ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា ចំនួន ៤,៩៨លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ ដែលមានទំហំទឹកប្រាក់ ២៣២ ៣៩៣ ៣៩៤ លានរៀល ស្មើនឹងប្រមាណ៥៧,៦ពាន់លានដុល្លារ។ ចំនួននេះ គិតត្រឹមដំណាច់ឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ស្ថានភាពឥណទាននៅកម្ពុជា ដែលក្រុមហ៊ុន Credit Bureau Cambodia (CBC) បានចេញ នាចុងខែមីនា ឆ្នាំ២០២៤។
របាយការណ៍របស់CBC បានកត់ត្រាទិន្នន័យឥណទានរបស់រូបវន្តបុគ្គល និងគ្រឹះស្ថាន ឬ សហគ្រាស ដែលបានមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិករបស់CBCទាំងចំនួន ១៩៤ ស្ថាប័ន ក្នុងឆ្នាំ២០២៣។ បើតាមCBC ប្រជាជនរស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប ប្រើប្រាស់កម្ចីពីធនាគារ ឬមីក្រូហិរញ្ញវត្ថុច្រើនជាងគេ។
CBC បានបញ្ជាក់ថា ក្នុងចំណោមសមតុល្យឥណទានដែលមាន ៥៧,៦ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣នោះ គឺជិត៦០ភាគរយ ត្រូវបានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ទៅឱ្យប្រជាជននៅរាជធានី-ខេត្តចំនួន៣នេះ។ បើតាម CBC នៅភ្នំពេញ មានទំហំឥណទានច្រើនជាងគេ រហូតដល់ ១១៤ ៤៩៦ ២១៤ លានរៀល ត្រូវនឹងជាង ២៨,៥ ពាន់លានដុល្លារ និងស្មើនឹង ៥០ភាគរយនៃទំហំឥណទានទូទាំងប្រទេស ដោយមានអ្នកប្រើប្រាស់កម្ចីចំនួន៦៧,៧ ម៉ឺននាក់។
រីឯ ខេត្តកណ្តាល មានអ្នកខ្ចីប្រាក់ពីធនាគារ ឬមីក្រូហិរញ្ញវត្ថុ ចំនួន ៣៨,៤ ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់ ១៣ ១៦៣ ៥៩៣លានរៀល ស្មើនឹងប្រមាណ ៣ពាន់លានដុល្លារ។ ចំនួននេះ ស្មើនឹង ៧,៨ភាគរយ នៃសមតុល្យឥណទានទូទាំងប្រទេស ខណៈខេត្តសៀមរាប មានទំហំ ឥណទាន៤,៦ភាគ ផងដែរ។ CBC បានបង្ហាញថា ខេត្តដែលមានបរិមាណឥណទានខ្ពស់លំដាប់ទី៣នេះ គឺមានអ្នកប្រើប្រាស់កម្ចីពីធនាគារ ឬមីក្រូហិរញ្ញវត្ថុ ចំនួន ៣២,៥ ម៉ឺននាក់។
ដោយឡែក ខេត្តដែលមានទំហំឥណទានទាបជាងគេនៅកម្ពុជា គឺខេត្តមណ្ឌលគិរី ខេត្តប៉ៃលិន និងខេត្តកែប។
