សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
Samsung រំពឹងថាកើនឡើងប្រាក់ចំណេញ ១០ដង ដោយសារបន្ទះឈីប
06, Apr 2024 , 10:39 am        
រូបភាព
ទីស្នាក់ការកណ្តាលក្រុមហ៊ុន​ Samsung នៅសេអ៊ូល ។ រូបភាព ៖ The Korea Herald
ទីស្នាក់ការកណ្តាលក្រុមហ៊ុន​ Samsung នៅសេអ៊ូល ។ រូបភាព ៖ The Korea Herald
ការងើបឡើងវិញនៃតម្លៃបន្ទះឈីបបានជួយឲ្យក្រុមហ៊ុន Samsung Electronics រំពឹងថានឹងទទួលបានប្រាក់ចំណេញជិត ៤,៩ពាន់លានដុល្លារក្នុងរយៈពេល ៣ខែ ក្នុងឆ្នាំ២០២៤។ នេះបើតាមសារព័ត៌មាន Reuters ។
 
នៅថ្ងៃទី៥ ខែមេសា ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សកូរ៉េខាងត្បូង Samsung Electronics បានព្យាករប្រាក់ចំណេញនៅត្រីមាសទី១នឹងកើនដល់ ៦,៦ទ្រីលានវ៉ុន (៤,៨៩ពាន់លានដុល្លារ)។ ចំនួននេះបានកើនឡើងច្រើនជាង១០ដងធៀបនឹង ៦៤០ពាន់លានវ៉ុនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហេតុផលដោយសារតែការងើបឡើងវិញនៃតម្លៃបន្ទះឈីបកើនចន្លោះ១៥-២០ភាគរយ ដែលធ្វើឲ្យប្រាក់ចំណេញក្រុមហ៊ុននេះឡើងខ្ពស់។
 
កាលឆ្នាំមុន តម្រូវការបន្ទះឈីបបានធ្លាក់ចុះនៅទូទាំងពិភពលោក ដែលបណ្តាលផលិតផលក្នុងស្តុកកើនឡើង។ នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ បន្ទះឈីបរបស់ក្រុមហ៊ុន Samsung Electronics បានបាត់ចំណូលដល់ ៤,៥៨ពាន់លានវ៉ុន (៣,៤ ពាន់លានដុល្លារ)។
 
នៅឆ្នាំ២០២១ Samsung បានវ៉ាដាច់ Intel ដើម្បីក្លាយជាក្រុមហ៊ុនផលិតបន្ទះឈីបសឺមីកុងឌុចទ័រដែលមានប្រាក់ចំណូលខ្ពស់បំផុតនៅទូទាំងពិភពលោក។ បច្ចុប្បន្ន Samsung ជាក្រុមហ៊ុនផលិតបន្ទះឈីប គ្រឿងអេឡិចត្រូនិច និងទូរទស្សន៍ដ៏ធំបំផុតរបស់ពិភពលោក។
 
Samsung Electronics ជាធម្មតាមិនបញ្ចេញព័ត៌មានច្រើននៅក្នុងការប៉ាន់ស្មានបឋមនោះទេ។ បច្ចុប្បន្នវិនិយោគិនកំពុងរង់ចាំរបាយការណ៍លទ្ធផលអាជីវកម្មផ្លូវការដែលនឹងប្រកាសក្នុងខែនេះ។
 
ក្រុមអ្នកវិនិយោគចាំមើលថាតើអាជីវកម្មសឺមីកុងឌុចទ័រនេះ នឹងត្រឡប់ទៅរកប្រាក់ចំណេញបានដែរឬយ៉ាងណា។ ឧបករណ៍របស់ Samsung មួយចំនួនរួមទាំងបន្ទះឈីបបានបាត់បង់ប្រាក់ចំនួន៤ត្រីមាសជាប់ៗគ្នាកាលពីចុងឆ្នាំ ២០២៣។ 
 
ក្រុមអ្នកវិភាគបាននិយាយថា Samsung Electronics នៅពីក្រោយគូប្រជែងដូចជា SK Hynis និង Micron Technology ក្នុងការប្រណាំងសម្រាប់ការធ្វើបន្ទះឈីបអង្គចងចាំកម្រិតបញ្ជូនខ្ពស់ (HBM) ដែលជាសមាសធាតុស្នូលនៅក្នុងបញ្ញាសិប្បនិម្មិត (AI)៕

Tag:
 Samsung
  បន្ទះឈីប
© រក្សាសិទ្ធិដោយ thmeythmey.com