សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារពិភពលោក ៖ សេដ្ឋកិច្ច​អាស៊ី​មិន​ល្អ​ដូច​ការ​រំពឹង​ទុក​
02, Apr 2024 , 8:59 pm        
រូបភាព
មនុស្សម្នាដើរនៅលើផ្លូវមួយកន្លែងនៅទីក្រុងហុងកុង ។ រូបភាព ៖ Xinhua
មនុស្សម្នាដើរនៅលើផ្លូវមួយកន្លែងនៅទីក្រុងហុងកុង ។ រូបភាព ៖ Xinhua
ដំណើរការនៃសេដ្ឋកិច្ចអាស៊ីមិនដូចការរំពឹងទុកទេ ដោយកំណើនក្នុងតំបន់ត្រូវបានព្យាករថានឹងយឺតជាងឆ្នាំមុន ជាមួយកំណើនត្រឹមតែ ៤,៥ភាគរយប៉ុណ្ណោះ។ នេះបើតាមធនាគារពិភពលោក។
 
បំណុល របាំងពាណិជ្ជកម្ម និងភាពមិនច្បាស់លាស់នៃគោលនយោបាយកំពុងធ្វើឱ្យចុះខ្សោយភាពរឹងមាំសេដ្ឋកិច្ចអាស៊ី។ ពីកំណើន ៥,១ភាគរយក្នុងឆ្នាំ២០២៣ អាស៊ីនៅឆ្នាំនេះ ត្រូវបានព្យាករថានឹងថយចុះមកត្រឹម ៤,៥ភាគរយវិញ។ កំណើននេះ យឺតជាងមុនការរាលដាលជំងឺកូវីដ-១៩ ប៉ុន្តែនៅតែលឿនជាងតំបន់ផ្សេងទៀតនៅក្នុងពិភពលោក។ នេះតាមរបាយការណ៍របស់ធនាគារពិភពលោកដែលចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា។ 
 
លោក Aaditya Mattoo ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបាននិយាយថា៖« តំបន់នេះដំណើរការបានល្អជាងប្រទេសជាច្រើនផ្សេងទៀតនៃពិភពលោក ប៉ុន្តែមិនទាន់ឈានដល់សក្តានុពលពេញលេញរបស់ខ្លួននៅឡើយទេ»។ នេះបើតាមសារព័ត៌មាន Nikkei ។ 
 
ការស្ទុះងើបឡើងវិញនៃពាណិជ្ជកម្មពិភពលោក និងការរំពឹងទុករបស់ធនាគារកណ្តាលធំៗក្នុងការកាត់បន្ថយអត្រាការប្រាក់នឹងជួយទូទាត់កំណើនទាបនៅចិន។ នៅឆ្នាំនេះ ទីក្រុងប៉េកាំងកំណត់គោលដៅកំណើនប្រហែល ៥ភាគរយដែលទាបជាងឆ្នាំមុន ៥,២ភាគរយ។ ទោះជាយ៉ាងណាក៏ដោយ ធនាគារពិភពលោកបានព្យាករថា ផលិតផលក្នុងស្រុក (GDP) របស់ចិននឹងកើនឡើងត្រឹម៤,៥ភាគរយ។
 
នៅទូទាំងតំបន់ ធនាគារពិភពលោកព្រមានថា ការនាំចេញពីប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីអាចប្រឈមមុខនឹងរបាំងពាណិជ្ជកម្មនៅក្នុងទីផ្សារអ្នកប្រើប្រាស់សំខាន់ៗដូចជាអាម៉េរិក ចិន ជប៉ុន និងកូរ៉េខាងត្បូង។ គោលនយោបាយបង្ខូចទីផ្សារពាណិជ្ជកម្មជិត ៣០០០ បានចូលជាធរមានចាប់ពីឆ្នាំ២០២៣ ច្រើនជាង៣ដងបើធៀបក្នុងឆ្នាំ ២០១៩។
 
ទន្ទឹមនេះ កំណើនទិន្នផលឧស្សាហកម្មនៅប្រទេសកំពុងអភិវឌ្ឍនឹងធ្លាក់ចុះពាក់កណ្តាល ប្រសិនបើអតិផរណារបស់អាម៉េរិកកើនឡើងដោយមិនបានរំពឹងទុក ហើយអត្រាការប្រាក់នៅតែខ្ពស់ក្នុងរយៈពេលយូរ។ លើសពីនេះ ភ្ញៀវទេសចរចិនទៅកាន់បណ្តាប្រទេសដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍នៅអាស៊ី នៅតែទាបជាងកម្រិតមុនការរាលដាលជំងឺកូវីដ-១៩។ 
 
បន្ថែមពីនេះ ផលធៀបនៃការវិនិយោគឯកជននៅក្នុង GDP នៃប្រទេសក្នុងតំបន់ក៏ទាបជាងកម្រិតមុនការរាលដាលជំងឺកូវីដ-១៩។ យ៉ាងណាមិញ ស្ថានភាពនេះត្រូវបានជំនួសនាពេលថ្មីៗនេះ ដោយសារការវិនិយោគសាធារណៈកើនឡើងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសវៀតណាម និងហ្វីលីពីន ប៉ុន្តែមានការថយចុះនៅក្នុងប្រទេសចិន ម៉ាឡេស៊ី និងថៃ។
 
ជាមួយនឹងការធ្លាក់ចុះនៃការវិនិយោគឯកជន កំណើននឹងត្រូវជំរុញដោយផលិតភាពវិញ។ ប៉ុន្តែធនាគារពិភពលោករកឃើញថា ការប្រកួតប្រជែង និងការច្នៃប្រឌិតរបស់ក្រុមហ៊ុនឯកជនត្រូវបានរារាំងដោយច្បាប់ការការពារផលិតផល និងជំនាញមិនគ្រប់គ្រាន់។ ធនាគារនេះបានផ្តល់អនុសាសន៍ឱ្យប្រទេសនានាដកចេញនូវឧបសគ្គចំពោះការប្រកួតប្រជែង កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងកំណែទម្រង់ការអប់រំ ដើម្បីបង្រួមគម្លាតផលិតភាពកាន់តែធំរវាងក្រុមហ៊ុនឯកជនរបស់អាស៊ី និងដៃគូប្រកួតប្រជែងបរទេសក្នុងតំបន់៕ 

Tag:
 សេដ្ឋកិច្ច
 អាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com