កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់ទាត់កូរ៉េខាងត្បូងម្នាក់ ត្រូវបានដោះលែងពីការឃុំឃាំងក្នុងប្រទេសចិន
27, Mar 2024 , 8:29 am        
រូបភាព
កីឡាករក្រុមជម្រើសជាតិកូរ៉េខាងជើង Son Jun-ho ដែលត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរប្រទេសចិន ទាក់ទងនឹងរឿងរ៉ាវស៊ីសំណូក ត្រូវបានដោះលែងពីការឃុំឃាំង ហើយបានបញ្ជូនឱ្យវិលត្រឡប់ទៅផ្ទះវិញ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសរបស់កូរ៉េខាងត្បូង នាថ្ងៃទី២៥ ខែមីនា។


Jun-ho ជាអតីតខ្សែការពារមួយរូប លេងនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឱ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ភាគខាងជើងនៃប្រទេសចិន កាលពីខែឧសភា ឆ្នាំ ២០២៣។ បើតាមការលើកឡើងរបស់រដ្ឋាភិបាលប្រទេសចិន ការឃាត់ខ្លួននេះ បានធ្វើឡើងក្រោមមូលហេតុ ការសង្ស័យលើទទួលសំណូកពីបុគ្គលិកក្រៅរដ្ឋក្នុងប្រទេសចិន។
 
«កីឡាករ Son បានមកដល់ប្រទេសកូរ៉េខាងត្បូងនាពេលថ្មីៗនេះ នៅពេលដែលការឃុំខ្លួនរបស់គេត្រូវបានបញ្ចប់ ក្រោយរយៈពេល ១០ខែរួចមក។ ជំនួយផ្នែកច្បាប់យ៉ាងសកម្មតាមរយៈការទំនាក់ទំនងដ៏ជិតស្និទ្ធិជាមួយនឹងក្រុមគ្រួសាររបស់កីឡាករ Son តែងត្រូវធ្វើឡើង។»។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង។
 
សមាគមបាល់ទាត់កូរ៉េខាងត្បូង ក៏បានបញ្ជាក់ដូចគ្នាពីការដោះលែងកីឡាករ Son ថា កីឡាករវ័យ ៣១ឆ្នាំ បានវិលត្រឡប់មកដល់ផ្ទះវិញហើយ។
 
កីឡាករវ័យ ៣១ឆ្នាំរូប ធ្លាប់បានប្រកបអាជីពនៅក្លិបក្នុងប្រទេសចិន Shandong Taishan ក្នុងលីគកំពូល Chinese Super League ចាប់តាំងពីឆ្នាំ ២០២១ ហើយបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 ដែលរៀបចំឡើងក្នុងប្រទេសកាតា។
 
ការចាប់ខ្លួនលើកីឡាករកូរ៉េខាងត្បូង ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលប្រទេសចិន បានចេញច្បាប់ស្តីពីការរឹតបន្តឹង និងការស៊ើប​អង្កេត​ពីអំពើពុករលួយក្នុងវិស័យបាល់ទាត់ តាំងពីប្រព័ន្ធគ្រប់គ្រង មន្ត្រី រហូតដល់ក្រុមកីឡាករ៕

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com