សង្គមអន្តរជាតិ​
អន្តរជាតិ
រាជវង្សជប៉ុនបើកគណនី Instagram ដើម្បីទាក់ទាញយុវជន
01, Apr 2024 , 5:19 pm        
រូបភាព
ព្រះចៅអធិរាជ Naruhito និងព្រះមហេសី Masako ។ រូបភាព ៖ Instagram/kunaicho_jp
ព្រះចៅអធិរាជ Naruhito និងព្រះមហេសី Masako ។ រូបភាព ៖ Instagram/kunaicho_jp
គ្រួសាររាជវង្សជប៉ុនបង្ហោះរូបថតសកម្មភាពផ្លូវការនៅលើ Instagram ជំនួសឱ្យការបង្ហោះនៅលើគេហទំព័រដូចពីមុន ដោយរំពងថានឹងទាក់ទាញចំណាប់អារម្មណ៍ពីក្មេងៗជំនាន់ក្រោយ។
 
រាជវាំងជប៉ុន (IHA) នៅថ្ងៃទី១ ខែមេសា បានបើកដំណើរការគណនីបណ្តាញសង្គម Instagram មានឈ្មោះថា kunaicho_jp ក្នុងនោះបានបង្ហោះការចងក្រងរូបថត និងវីដេអូនៃការចូលរួមក្នុងព្រឹត្តិការណ៍ថ្មីៗរបស់អធិរាជ Naruhito និង អគ្គមហេសីMasako ចំនួន១៩ដង។
 
គណនីនេះត្រូវបានបង្កើតឡើងកាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានកំណត់ទៅជាឯកជន ហើយទើបតែបានបើកជាសាធារណៈនៅថ្ងៃទី១ ខែមេសា។ គិតត្រឹមល្ងាចថ្ងៃទី១ ខែមេសា គណនីkunaicho_jp មានអ្នកតាមដានជិត ៣០០ពាន់នាក់ ហើយមិនទាន់បានបើកមតិបញ្ចេញយោបល់នៅឡើយទេ។
 
ស្របពេលដែលគ្រួសាររាជវង្សនៃប្រទេសផ្សេងទៀតប្រើប្រាស់បណ្តាញសង្គមជាប្រចាំ គ្រួសាររាជវង្សជប៉ុនជាធម្មតាត្រូវបានរឹតត្បិត ដែលពីមុនមានត្រឹមតែការប្រកាស និងរូបថតនៅលើវេបសាយផ្លូវការតែប៉ុណ្ណោះ។
 
អ្នកនាំពាក្យ រាជវាងជប៉ុន បានរំពឹងថា តាមរយៈវិធីសាស្រ្តថ្មី ទីភ្នាក់ងារនេះនឹងទាក់ទាញចំណាប់អារម្មណ៍របស់ក្មេងជំនាន់ក្រោយក្នុងសកម្មភាពរាជវង្ស។
 
គណនី​បណ្ដាញ​សង្គម​មួយ​បាន​បញ្ចេញ​មតិ​ថា គណនីkunaicho_jp គ្រាន់តែត្រូវបានបង្កើតឡើង ដើម្បីជាការ​លេងសើច​នៅថ្ងៃកុហក (April Fool) ប៉ុណ្ណោះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP
 
គណនី kunaicho_jp បច្ចុប្បន្នមិនទាន់តាមដាននរណាម្នាក់ទេ ប៉ុន្តែ រាជវាំងជប៉ុន បានបញ្ជាក់ថា អាចពិចារណាសំណើពីគ្រួសាររាជវង្សប្រទេសផ្សេងទៀត ដើម្បីភ្ជាប់បណ្តាញទំនាក់ទំនងសង្គម៕ 

Tag:
 ជប៉ុន
  Instagram
© រក្សាសិទ្ធិដោយ thmeythmey.com