អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកថាក់ស៊ីន បង្ហាញមុខជាសាធារណៈដំបូងក្រោយមានសេរីភាព
14, Mar 2024 , 11:32 am        
រូបភាព
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ជាមួយកូនស្រី និងកូនប្រសារទៅវត្ត Lak Mueang ។ រូបភាព ៖ AFP
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ជាមួយកូនស្រី និងកូនប្រសារទៅវត្ត Lak Mueang ។ រូបភាព ៖ AFP
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានទៅបន់ស្រន់នៅវត្តឡាក់មឿងក្នុងទីក្រុងបាងកកនៅព្រឹកថ្ងៃទី១៤ ខែមីនា។ នេះជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងលោកត្រូវបានដោះលែងពីពន្ធនាគារ។ នេះបើតាមកាសែត Bangkok Post ។
 
នៅថ្ងៃទី១៤ ខែមីនា លោក ថាក់ស៊ីន  ជាមួយកូនស្រី Paetongtarn Shinawatra និងកូនប្រសារ Pitaka Suksawat បានធ្វើដំណើរទៅវត្តដ៏ល្បីល្បាញមួយក្នុងទីក្រុងបាងកក។ ​លោកបាន​បន់ស្រន់​នៅ​ក្នុង​ព្រះវិហារវត្តឡាក់មឿងនោះ​តាំង​ពី​ម៉ោង​៥​ទៀប​ភ្លឺ។
 
អតីតនាយករដ្ឋមន្ត្រីថៃ គ្រោងនឹងទៅទីក្រុងឈៀងម៉ៃភាគខាងជើងប្រទេសថៃនៅថ្ងៃបន្ទាប់ ដើម្បីទៅសួរសុខទុក្ខសាច់ញាតិនៅទីនោះ។ ខេត្តឈៀងម៉ៃ ជាស្រុកកំណើតរបស់លោកថាក់ស៊ីន និងជាមូលដ្ឋានអំណាចនយោបាយដ៏រឹងមាំរបស់លោកផងដែរ។
 
នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ចាប់​តាំង​ពី​លោក​ត្រូវ​បាន​គេ​ដោះលែង​ពី​ពន្ធនាគារ​កាល​ពី​ខែ​មុន។ ដំណើរ​ទៅ​ឈៀងម៉ៃក៏​ជា​លើក​ទី​មួយ​ដែរសម្រាប់លោក ថាក់ស៊ីន ​ក្រោយអាក់ខានមិនបានទីនោះអស់​រយៈ​ពេល​១៧​ឆ្នាំ។
 
លោក ថាក់ស៊ីន មានអាយុ ៧៤ ឆ្នាំ បានត្រឡប់មកស្រុកថៃវិញក្នុងខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីនិរទេសខ្លួន ១៥ឆ្នាំ ហើយត្រូវបានចាប់ខ្លួនភ្លាមៗ។ លោកត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៨ ឆ្នាំ​ពី​បទ​រំលោភ​អំណាច និង​ត្រូវ​បាន​លើក​លែង​ទោស​ដោយ​មហាក្សត្រថៃ​ឱ្យ​ជាប់​ពន្ធនាគារ​ត្រឹម១ ឆ្នាំ។ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ក្នុង​ទីក្រុង​បាងកក លោក ថាក់ស៊ីន ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ប៉ូលិស​ ដោយសារបញ្ហាសុខភាព។
 
អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ ​បាន​ចេញពី​មន្ទីរពេទ្យហើយ​បាន​ត្រលប់​មក​ផ្ទះ​វិញ​នៅ​ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពី​នីតិវិធី​ដោះលែង​ដំបូង​ត្រូវបាន​បញ្ចប់​។ រដ្ឋាភិបាល​ថៃ​បាន​និយាយ​ថា ​លោក ​ថាក់ស៊ីន​ មាន​សិទ្ធិ​ទទួល​បាន​ការ​ដោះលែង​មុន​ពេល​ដោយសារ​អាយុ ​និង​ស្ថានភាព​សុខភាព​របស់​លោក។
 
ក្រុមសកម្មជនជាច្រើនដែលប្រឆាំងលោក ថាក់ស៊ីន បានចោទប្រកាន់ថា អតីតនាយករដ្ឋមន្ត្រីថៃរូបនេះមិនបានជាប់ពន្ធនាគារមួយថ្ងៃឡើយចាប់តាំងពីវិលចូលស្រុកវិញ។ នាយកដ្ឋាន​កែ​ប្រែ​​ថៃ​ធ្លាប់​បាន​អះអាង​ថា លោក ថាក់ស៊ីន មាន​ជំងឺ​ធ្ងន់ធ្ងរ​ ដូច្នេះ​លោក​អាច​នឹង​ជួប​គ្រោះ​ថ្នាក់​ប្រសិន​បើ​បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ៕

Tag:
 ថៃ
  ថាក់ស៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com