មហាសេដ្ឋិនីអចលនទ្រព្យ លោកស្រី Truong My Lan ត្រូវបានតុលាការកាត់ទោសប្រហារជីវិតពីបទឆបោកទ្រព្យសម្បត្តិធនាគារពាណិជ្ជ Saigon (SCB) ហើយត្រូវបានបង្ខំឱ្យបង់ប្រាក់សំណងជាង ២៥ពាន់លានដុល្លារ។
សាលក្រមកាត់ទោសប្រហារជីវិតលើលោកស្រី Truong My Lan ត្រូវបានប្រកាសដោយតុលាការប្រជាជនទីក្រុងហូជីមិញ នៅរសៀលថ្ងៃទី១១ ខែមេសា បន្ទាប់សវនាការជំនុំជម្រះអស់ជាងមួយខែលើលោកស្រី និងបក្ខពួក ៨៥នាក់ផ្សេងទៀត។
លោកស្រី Truong My Lan ដែលជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Van Thinh Phat Group ត្រូវបានកាត់ទោសលើបទចោទប្រកាន់ចំនួនបីរួមមាន បំពានបទប្បញ្ញត្តិស្តីពីការផ្តល់ប្រាក់កម្ចីរបស់ស្ថាប័នឥណទាន, ស៊ីសំណូក និងការកិបកេងទ្រព្យសម្បត្តិ ។ តាមសារព័ត៌មាន Tuoi Tre មហាសេដ្ឋីអចលនទ្រព្យស្ត្រីរូបនេះត្រូវបានកាត់ទោសប្រហារជីវិតពីបទឧក្រិដ្ឋកម្មឆបោក និងផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២០ឆ្នាំសម្រាប់ឧក្រិដ្ឋកម្មពីរដែលនៅសល់។ ទោសសរុបជារួម គឺលោកស្រី Lan មានទោសប្រហារជីវិត។
ក្រៅពីលោកស្រី Lan ដែលទទួលទោសប្រហារជីវិត ជនជាប់ចោទ៤នាក់ផ្សេងទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត រួមមានលោកស្រី Do Thi Nhan ប្រធាននាយកដ្ឋានអធិការកិច្ចធនាគាររដ្ឋ និងអតីតមេដឹកនាំធនាគារ SCB តាមអណត្តិចំនួនបីនាក់ទៀតមានលោក Dinh Van Thanh អតីតប្រធានធនាគារ លោក Bui Anh Dung អតីតប្រធានធនាគារ និងលោក Vo Tan Hoang Van អតីតអគ្គនាយកធនាគារ។
គួរបញ្ជាក់ថា ដីកាចោទប្រកាន់របស់អយ្យការកំពូលបានចែងថា ចាប់ពីឆ្នាំ២០១២ ដល់ខែតុលា ឆ្នាំ២០២២ លោកស្រី Truong My Lan បានទិញនិងកាន់កាប់ភាគហ៊ុន ធនាគារSCB ចន្លោះពី ៨៥-៩១,៥ភាគរយ។ ពីពេលនោះ ចុងចោទបានក្លាយជាម្ចាស់ភាគហ៊ុនដែលមានអំណាចដើម្បីដឹកនាំប្រតិបត្តិការ និងរៀបចំសកម្មភាពទាំងអស់របស់ធនាគារ SCB ដើម្បីមប្រើផលប្រយោជន៍បក្សពួកខ្លួន។
ក្រោយការការចាប់ខ្លួនលោកស្រី Lan នៅចុងឆ្នាំ ២០២២ វិស័យអចលនទ្រព្យនៅវៀតណាមបានរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសគម្រោងរបស់ក្រុមហ៊ុន Van Thinh Phat ដែលជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេនៅវៀតណាម។ ក្រុមហ៊ុនអចលនទ្រព្យប្រមាណ ១៣០០ក្រុមហ៊ុនបានដកខ្លួនពីទីផ្សារក្នុងឆ្នាំ២០២៣ ចំណែកអ្នកអភិវឌ្ឍលំនៅឋាន បាននឹងកំពុងផ្តល់ការបញ្ចុះតម្លៃដើម្បីទាក់ទាញអ្នកទិញ បើទោះបីជាការជួលផ្ទះជួលបានធ្លាក់ចុះ១ភាគ៣នៅទីក្រុងហូជីមិញក៏ដោយ។
ការចាប់ខ្លួនលោកស្រី Lan នៅខែតុលា ឆ្នាំ២០២២ ជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងអំពើពុករលួយពីសំណាក់បក្សកុម្មុយនីស្តវៀតណាម។ ថ្មីៗនេះ អតីតប្រធានាធិបតី វ៉ វាន់ ធឿង បានលាលែងពីតំណែងកាលពីខែមីនា បន្ទាប់ពីជាប់ពាក់ព័ន្ធក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។
សូមបញ្ជាក់ថា ជនរងគ្រោះក្នុងករណីនេះមានរហូតដល់៤២០០០នាក់ ហើយរដ្ឋអាជ្ញាវៀតណាមបានរកឃើញថា ផលប៉ះពាល់កើតចេញពីការឆបោកខាងលើមានទំហំ ២៧ពាន់លានដុល្លារ ពោលគឺស្មើនឹង៦ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនៅក្នុងឆ្នាំ២០២៣៕