ជាតិ
ព័ត៍មានសុខភាព
សុខភាព
ម៉ាក់​ប៉ា មើល​ៗ​ផង​កូន​ខ្វះ​ជាតិ​ដែក អាច​បណ្ដាល​ឲ្យ​ស្លេកស្លាំង​មិនល្អ​ដល់​សុខភាព
15, Apr 2024 , 6:59 am        
រូបភាព
ម៉ាក់​ប៉ា មើល​ៗ​ផង​កូន​ខ្វះ​ជាតិ​ដែក អាកង្វះ​ជាតិ​ដែក អាច​ធ្វើ​ឲ្យ​កុមារ​ប្រឈម​នឹង​បញ្ហា​លូតលាស់​របស់​រាង​កាយ និង​បញ្ញា​ស្មារតី ហើយ​អាច​ធ្វើ​ឲ្យ​កុមារ​មាន​ជំងឺ​ស្លេកស្លាំង​ទៀត​ផង​។ ជំងឺ​ស្លេកស្លាំង​ដោយសារ​ខ្វះ​ជាតិ​ដែក ជា​បញ្ហា​មួយ​ដែល​ឧស្សាហ៍​ជួប​ប្រទះ​លើ​កុមារ ដោយសារ​តែ​ពួក​គេ​មិន​បាន​ទទួល​ជាតិ​ដែក​គ្រប់គ្រាន់​ពី​របប​អាហារ​។
 
តើ​ជាតិ​ដែក​មាន​សារសំខាន់​បែប​ណា​ចំពោះ​កុមារ?
ជាតិ​ដែក​ជួយ​ដឹកនាំ​អុក​ស៊ី​សែន​ពី​សួត​ទៅ​កាន់​សរីរាង្គ​ផ្សេង​ទៀត​នៃ​រាង​កាយ និង​ជួយ​សាច់ដុំ​រក្សា​ទុក និង​ប្រើប្រាស់​អុក​ស៊ី​សែន​ផង​ដែរ​។ បើសិនជា​កុមារ​មាន​របប​អាហារ​មិន​មាន​ជាតិ​ដែក​គ្រប់គ្រាន់ នោះ​ពួក​គេ​នឹង​អាច​វិ​វត្ត​ទៅ​ជា​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក​។
 
បញ្ហា​ខ្វះ​ជាតិ​ដែក​លើ​កុមារ គឺជា​បញ្ហា​ទូទៅ​មួយ​ដែល​ឧស្សាហ៍​កើត​មាន​លើ​កុមារ​។ បញ្ហា​ខ្វះ​ជាតិ​ដែក​អាច​មាន​កម្រិត​ផ្សេង​ៗ​គ្នា​ដោយ​ចាប់តាំងពី​កម្រិត​ស្រាល ដល់​កម្រិត​ខ្វះ​ជាតិ​ដែក​បណ្ដាល​ឲ្យ​មាន​ជំងឺ​ស្លេកស្លាំង​។ ជំងឺ​ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក គឺជា​បញ្ហា​សុខភាព​មួយ​ដែល​ឈាម​មិន​មាន​កោសិកា​ឈាមក្រហម​គ្រប់គ្រាន់​។ ការ​មិន​យកចិត្តទុកដាក់​ព្យាបាល​បញ្ហា​ខ្វះ​ជាតិ​ដែក​លើ​កុមារ នឹង​ធ្វើ​ឲ្យ​កុមារ​ប្រឈម​នឹង​បញ្ហា​លូតលាស់​ផ្នែក​រាង​កាយ និង​បញ្ញា​ស្មារតី​។
 
កុមារ​ប្រភេទ​ណា​ងាយ​ប្រឈម​បញ្ហា​ខ្វះ​ជាតិ​ដែក?
ទារក និង​កុមារ​ដែល​មាន​ហានិភ័យ​ខ្ពង់​នឹង​បញ្ហា​ខ្វះ​ជាតិ​ដែក​រួម​មាន​៖
 
•​ ​ទារក​កើត​មិន​គ្រប់​ខែ ឬ​មាន​ទម្ងន់​មិន​ត្រូវ​ស្តង់ដារ
•​ ​ក្មេង​ដែល​ផឹក​ទឹកដោះគោ ឬ​ទឹកដោះពពែ​មុន​អាយុ​១​ឆ្នាំ
•​ ​ទារក​បំបៅ​ដោះ​ដែល​មិន​បាន​ទទួល​អាហារ​បន្ថែម​ក្រៅ​ក្រោយ​អាយុ ៦​ខែ
•​ ​ទារក​ដែល​បៅ​ទឹកដោះគោ​ម្សៅ​មិន​មាន​បន្ថែម​ជាតិ​ដែក
•​ ​កុមារ​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ ដូច​ជា​ការ​ឆ្លង​មេរោគ​រ៉ាំរ៉ៃ
•​ ​កុមារ​ដែល​មិន​ព្រម​ញ៉ាំ​អាហារ​មាន​ជាតិ​ដែក
•​ ​កុមារ​ធាត់​លើស​ទម្ងន់
 
