សង្គមអន្តរជាតិ​
អន្តរជាតិ
កាណាដា នឹងផ្តល់ថ្នាំពន្យារកំណើតដោយឥតគិតថ្លៃ
01, Apr 2024 , 8:59 pm        
រូបភាព
ថ្នាំពន្យារកំណើត ។​ រូបភាព ៖ AFP
ថ្នាំពន្យារកំណើត ។​ រូបភាព ៖ AFP
រដ្ឋាភិបាលកាណាដា រំពឹងថានឹងចំណាយសម្រាប់វិធីសាស្ត្រពន្យារកំណើតទូទៅដល់ស្ត្រី ៩ លាននាក់ដោយឥតគិតថ្លៃដូចជា ថ្នាំពន្យារកំណើត កងដាក់ក្នុងស្បូន និងក្រោមស្បែកជាដើម។
 
ស្ត្រីកាណាដាអាចជ្រើសរើសវិធីពន្យារកំណើតសមស្របមួយក្នុងតម្លៃដែលគ្របដណ្តប់ដោយកម្មវិធីធានារ៉ាប់រងសុខភាពសាធារណៈ។ នេះជាខ្លឹមសារកំណែទម្រង់ប្រព័ន្ធថែទាំសុខភាពមួយ ដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលកាណាដាកាលពីថ្ងៃទី៣០ ខែមីនា។
 
ការធានារ៉ាប់រងសុខភាពសាធារណៈនឹងផ្តល់ជូនលើវិធីសាស្ត្រពន្យារកំណើតទូទៅដូចជា ថ្នាំពន្យារកំណើត ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ កងដាក់ក្នុងស្បូន និងកងដាក់ក្រោមស្បែកដល់ស្ត្រីជនជាតិកាណាដាចំនួន ៩លាននាក់ដែលស្ថិតក្នុងអាយុមានផ្ទៃពោះ។ 
 
នេះជាផ្នែកមួយនៃកម្មវិធីកំណែទម្រង់កាណាដាដែលបានប្រកាសនៅក្នុងខែកុម្ភៈ។ ប្រសិនបើបានបញ្ចប់ឆាប់ៗ នោះនឹងក្លាយជាប្រព័ន្ធធានារ៉ាប់រងសុខភាពសាធារណៈដ៏ទូលំទូលាយបន្ថែមទៀតសម្រាប់កាណាដា។
 
កម្មវិធីថ្មីនេះ ក៏គ្របដណ្តប់លើថ្នាំជំងឺទឹកនោមផ្អែមសម្រាប់ជនជាតិកាណាដាប្រហែល ៣,៧លាននាក់ដែរ។ នៅដំណាក់កាលបន្ទាប់នៃការអនុវត្ត ថ្នាំព្យាបាលជំងឺជាច្រើនទៀតនឹងត្រូវបានបញ្ចូលក្នុងកម្មវិធីនេះ។
 
បច្ចុប្បន្ន រដ្ឋាភិបាល​កាណាដា​មិន​បាន​ប្រកាស​ពី​កាលបរិច្ឆេទ​នៃ​ការ​អនុវត្ត ឬ​តម្លៃ​សរុប​នៃ​កម្មវិធី​នេះ​ទេ។ យ៉ាងណាមិញ កម្មវិធីថែទាំសុខភាពថ្មីនេះត្រូវតែមានការយល់ព្រមពីរដ្ឋាភិបាលតាមបណ្តាខេត្ត។ បច្ចុប្បន្ន Alberta និង Quebec បានប្រកាសថានឹងមិនចូលរួមកម្មវិធីនេះទេ។
 
យោងតាមរបាយការណ៍ថ្មីៗនេះពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) ដោយប្រើទិន្នន័យឆ្នាំ២០២១ កាណាដាជាប្រទេសដែលចំណាយលើការថែទាំសម្រាប់មនុស្សម្នាក់ៗខ្ពស់ បន្ទាប់ពីជប៉ុន អាល្លឺម៉ង់ និងអាម៉េរិក៕​

Tag:
 កាណាដា
  ពន្យារកំណើត
© រក្សាសិទ្ធិដោយ thmeythmey.com