សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាម៉េរិក​កំពុង​ព្យាយាម​រារាំង​ចិន ​ពី​ការលក់​ទំនិញ​ថោកៗ​ទៅកាន់​ពិភពលោក
08, Apr 2024 , 4:09 pm        
រូបភាព
រដ្ឋមន្រ្តីរតនាគារអាម៉េរិកលោកស្រី Janet Yellen  និងអភិបាលខេត្ត Guangdong លោក Wang Weizhong ។ រូបភាព ៖ X/@SecYellen
រដ្ឋមន្រ្តីរតនាគារអាម៉េរិកលោកស្រី Janet Yellen និងអភិបាលខេត្ត Guangdong លោក Wang Weizhong ។ រូបភាព ៖ X/@SecYellen
ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មន្រ្តីហិរញ្ញវត្ថុ និងពាណិជ្ជកម្មអាម៉េរិក និងចិនបានជួបប្រជុំគ្នាជាបន្តបន្ទាប់ ដើម្បីពិភាក្សាដោយផ្តោតលើបញ្ហាផលិតផលដ៏ច្រើនសន្ធឹករបស់ចិន។ ក្នុងកិច្ចពិភាក្សាទាំងនោះ ភាគីអាម៉េរិកបានលើកឡើងពីផលប៉ះពាល់របស់ផលិតផលចិនមួយចំនួន ដូចជា ផលិតរថយន្តអគ្គិសនី បន្ទះថាមពលពន្លឺព្រះអាទិត្យ ផលិតផល​សឺមីកុង​ឌុចទ័រ​ ដែលកំពុងលក់ថោកៗទៅកាន់ពិភពលោក។
 
រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាម៉េរិក លោកស្រី Janet Yellen បាន​ទៅចិន​នៅ​ថ្ងៃ​ទី៤ ខែ​មេសា ដោយបានចាប់ផ្តើមកិច្ចប្រជុំរយៈពេល៤ថ្ងៃ ជាមួយមេដឹកនាំជាន់ខ្ពស់ប្រទេសនេះ។ ការផ្តោតសំខាន់នៃការធ្វើដំណើររបស់ស្រី Yellen គឺពិភាក្សាអំពីផលវិបាក នៃការផលិតហួសប្រមាណរបស់ចិន និងបរិយាកាសធុរកិច្ចដែលកាន់តែមានការប្រកួតប្រជែងសម្រាប់អាជីវកម្មអាម៉េរិក។
 
លោកស្រីបានជួបជាមួយមេដឹកនាំខេត្ត Guangdong លោក Wang Weizhong និងឧបនាយករដ្ឋមន្ត្រីចិន He Lifeng ដើម្បីពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ចអាម៉េរិក-ចិន។ យ៉ាង​ណា​មិញ ការ​ចរចា​លើក​នេះ ​ត្រូវ​​រំពឹង​ថា​នឹង​មាន​ភាព​ចម្រូងចម្រាស​ជាង​លើក​មុន។
 
លោកស្រី Yellen និងមន្ត្រីក្នុងរដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃឌិន​ មានការព្រួយបារម្ភកាន់តែខ្លាំងឡើ ងអំពីការផលិតរថយន្តអគ្គិសនី បន្ទះថាមពលពន្លឺព្រះអាទិត្យ ផលិតផល​សឺមីកុងឌុចទ័រ និងទំនិញជាច្រើនទៀតរបស់ចិន។ ផលិតផលទាំងនេះកំពុងត្រូវបាននាំចេញយ៉ាងច្រើន ក្នុងបរិបទនៃតម្រូវការក្នុងស្រុកធ្លាក់ចុះ។ លោកស្រី បានចង្អុលបង្ហាញទៅភាគីចិនថា នេះមិនមាននិរន្តរភាពសម្រាប់ចិន ហើយក៏មិនមានប្រយោជន៍សម្រាប់ក្រុមហ៊ុនផលិត នៅក្នុងប្រទេសផ្សេងទៀតដែរ។
 
ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Yellen ទៅ​កាន់​​ចិន​ធ្វើឡើង​មួយ​ថ្ងៃ ​បន្ទាប់​ពី​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាម៉េរិក និង​ចិន​បាន​ជួប​គ្នា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ នៅ​ថ្ងៃ​ទី៤ ខែ​មេសា ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ពាណិជ្ជកម្ម និង​ការ​វិនិយោគ។ នៅទីនេះ មន្ត្រីអាម៉េរិកបានលើកឡើងពីការព្រួយបារម្ភអំពីការផលិតលើសចំណុះ នៅក្នុងឧស្សាហកម្មចិនជាបន្តបន្ទាប់។
 
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Marisa Lago បានបញ្ជាក់សាជាថ្មីថា គោលដៅរបស់ពួកគេគឺរក្សាទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគឱ្យមានសុខភាពល្អ ពីព្រោះនេះផ្តល់អត្ថប្រយោជន៍ដល់កម្លាំងពលកម្ម និងអាជីវកម្មអាម៉េរិក។
 
