ជាតិ
សង្រ្កាន្តឆ្នាំថ្មី
យុវជន កាន់តែយល់ដឹងពី«ពិធីស្រង់ទឹកព្រះរស់» !
16, Apr 2024 , 9:20 am        
រូបភាព
ពិធីស្រង់ព្រះរស់ ឬងូតទឹកជូនចាស់ទុំ នៅក្នុងបរិវេណវត្តព្រែកអំបិល ក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី១៦ មេសា ឆ្នាំ២០១៩។ រូបភាព៖ កញ្ញា អ៊ូ សុខមាន
ពិធីស្រង់ព្រះរស់ ឬងូតទឹកជូនចាស់ទុំ នៅក្នុងបរិវេណវត្តព្រែកអំបិល ក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី១៦ មេសា ឆ្នាំ២០១៩។ រូបភាព៖ កញ្ញា អ៊ូ សុខមាន
ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋខ្មែរតែងតែធ្វើពិធីស្រង់ព្រះរស់ ឬងូតទឹក​ជូនចំពោះ​ចាស់ទុំជាអាទិ៍មាន ឪពុកម្តាយ ជីដូនជីតា និងមាមីង ដើម្បីបង្ហាញពីការតបស្នងសងគុណ ដល់ចាស់ព្រឹទ្ធាចារ្យទាំងអស់នោះ ដែលបានចិញ្ចឹមបីបាច់តាំងពីតូចរហូតដល់ធំ។ បច្ចុប្បន្ន គេមើលឃើញថា យុវជនស្រករក្រោយ ចាប់អារម្មណ៍ និងប្រារព្ធពិធីនេះច្រើន នៅតាមភូមិ-ស្រុកនានាទូទាំងប្រទេស។
 
ព្រះតេជគុណ ជិន វាសនា ចៅអធិការវត្តឧត្តមមានជ័យ ខេត្តព្រះវែង មានសង្ឃដីកាថា តាំងពីដើមមក ពិធីស្រង់ទឹកឱ្យព្រះរស់ ត្រូវបានប្រជាជនខ្មែរនិយមធ្វើឡើងនៅក្នុងថ្ងៃចូលឆ្នាំថ្មី ដែលជាពេលវេលាសមគួរសម្រាប់ការជួបជុំញាតិសណ្ដាន។ ពិធីនេះ រៀបចំឡើងក្នុងគោលបំណងលាងមន្ទិល និងសងគុណចំពោះ មាតាបិតា ឬចាស់ព្រឹទ្ធាចារ្យ ដែលធ្លាប់ចិញ្ចឹមបីបាច់តាំងពីតូចរហូតដល់ពេញវ័យ។ 
  


បច្ចុប្បន្ន ព្រះអង្គ មើលឃើញថា ពិធីបែបពុទ្ធសាសនាមួយនេះ មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយក្មេងៗជំនាន់ក្រោយចាប់ផ្ដើមយល់ដឹង និងធ្វើជូនអ្នកមានគុណរបស់ពួកគេច្រើន។ ក្នុងបរិបទនេះ ប្រព័ន្ធផ្សព្វផ្សាយ ដូចជា ហ្វេសប៊ុក យូធូប មានឥទ្ធិពលខ្លាំង ក្នុងការជំរុញឱ្យយុវជនមានការយល់ដឹង និងប្រតិបត្តិ កាន់តែប្រសើរជាងមុន។ ជាក់ស្ដែង តាមភូមិ-ស្រុកខ្លះ បានធ្វើពិធីស្រង់ទឹកឱ្យព្រះរស់ ជាលក្ខណៈគ្រួសារ ឯខ្លះទៀតធ្វើពិធីទ្រង់ទ្រាយធំនៅតាមភូមិ ឬសហគមន៍ ហើយអញ្ជើញចាស់ៗ និងមាតិបិតា ដើម្បីស្រោច ឬងូតទឹកជុំគ្នា។ 
 
ព្រះអង្គ ជិន វាសនា មានសង្ឃដីកាដូច្នេះថា៖«សព្វថ្ងៃនេះ ការធ្វើពិធីស្រង់ទឹកជូនអ្នកមានគុណនេះ មានការរីកចម្រើនទូទាំងប្រទេសតែម្ដង ដោយសារសម័យនេះជឿនលឿន និងមានប្រព័ន្ធផ្សព្វផ្សាយច្រើន ដូច្នេះ យុវជនក្រោយៗមានការយល់ចឹង និងផ្ដើមសាកសួរចាស់ៗ ហើយនាំគ្នាធ្វើជូនឪពុកម្ដាយ ជីដូនជីតា ឬមាមីងរបស់ពួកគេ»។ 
 