ដូច​គ្នា​ដែរ ក្មេង​ស្រី​វ័យ​ជំទង់ ក៏​ប្រឈម​នឹង​បញ្ហា​ខ្វះ​ជាតិ​ដែក​ដែរ ដោយសារ​រាង​កាយ​បាត់បង់​ឈាម​ច្រើន​នៅ​ពេល​មក​រដូវ​ម្ដង​ៗ​។ ជា​ទូទៅ​រោគ​សញ្ញា​ខ្វះ​ជាតិ​ដែក​មាន​ដូច​ជា​ស្លេកស្លាំង អស់កម្លាំង ហត់ ខ្សោយ មាន​បញ្ហា​អាកប្បកិរិយា និង​ងាយ​ឆ្លង​មេរោគ​ជាដើម​។ បើសិនជា​កូន​មាន​ចេញ​រោគ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​ទាំងនេះ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​។
តិច​និក​ការពារ​កូន​ពី​បញ្ហា​ខ្វះ​ជាតិ​ដែក
 
ក្មេង​ដែល​បៅ​ទឹកដោះគោ​ម្សៅ​មាន​បន្ថែម​ជាតិ​ដែក​ទំនងជា​មិន​ប្រឈម​នឹង​បញ្ហា​ខ្វះ​ជាតិ​ដែក​នោះ​ទេ​។ ប៉ុន្តែ​បើ​កូន​បៅ​ទឹកដោះ​ម្ដាយ គឺ​អាច​ប្រឈម​នឹង​បញ្ហា​នេះ​ដែរ ដែល​ជា​ហេតុ​ម៉ាក់​ៗ​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​ច្បាស់​ថា​ខ្លួន ឬ​កូន​គួរ​ត្រូវ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​បន្ថែម​ឬ​យ៉ាងណា​។
 
ក្រៅពី​នេះ​ម៉ាក់​ប៉ា​អាច​អនុវត្ត​វិធីសាស្ត្រ​មួយ​ចំនួន​ទៀត​ដើម្បី​ការពារ​កូន​ពី​បញ្ហា​ខ្វះ​ជាតិ​ដែក​៖
 
បន្ថែម​អាហារ​សម្បូរ​ជាតិ​ដែក​៖ នៅ​ពេល​កូន​ចូល​ដល់​វ័យ​ញ៉ាំ​អាហារ​រឹង​បាន​(​អាយុ​លើស​ពី​៦​ខែ​) ប៉ា​ម៉ាក់​គួរ​ផ្ដល់​ឲ្យ​កូន​នូវ​បបរ​ខាប់​គ្រប់គ្រឿង ហើយ​ពេល​កូន​កាន់តែ​ធំ និង​ចេះ​ញ៉ាំ​អាហារ​កាន់តែ​ច្រើន​គួរ​បញ្ចូល​សាច់​ជ្រូក សាច់​គោ ត្រី សណ្ដែក និង​ស្ពៃ ឬ​បន្លែ​បៃតង​ផ្សេង​ទៀត​។
 
កុំ​ឲ្យ​កូន​ញ៉ាំ​ទឹកដោះគោ​ច្រើន​ពេក​៖ កូន​នៅ​អាយុ​ចន្លោះ​ពី ១-៥​ឆ្នាំ មិន​ត្រូវ​ឲ្យ​ញ៉ាំ​ទឹកដោះគោ​លើស​ពី ៧១០​មិ​ល្លី​លី​ត្រ​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ​។
 
បន្ថែម​អាហារ​សម្បូរ​វីតាមីន C៖ វីតាមីន C ជួយ​ជំរុញ​ដល់​ការ​បឺត​ស្រូប​ជាតិ​ដែក​។ ប៉ា​ម៉ាក់​អាច​ផ្ដល់​អាហារ​មាន​វីតាមីន C ឲ្យ​កូន​ញ៉ាំ ដើម្បី​ឲ្យ​រាង​កាយ​កូន​អាច​ស្រូប​ជាតិ​ដែក​បាន​កាន់តែ​ល្អ​។ អាហារ​សម្បូរ​វីតាមីន C មាន​ដូច​ជា​ពពួក​ផ្លែក្រូច ដំឡូងបារាំង ម្ទេស​ប្លោក និង​បន្លែ​ស្លឹក​បៃតង​ជាដើម ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com