សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃ ជំរុញការប្រើប្រាស់ទិដ្ឋាការរួមជាមួយកម្ពុជា និងប្រទេស៤ទៀត
08, Apr 2024 , 9:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃជាមួយភ្ញៀវទេសចរចិននៅព្រលានយន្តហោះសុវណ្ណភូមិ ទីក្រុងបាងកក។ រូបភាព ៖ AFP
នាយករដ្ឋមន្រ្តីថៃជាមួយភ្ញៀវទេសចរចិននៅព្រលានយន្តហោះសុវណ្ណភូមិ ទីក្រុងបាងកក។ រូបភាព ៖ AFP
ថៃចង់ចូលរួមជាមួយកម្ពុជា ឡាវ វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ាបង្កើតតំបន់ទិដ្ឋាការរួមមួយ ដើម្បីឱ្យភ្ញៀវទេសចរអន្តរជាតិអាចស្នើសុំទិដ្ឋាការម្តង ប៉ុន្តែអាចទៅទស្សនាបាន ៦ប្រទេស។
 
គោលនយោបាយទិដ្ឋាការរួមរវាងប្រទេសចំនួន៦ ត្រូវបានប្រដូចទៅនឹងទិដ្ឋាការ Schengen បែបអាស៊ី។ ទិដ្ឋាការ Schengen អនុញ្ញាតឱ្យអ្នកធ្វើដំណើរផ្លាស់ទីដោយសេរីក្នុងចំណោមប្រទេសដូចជា អូទ្រីស ព័រទុយហ្គាល់ អាល្លឺម៉ង់ អ៊ីតាលី ស្វីស​ ក្រិច និងប្រទេសអឺរ៉ុបផ្សេងទៀត ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការច្រើនដងក្នុងមួយឆ្នាំ។ នៅអឺរ៉ុប ទិដ្ឋាការ Schengen ជួយភ្ញៀវទេសចរផ្លាស់ទីដោយសេរីរវាងប្រទេសចំនួន២៧។ 
 
ថៃចង់ទាញយកអត្ថប្រយោជន៍ពីគោលនយោបាយទិដ្ឋាការរួមនេះ ដើម្បីចរចាជាមួយបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបឆ្ពោះទៅរកកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាង Schengen និងក្រុមអាស៊ាន។ 
 
ប្រសិនបើគំនិតផ្តួចផ្តើមនេះទទួលបានជោគជ័យ ភ្ញៀវទេសចរគ្រាន់តែស្នើសុំទិដ្ឋាការនៅក្នុងប្រទេសមួយក្នុងចំណោមប្រទេសទាំង ៦រួមមាន ថៃ កម្ពុជា វៀតណា មីយ៉ាន់ម៉ា ឡាវ និងម៉ាឡេស៊ី ដើម្បីអាចធ្វើដំណើរ និងទស្សនាប្រទេសដែលនៅសល់ដោយសេរី។
 
ទិដ្ឋាការចូលមួយដង ជាមហិច្ឆិតាដ៏បំផុតនៃគំនិតផ្តួចផ្តើមផ្សព្វផ្សាយទេសចរណ៍របស់នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន ក្នុងគោលដៅរយៈពេលវែង។ មេដឹកនាំភាគច្រើននៃប្រទេសចំនួន៥ ទៀតបានឆ្លើយតបជាវិជ្ជមានចំពោះគំនិតផ្តួចផ្តើមទិដ្ឋាការរួមរបស់ថៃ។ ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៦ បានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ៧០លាននាក់នៅឆ្នាំ២០២៣ ដែលក្នុងនោះថៃ និងម៉ាឡេស៊ីមានចំនួនជាង ៥០ភាគរយនៃភ្ញៀវទេសចរណ៍ និងរកប្រាក់ចំណូលបានប្រម៉ាណ ៤៨ពាន់លានដុល្លារ។
 
រដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី សេដ្ឋា មានបំណងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៨០លាននាក់នៅឆ្នាំ ២០២៧ កើនឡើងទ្វេដងពីការសម្រេចបាននៅឆ្នាំ២០១៩ ។ ចាប់តាំងពីឡើងកាន់អំណាចក្នុងខែកក្កដា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីថៃបានផ្សព្វផ្សាយគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរដូចជាការលើកលែងទិដ្ឋាការទ្វេភាគីជាមួយចិន។ ការលើកលែងទិដ្ឋាការបណ្តោះអាសន្នសម្រាប់ភ្ញៀវទេសចរមកពីឥណ្ឌា តៃវ៉ាន់ និងកាហ្សាក់ស្ថាន។ 
 
ទន្ទឹមនេះ ថៃ​ក៏​កំពុង​ពិចារណា​បើក​កាស៊ីណូ​នៅ​ក្នុង​តំបន់​ទេសចរណ៍ និងតំបន់​កម្សាន្ត​ធំៗ​ដើម្បី​បង្កើន​ប្រាក់​ចំណូល។ វិស័យទេសចរណ៍ ជាឧស្សាហកម្មដែលនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនដល់ថៃដែលបង្កើតការងារចំនួន២០ភាគរយនៃការងារសរុប។ ប្រាក់ចំណូលពីទេសចរណ៍មានចំនួន ១២ភាគរយនៃផលិតផលក្នុងស្រុកសរុប ៥០០ពាន់លានដុល្លាររបស់ប្រទេស។ នេះបើតាមកាសែត Bangkok Post ។ 
 
យ៉ាងណាមិញ ក្តីរំពឹងនៃការប្រើប្រាស់ទិដ្ឋាការរួមនេះនៅតែមានផលពិបាកមួយចំនួន។ បើតាមសាស្ត្រាចារ្យ Thitinan Pongsudhirak នៅសាកលវិទ្យាល័យ Chulalongkorn បានបញ្ជាក់ថា កិច្ចព្រមព្រៀងទិដ្ឋាការរួមអាចនឹងពិបាក ហើយមានបញ្ហាប្រឈមច្រើន ពីព្រោះប្រទេសនានាត្រូវតែសម្រេចបាននូវស្តង់ដាររួមនៅក្នុងគោលនយោបាយអន្តោប្រវេសន៍ ហើយប្រទេសក្នុងក្រុមប្រទេសទាំង៦ នៅតែទទួលបានកំណត់ត្រាភ្ញៀវទេសចរមិនស្មើគ្នា៕ 

Tag:
 ថៃ
  ទិដ្ឋាការ
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com