សង្គមអន្តរជាតិ​
អន្តរជាតិ
ចំនួននិស្សិតអន្តរជាតិនៅអូស្រ្តាលីកើនឡើងកម្រិតខ្ពស់
05, Apr 2024 , 5:19 pm        
រូបភាព
និស្សិតនៅសាកលវិទ្យាល័យ Deakin អូស្ត្រាលី។ រូបភាព ៖ Deakin University
និស្សិតនៅសាកលវិទ្យាល័យ Deakin អូស្ត្រាលី។ រូបភាព ៖ Deakin University
ចំនួននិស្សិតអន្តរជាតិនៅអូស្ត្រាលីបានកើនឡើងដល់ជាង ៧១៣ពាន់នាក់ ដែលជាកំណត់ត្រាដ៏ខ្ពស់មួយនៅក្នុងប្រទេស។
 
បើតាមទិន្នន័យគិតត្រឹមថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រកាសដោយរដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃទី១ ខែមេសា ចំនួននិស្សិតអន្តរជាតិ ៧១៣ពាន់នាក់នេះកើនឡើង ៧,៣ភាគរយបើធៀបទៅនឹងតួលេខកាលពីខែកញ្ញាឆ្នាំមុនមានត្រឹម ៦៦៤ពាន់នាក់ប៉ុណ្ណោះ។
 
លោកបណ្ឌិត Abul Rizvi អតីតអនុរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលីបាននិយាយថា នេះជាកំណត់ត្រាប្រវត្តិសាស្រ្តមួយ ខណៈចំនួនអ្នកកាន់ទិដ្ឋាការបណ្តោះអាសន្នសរុបនៅអូស្ត្រាលីក៏ជាចំនួនខ្ពស់បំផុតមិនធ្លាប់មានជាង ២,៨លាននាក់។
 
ទោះបីជាទិន្នន័យត្រូវបានចងក្រងមុនពេលគោលនយោបាយរឹតបន្តឹងទិដ្ឋាការរបស់អូស្ត្រាលីចូលជាធរមានកាលពីថ្ងៃទី២៣ ខែមីនាក៏ដោយ លោក Abul បានទទួលស្គាល់ថារដ្ឋាភិបាលនៅតែមានការងារជាច្រើនទៀតដែលត្រូវធ្វើដើម្បីកាត់បន្ថយចំនួនជនអន្តោប្រវេសន៍។
 
លោក Albul បាននិយាយថា ៖« រដ្ឋាភិបាលបន្តគោលនយោបាយការធ្វើចំណាកស្រុករយៈពេលវែង ប៉ុន្តែអូស្ត្រាលីកំពុងមានចំនួនជនចំណាកស្រុកបណ្តោះអាសន្នខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ»។ នេះបើតាមសារព័ត៌មាន The Guardian។
 
នៅឆ្នាំ២០២២ អូស្ត្រាលីបានដាក់ចេញនូវគោលនយោបាយបើកចំហជាច្រើនដើម្បីទាក់ទាញកម្មករបន្ទាប់ពីជំងឺរាលដាលកូវីដ-១៩ ។ ទោះ​ជា​យ៉ាង​ណា ការ​ហូរ​ចូល​នៃ​ពលករ និង​និស្សិត​បរទេស​បាន​បង្កើន​សម្ពាធ​លើ​ទីផ្សារ​លំនៅឋាន។
 
យោងតាមការិយាល័យស្ថិតិអូស្ត្រាលី ចំនួនអ្នកអន្តោប្រវេសន៍សុទ្ធបានកើនដល់ ៥៤៨ ៨០០នាក់កាលពីខែកញ្ញាឆ្នាំមុន កើនឡើងជាង ៣០ម៉ឺននាកធៀបខែមិថុនា ។ ប្រជាជនអូស្ត្រាលីក៏កើនឡើង ២,៥ភាគរយដល់ជាង ២៦,៨លាននាក់។ ទាំងអស់នេះ ជាការកើនឡើងធំបំផុតមិនធ្លាប់មាន។
 
បន្ទាប់មកប្រទេសនេះ បន្តចាត់វិធានការរឹតបន្តឹងទិដ្ឋាការសិស្ស និស្សិតអន្តរជាតិដូចជាការបង្កើនការស្នើបញ្ជាក់ហិរញ្ញវត្ថុ និងការហាមឃាត់សាលារៀនមិនឱ្យសិស្សចូលរៀនវគ្គសិក្សាបន្ថែមមុននឹងបញ្ចប់កម្មវិធីរយៈពេល៦ខែពេញ ដើម្បីការពារការផ្ទេរទិដ្ឋាការទៅធ្វើការ។
 
ចាប់តាំងពីថ្ងៃទី២៣ ខែមីនា អ្នកដាក់ពាក្យសុំទិដ្ឋាការសាកលវិទ្យាល័យត្រូវសម្រេចបាន IELTS ៦.0 ជំនួសឱ្យ ៥.៥ ដូចពីមុន។ សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា (អនុបណ្ឌិត បណ្ឌិត) តម្រូវការគឺ ៦.៥ ក៏កើនឡើង ០.៥ពិន្ទុ។
 
លើសពីនេះ និស្សិតអន្តរជាតិត្រូវតែប្រឡងយក The Genuine Student Test (GST) ដែលជំនួសរបាយការណ៍ការចូលបណ្តោះអាសន្នចាស់ (GTE) ដើម្បីធានាថា ទិដ្ឋាការរបស់ពួកគេមានសុពលភាពសម្រាប់គោលបំណងសិក្សា។
 
អូស្ត្រាលី ជាគោលដៅសិក្សានៅបរទេសដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក បន្ទាប់ពីអាម៉េរិក និងកាណាដា។ ក្នុងចំណោមនិស្សិតអន្តរជាតិ ចំនួនច្រើនជាងគេគឺមកពីចិន ឥណ្ឌា និងនេប៉ាល់៕ 

Tag:
 អូស្រ្តាលី
  និស្សិតអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com