់លើសមត្ថកិច្ចអនុវត្តច្បាប់។ បុរសឈ្មោះ Jacobus Francois du Toit បញ្ជាក់ថា អ្វីដែលខ្លួនបានលើកឡើង គឺដោយសារតែខ្លួនស្រវឹង និងខឹងសមត្ថកិច្ចដែលបានផាកពិន័យខ្លួន។
កាលពីយប់ថ្ងៃទី១ ខែមីនា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Franco du Toit រូបនោះ បានសរសេរថា ប៉ូលិសខ្មែរបានដកហូតទូរសព្ទ ក្របួចក រុញច្រានខ្លួន ហើយថែមទាំងគំរាមចាប់ដាក់គុក បើមិនប្រាក់ពិន័យទេនោះ ។ សាររៀបរាប់ អមដោយវីដេអូខ្លីពីសកម្មភាពរបស់ប៉ូលិស និងរូប Capture ផ្ទេរទឹកប្រាក់២៥០ដុល្លារតាម ABA ទាក់ទាញអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ចូលជេរ និងរិះគន់សមត្ថកិច្ចចរាចរណ៍។
ក្រោយល្បីសុះសាញពេញបណ្តាញសង្គម លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកោះហៅជនបរទេសនោះទៅបំភ្លឺ។ នៅការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ Franco du Toit សារភាពថា ខ្លួនពិតជាបានបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ០,៩១mg/L នៅខណ្ឌបឹងកេងកង ហើយសារខឹងសមត្ថកិច្ចផាកពិន័យចំនួន១លានរៀល ទើបគាត់លួចថតសមត្ថកិច្ចគ្មានការអនុញ្ញាត។
ក្នុងលិខិតសុំទោសជាសាធារណៈ បុរសបរទេសរូបនោះ បានបន្ថែមថា ខ្លួនថែមទាំងមិនបានពាក់មួកសុវត្ថិភាព និងម៉ូតូគ្មានកញ្ចក់ ហើយវីដេអូខ្លីដែលខ្លួនបានបង្ហោះនៅលើហ្វេសប៊ុក គឺភ្ជាប់ជាមួយនឹងព័ត៌មានមិនពិត ដែលនាំឱ្យមហាជនរិះគន់មន្ត្រីមានសមត្ថកិច្ចរបស់កម្ពុជា។
«ពេលខ្ញុំមកដល់ផ្ទះ ខ្ញុំបានសរសេរព័ត៌មានមិនត្រឹមត្រូវសម្រាប់វីដេអូដែលបង្ហោះនៅលើហ្វេសប៊ុក។ ខ្ញុំសុំទោសចំពោះកំហុសនេះ ដោយសារតែខ្ញុំស្រវឹង»។ Franco du Toit ទទួលស្គាល់ថា ខ្លួនពិតជាខុសដែលមិនគោរពច្បាប់ ហើយណែនាំសាធារណជនថា ពេលស្រវឹងមិនត្រូវបើកបរនោះឡើយ។
បុរសអាហ្រ្វិកខាងត្បូងរូបនេះ បានសុំទោសពលរដ្ឋខ្មែរ ប៉ូលិស និងរដ្ឋាភិបាល ចំពោះរាល់ការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវចំពោះហេតុការណ៍ដែលបានកើតឡើងនៅចំណុចផ្លូវលេខ២៤៥ កែងមហាវិថីម៉ៅសេទុង៕
© រក្សាសិទ្ធិដោយ thmeythmey.com