អ្នកជំនាញពាណិជ្ជកម្មមួយចំនួនជឿថា នេះជាជំហានដំបូងរបស់អាម៉េរិកក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកការដំឡើងពន្ធនាំចូលលើរថយន្តអគ្គិសនីរបស់ចិន និងផលិតផលថាមពលស្អាត។ ការណ៍នេះ គឺដើម្បីការពារផលប្រយោជន៍ឧស្សាហកម្មអាម៉េរិក។
 
ដំណើរទស្សនកិច្ចនៅចិនសារជាថ្មីរបស់លោកស្រី Yellen នាពេលនេះ  ដើម្បីបញ្ចៀសការគំរាមកំហែងអំពីរបាំងពាណិជ្ជកម្មថ្មី។ យ៉ាងណាមិញ នៅថ្ងៃទី៤ ខែមេសា លោកស្រីប្រកាស​ថា នឹងមិនបដិសេធវិធានការបន្ថែមទៀត ដើម្បីការពារខ្សែច្រវាក់ផ្គត់ផ្គង់របស់អាម៉េរិក សម្រាប់រថយន្តអគ្គិសនី អាគុយអគ្គិសនី បន្ទះស្រូបពន្លឺព្រះអាទិត្យ និងផលិតផលជាច្រើនទៀតដែលជាទំនិញនាំចូលថោកៗពីចិន។
 
នៅក្នុងការលើកឡើងនៅឯក្រុមហ៊ុនបន្ទះស្រូបពន្លឺព្រះអាទិត្យ Suniva នៅរដ្ឋ Georgia កាលពីថ្ងៃទី២៧ ខែមីនា លោកស្រីនិយាយថា ចិនកំពុងពិចារណាសេដ្ឋកិច្ចពិភពលោក ជាកន្លែងសម្រាប់ចោលផលិតផលថាមពលស្អាត ដែលមានតំលៃថោក។ លោកស្រីថា ៖« ខ្ញុំមានការព្រួយបារម្ភពិភពលោកនឹងដូចទៅជាចិន ដែលពោរពេញដោយផលិតផលលើសចំណុះ។ ការណ៍នេះ បានកំពុងបង្ខូចតម្លៃផលិតផល និងប៉ះពាល់ដល់អាជីវកម្ម ជាពិសេសកម្មករនៅអាម៉េរិក»។ នេះបើតាមសារព័ត៌មាន Reuters។ 
 
ក្រសួង​រតនាគារ​អាម៉េរិក​មិន​រំពឹង​ថា​ ចិននឹង​មាន​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​ធំ​មួយ​ បន្ទាប់​ពី​ការ​ធ្វើ​ដំណើរ​របស់​លោកស្រី Yellen ទេ។ យ៉ាងណាមិញ ភាគីទាំងពីរចាំបាច់ត្រូវពិភាក្សាអំពីបញ្ហាដែលការវិនិយោគច្រើនពេកនៅក្នុងវិស័យទាំងនេះ បណ្តាលឱ្យប៉ះពាល់នៅទូទាំងពិភពលោក។
 
ប៉ុន្មានឆ្នាំមកនេះ ចិនបានចំណាយប្រាក់រាប់ពាន់លានដុល្លារទៅក្នុងថាមពលស្អាត លើសប្រទេសភាគច្រើនក្នុងពិភពលោក ក្នុងការផ្លាស់ប្តូរថាមពល។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការក្នុងស្រុកនាពេលថ្មីៗនេះបានចុះខ្សោយ ដែលបង្ខំឱ្យប្រទេសនេះលក់ផលិតផលជាបន្តបន្ទាប់នៅទូទាំងពិភពលោក។ ដូច្នេះតម្លៃទំនិញជាច្រើនបានធ្លាក់ចុះ ដោយដាក់សម្ពាធលើក្រុមហ៊ុនផលិតនៅក្នុងប្រទេសជាច្រើនទៀត។
 
អ្នក​សង្កេតការណ៍​និយាយ​ថា ទីក្រុង​ប៉េកាំង​នៅ​តែ​ហាក់​ចង់​បង្កើន​ការ​វិនិយោគ​ក្នុង​ផលិតកម្ម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ខ្ពស់។ ជំហរនេះកាន់តែមានចម្រូងចម្រាសជាមួយសហភាពអឺរ៉ុប (EU) ជប៉ុន ម៉ិកស៊ិក និងប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត។
 
កាលពីខែមីនា មេដឹកនាំចិនបានសន្យាថានឹងប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រថ្មីរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ក្នុងការវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍបច្ចេកវិទ្យារថយន្តអគ្គិសនី ការហោះហើរក្នុងលំហអាកាសពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ។ ទាំងនេះជាវិស័យដែលក្រុមហ៊ុនអាម៉េរិកជាច្រើន កំពុងទទួលបានអត្ថប្រយោជន៍៕ 

Tag:
 អាម៉េរិក
  ចិន
  រថយន្តអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com