ជាតិ
ពលរដ្ឋខ្មែរជិត៤០ម៉ឺននាក់វិលចូលស្រុកវិញដើម្បីចូលរួមបុណ្យចូលឆ្នាំ
15, Apr 2024 , 9:19 am        
រូបភាព
ពលករខ្មែរ ត្រឡប់មកប្រទេសកំណើតច្រកព្រំដែនកម្ពុជា-ថៃ  ដើម្បីចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មី  កាលពីឆ្នាំ២០២៣។ រូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ពលករខ្មែរ ត្រឡប់មកប្រទេសកំណើតច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មី កាលពីឆ្នាំ២០២៣។ រូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
 
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ដល់១៣ ខែមេសា ម្សិលមិញនេះ មានពលរដ្ឋខ្មែរប្រមាណ៣៩៧,៦៩៨នាក់ បានត្រឡប់មកមាតុប្រទេសវិញ ដើម្បីចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មី ក្នុងនោះ មានពលករ១២៣,៧៩១នាក់។ នេះបើតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែមេសានេះ។
ក្នុងឱកាសបុណ្យចូលឆ្នាំនេះ ភាគីថៃ បានសម្រេចលើកលែងតម្លៃទិដ្ឋាការដល់ពលករខ្មែរ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ដោយអាជ្ញាធរថៃនឹងធ្វើលិខិតថ្មីមួយដើម្បីសម្គាល់ និងគ្រប់គ្រងដំណើរចេញចូលប្រទេសរបស់ពលករខ្មែរ ក្នុងរយៈពេលនេះដែរ។
 
ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំមន្រ្តីតាមច្រកព្រំដែនកម្ពុជា-ថៃ ឱ្យត្រៀមកម្លាំងឱ្យបានត្រឹមត្រូវ ដើម្បីសម្របសម្រួលការធ្វើដំណើរចូលមកប្រទេសរបស់ពលករខ្មែរ នាឱកាសបុណ្យចូលឆ្នាំ និងពេលពួកគេវិលត្រឡប់ទៅធ្វើការងារនៅប្រទេសថៃវិញ។ ដើម្បីពន្លឿនដំណើរចេញ-ចូល របស់ពលករខ្មែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសម្រេចមិនតម្រូវឱ្យបោះត្រាចេញ-ចូលលើលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរនោះឡើយ តែមន្រ្តីព្រំដែនកម្ពុជា ត្រូវកត់ត្រាការចេញចូលរបស់ពលករ ទៅក្នុងប្រព័ន្ធអន្តោប្រវេសន៍ សម្រាប់ភាពងាយស្រួលក្នុងការងារស្រាវជ្រាវ និងកិច្ចការជំនាញផ្សេងៗ។ 
 
ក្រៅពីណែនាំមន្ត្រីច្រកព្រំដែន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ណែនាំទៅនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិដែលនៅជាប់ព្រំដែនកម្ពុជា-ថៃទាំងអស់ ឱ្យរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឱ្យដំណើរ ចូល-ចេញ ប្រទេសរបស់ពលករកម្ពុជាក្នុងរង្វង់ប្រតិបត្តិការរបស់ខ្លួនប្រព្រឹត្តទៅដោយរលូនផងដែរ៕ 
 

Tag:
 ពលករកម្ពុជា
  អគ្គនាយកដ្ឋានអន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com