ចំណែក ព្រះវិជ្ជាកោវិទ សាន ភារ៉េត គង់នៅវត្តបទុបវត្ដី មានសង្ឃដីការថា ពិធីស្រង់ទឹកឱ្យព្រះរស់ គឺបង្ហាញពីការដឹងគុណរបស់កូនៗ ទៅកាន់មាតាបិតា ឬចាស់ព្រឹទ្ធាចារ្យ តាមរយៈការងូតទឹក ដុះក្អែល ជូនលោកវិញ។ បើតាមព្រះអង្គ ក្នុងពុទ្ធសាសនា ព្រះពុទ្ធ ក៏លើកបានទឹកចិត្តឱ្យពុទ្ធបរិស័ទធ្វើបុណ្យជាមួយឪពុកម្ដាយឱ្យបានច្រើន ជាងបុគ្គលណាៗទាំងអស់ដែរ។ 
 
ព្រះអង្គបន្ថែមដូច្នេះថា៖«ព្រះនៅផ្ទះ គឺជាឪពុកម្ដាយ ដែលបានបង្កើតចិញ្ចឹមបីបាច់យើងតាំងពីតូច រហូតដល់ធំ ដូច្នេះ សូមកុំជ្រះថ្លា តែជាមួយអ្នកខាងក្រៅ ហើយភ្លេចអ្នកមានគុណ។



ព្រះពុទ្ធក៏លោក លើកទឹកចិត្តឱ្យធ្វើបុណ្យជាមួយឪពុកម្ដាយយើងឱ្យបានមុន ឱ្យច្រើន ជានណាៗទាំងអស់ដែរ ដូច្នេះ ពិធីនេះគឺបានបង្ហាញពីការតបស្នងសងគុណចំពោះលោកដែលខំចិញ្ចឹម»។ 
 
មិនខុសពី ព្រះតេជគុណ ជិន វាសនា ប៉ុន្មានទេ ព្រះវិជ្ជាកោវិទ សាន ភារ៉េត ក៏មើលឃើញថា ការរៀបចំពិធីស្រង់ទឹកព្រះរស់ នៅតាមភូមិ-ស្រុក មានសន្ទុះការកើនឡើងជាងមុនដែរ។ ការណ៍នេះ ដោយសារតែមានបណ្ដាញសង្គម គួបផ្សំជាមួយការអប់រំតាមមូលដ្ឋាន ដូចជា​ ការសម្ដែងព្រះធម៌ទេសនា ដែលជួយឱ្យមនុស្សយល់ដឹងកាន់ច្រើន។ 
 
ព្រះអង្គ មានសង្ឃដីកាបែបនេះ៖«ការធ្វើពិធីស្រង់ទឹកព្រះរស់នេះ អាត្នា ឃើញថាមានការកើនឡើង ដោយសារមនុស្សយល់ធម៌ និងបែបបទទំនៀមទំលាប់ច្រើនជាងមុន។ ទាំងអស់នេះ បានមកពីបណ្ដាញសង្គម ដូចជា ហ្វេសប៊ុក យូធុប និងការពន្យល់តាមមូលដ្ឋានដោយផ្ទាល់ ដូចជា អាត្នាដើរទេសនា ជាដើមនោះ»។ 
 
ទាំង ព្រះតេជគុណ ជិន វាសនា និងព្រះវិជ្ជាកោវិទ សាន ភារ៉េត មានសេចក្ដីត្រេកអរ ដែលពលរដ្ឋខ្មែរមិនបានបោះបង់ទំនៀមទំលាប់ប្រពៃណីចោល។ ការធ្វើពិធីស្រង់ព្រះរស់នេះ គឺបង្ហាញឱ្យឃើញថា សង្គមខ្មែរមានសីលធម៌ល្អ។ 
 
ពីដើមឡើយ ពិធីស្រង់ព្រះរស់ គេច្រើនធ្វើនៅថ្ងៃបង្ហើយនៃពិធីបុណ្យចូលឆ្នាំថ្មី ប៉ុន្តែ នាពេលបច្ចុប្បន្ន គេលែងប្រកាន់ថ្ងៃទៀតហើយ។ នេះបើតាម ព្រះវិជ្ជាកោវិទ សាន ភារ៉េត ដោយមានសង្ឃដីកាបន្ថែមថា ការលើកលែងកំណត់ថ្ងៃនេះ ដោយសារមនុស្សសព្វថ្ងៃរវល់ច្រើន ដូច្នេះ ប្រសិនបើ មានពេលទំនេរពេលណា គេអាចធ្វើពិធីនេះបាន មិនចំពោះតែថ្ងៃចូលឆ្នាំនោះទេ។ 
 
ព្រះអង្គ មានសង្ឃដីកាយ៉ាងដូច្នេះថា៖«ដោយយោងទៅតាមការរវល់រៀងៗខ្លួន ពិធីស្រង់ព្រះរស់ គេលែងកំណត់ថ្ងៃហើយ។ មានន័យថា ពេលណាក៏អាចរៀបចំធ្វើបានដែរ ឱ្យតែទំនេរ និងឯកភាពគ្នា។ ក្រៅពីចូលបុណ្យឆ្នាំក៏ធ្វើបានដែរ»៕ 

Tag:
 ពិធីស្រង់ទឹកព្រះរស់
  ចូលឆ្នាំ
  សង្រ្កាន្ត
  ជិន វាសនា
  សាន ភារ៉េត
© រក្សាសិទ្ធិដោយ thmeythmey.com