បើមើលទៅលើគុណភាពឥណទានវិញ ជារួមអត្រានៃការសងត្រឡប់យឺតលើសពី៩០ថ្ងៃ គឺមាន៤,៦ភាគរយ ត្រឹមចុងឆ្នាំ២០២៣។ CBC បន្តរៀបរាប់ថា ខេត្តដែលមានអត្រាការសងត្រឡប់យឺតលើសពី៩០ថ្ងៃ ទាបជាងគេមាន គឺខេត្តស្វាយរៀង មាន ២,៧ភាគរយ ខេត្តតាកែវមាន ៣,១ភាគរយ ខេត្តព្រៃវែងមាន ៣,២ភាគរយ ខេត្តកែបមាន ៣,២ភាគរយ និងខេត្តស្ទឹងត្រែងមាន៣,៣ភាគរយ។
ចំពោះរាជធានី និងខេត្តទាំងបីខាងលើដែលប្រើប្រាស់កម្ចីច្រើនជាងគេរហូតដល់៦០ ភាគរយ នៃទំហំកម្ចីសរុប៥៧,៦ពាន់លានដុល្លារ CBC ឃើញមានអត្រានៃអ្នកសងត្រឡប់យឺតលើសពី៩០ថ្ងៃ ជាមធ្យមមាន៥,២ភាគរយ។ ក្នុងនោះ រាជធានីភ្នំពេញមាន៥,២ភាគរយ កណ្តាលមាន៥ភាគរយ និងសៀមរាបមាន មានដល់៧,៨ភាគរយ។
«ជារួមមានអតិថិជនប្រហែល ៧៦ភាគរយ នៃអតិថិជនទូទាំងប្រទេស គឺខ្ចីប្រាក់តែ១ស្ថាប័នប៉ុណ្ណោះ និងប្រហែល២០ភាគរយ ខ្ចីប្រាក់២ស្ថាប័ន។ សម្រាប់អតិថិជនទូទាំងប្រទេសដែលខ្ចីប្រាក់៣ស្ថាប័ន គឺមានតែ១ភាគរយប៉ុណ្ណោះ»។ នេះជាការបញ្ជាក់របស់ CBC ដែលបានបង្ហាញថា ក្នុងនោះ ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ មានអត្រាអ្នកខ្ចី ប្រាក់តែ១ស្ថាប័ន គឺខ្ពស់ជាងគេលើសពី ៨០ភាគរយ ដែលជាអត្រាមួយល្អ។
ចំណែកឯ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន មានអត្រាអ្នកខ្ចីប្រាក់តែ ១ស្ថាប័ន ទាបក្រោម៧០ភាគរយ។ នេះមានន័យថា អតិថិជនខ្ចីលុយចាប់ពី២ស្ថាប័នទៅមាន ប្រហែល៣០ភាគរយ នៅខេត្តទាំងបីនេះ។
កន្លងមកលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការខ្ចីលុយ ឬជំពាក់លុយធនាគារ ឬមីក្រូហិរញ្ញវត្ថុ គឺមិនមែនជារឿងអាក្រក់នោះទេ។ អ្វីដែលសំខាន់នោះ តើអ្នកខ្ចីលុយពីប្រព័ន្ធធនាគារទាំងនោះ បានប្រើប្រាស់ចំគោលដៅ ឬ តម្រូវជាក់ស្តែង ក្នុងជីវភាពរស់នៅឬអត់?
លោកស្រី បាននិយាយដូច្នេះ៖ «ការណ៍ដែលយើងខ្ចីលុយគេមិនមែនសុទ្ធតែអាក្រក់ទេ។ សំខាន់ពេលយើងទៅខ្ចីលុយគេ យើងត្រូវដឹងថា យើងយកទៅប្រើប្រាស់អ្វីពិតប្រាកដ។ បើយើងខ្ចីលុយគេទៅរកស៊ីជួញដូរ ដើម្បីបានចំណូលបន្ថែម ហើយសងគេវិញ នោះជា ការណ៍ល្អ តែបើយើងខ្ចីលុយគេយកទៅប្រើខុសគោដៅ ដូចជា ដូរស៊េរីម៉ូតូ ដូរទូរសព្ទថ្មី...គឺ ខុសហើយ »។
ជាមួយគ្នានេះ ទេសាភិបាលធនាគារជាតិ ក៏បានលើកទឹកចិត្តដល់ពលរដ្ឋ ត្រូវបង្កើនទម្លាប់សន្សំប្រាក់ និងត្រូវសន្សំជាមួយគ្រឹះស្ថានផ្លូវការ ព្រោះបានទាំងសុវត្ថិភាព និងបានទាំងការប្រាក់ដែលជាប្រភពចំណូលបន្ថែម៕