សង្គមអន្តរជាតិ​
អន្តរជាតិ
គ្រូពេទ្យចិន ជោគជ័យក្នុងការប្តូរក្រលៀនជ្រូកមកមនុស្ស
10, Apr 2024 , 8:59 pm        
រូបភាព
គ្រូពេទ្យចិនកំពុងវះកាត់ប្តូរសិរីរាង្គនៅមន្ទីរពេទ្យ Xijing ។ រូបភាព ៖ Xinhua
គ្រូពេទ្យចិនកំពុងវះកាត់ប្តូរសិរីរាង្គនៅមន្ទីរពេទ្យ Xijing ។ រូបភាព ៖ Xinhua
វេជ្ជបណ្ឌិតចិន បានជោគជ័យក្នុងការវះកាត់ប្តូរក្រលៀនជ្រូកដែលផ្លាស់ប្តូរហ្សែនច្រើនសម្រាប់មនុស្សស្លាប់ខួរក្បាល។ តម្រងនោម​ដែល​ប្តូរ​បាន​ដំណើរការ​ល្អ​រយៈពេល ១៣ ថ្ងៃររួចមកហើយ។ នេះបើតាមសារព័ត៌មាន South China Morning Post ។
 
ការវះកាត់ប្តូរតម្រងនោមនេះធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ដែលក្នុងនោះតម្រងនោមរបស់ជ្រូកត្រូវបានផ្លាស់ប្តូរហ្សែនទៅដាក់មនុស្សស្លាប់ខួរក្បាល។ កាសែតចិន Science and Technology Daily បានដកស្រង់សម្តីវេជ្ជបណ្ឌិត Qin Weijun នៅមន្ទីរពេទ្យ Xijing នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រកងទ័ពអាកាសខេត្ត Shaanxi ថា គិតត្រឹមថ្ងៃទី៧ ខែមេសា តម្រងនោមនៅតែដំណើរការល្អ ១៣ថ្ងៃបន្ទាប់ពីការផ្លាស់ប្តូរ និងកំពុងផលិតទឹកនោមធម្មតា។
 
លោក Qin បញ្ជាក់ថា ការវះកាត់នេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកគោលដៅនៃការប្តូរតតម្រងនោមនៅចិនសម្រាប់ការស្រាវជ្រាវ និងការអនុវត្តនៅតាមគ្លីនិកនៃការប្តូរតម្រងនោម និងអាចនាំមកនូវរបកគំហើញថ្មីសម្រាប់ព្យាបាលសម្រាប់អ្នកជំងឺដែលមានតម្រងនោមដំណាក់កាលចុងក្រោយនាពេលអនាគត។ 
 
ការប្តូរតម្រងនោមបច្ចុប្បន្ន​ ជាវិធីសាស្រ្តតែមួយគត់ដើម្បីព្យាបាលអ្នកដែលមានជំងឺតម្រងនោមដំណាក់កាលចុងក្រោយ។ យ៉ាងណាក៏ដោយ កង្វះសរីរាង្គបានក្លាយជាបញ្ហាសកលដែលប្រឈមចំពោះការប្តូរសរីរាង្គ។ 
 
ចិនមានអ្នកជំងឺជាង១លាននាក់ដែលមានជំងឺតម្រងនោមដំណាក់កាលចុងក្រោយ ហើយមានការវះកាត់តម្រងនោមតែជាង ១០ ០០០នាក់ប៉ុណ្ណោះដែលត្រូវបានធ្វើជារៀងរាល់ឆ្នាំ។
 
ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាកែសម្រួលហ្សែន និងភាពស៊ាំ ការស្រាវជ្រាវពីការប្តូរក្រលៀននេះ រំពឹងថានឹងក្លាយទៅជាវិធីសាស្រ្តថ្មីមួយដើម្បីដោះស្រាយបញ្ហាកង្វះសរីរាង្គ។ ក្នុងចំណោមការស្រាវជ្រាវលើការប្តូរក្រលៀនជ្រូកដែលផ្លាស់ប្តូដោយហ្សែន បានសម្រេចនូវរបកគំហើញសំខាន់ៗជាបន្តបន្ទាប់។ 
 
មកទល់នឹងពេលនេះ នៅលើពិភពលោកមានការប្តូរក្រលៀនជ្រូកចំនួន៦ ដែលផ្លាស់ប្តូរហ្សែនច្រើនសម្រាប់មនុស្សស្លាប់ខួរក្បាល និងចំនួន១ លើការប្តូរតម្រងនោមសម្រាប់មនុស្សរស់។
 
មុននេះ កាលពីថ្ងៃទី១០ ខែមីនា មន្ទីរពេទ្យខាងលើទើបតែបានធ្វើការប្តូរថ្លើមដំបូងបង្អស់របស់ពិភពលោក ពីថ្លើមជ្រូកដោយផ្លាស់ប្តូរហ្សែនច្រើនទៅដាក់លើរាងកាយរបស់មនុស្សដែលស្លាប់ខួរក្បាល៕ 

Tag:
 ចិន
  តម្រងនោម
  ក្រលៀន
© រក្សាសិទ្ធិដោយ thmeythmey.com