ជាតិ
សង្រ្កាន្តឆ្នាំថ្មី
២ថ្ងៃមកនេះ​ មានទេសចរជិត២លាននាក់ មកលេងកម្សាន្តសង្រ្កាន្តនៅខេត្តកំពង់ចាម
15, Apr 2024 , 3:19 pm        
រូបភាព
២ថ្ងៃដំបូងនៃសង្រ្កាន្តនៅខេត្តកំពង់ចាម មានភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណ១,៥លាននាក់បានមកលេងកម្សាន្តនៅតាមទីកន្លែងកម្សាន្តសង្រ្កាន្តនានា ជាពិសេសសង្រា្កន្តនៅវេណសាលាខេត្ត។ ក្នុងនោះ មានភ្ញៀវជាតិ ១ ៥១៤ ០២៧នាក់ និងភ្ញៀវបរទេស ចំនួន១០៣នាក់។  រដ្ឋបាលខេត្ត ធ្វើសង្រ្កាន្តនៅមុខសាលាខេត្តដល់ថ្ងៃទី១៦មេសា។​
-
 
បើតាមលោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ភ្ញៀវដែលមកសង្ក្រាន្តខេត្តកំពង់ចាមទាំងនោះ ក៏បានទៅមកលេងនៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានាផងដែរ។  ក្នុងនោះ នៅរមណីយដ្ឋានទឹកឆា ទទួលបានភ្ញៀវទេសចរជាតិចំនួន ១៨ ៦៩០នាក់ ក្នុងរយៈពេល២ដំបូងនៃបុណ្យចូលឆ្នាំថ្មី។​
 
ជាមួយគ្នានេះ រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ទទួលបានភ្ញៀវទេសចរ១៣ ៥៦២នាក់។ រីឯរមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ទទួលបានភ្ញៀវទេសចរ៤១៣នាក់។ សម្រាប់ រមណីយដ្ឋានបែមប៊ូរីសត ទទួលបានភ្ញៀវទេសចរ១៤៣នាក់ ខណៈរមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរជាតិ មានចំនួន ៦១៦នាក់។ រមណីយដ្ឋាននគរបាជ័យ ទទួលបានភ្ញៀវទេសចរ៩០៨នាក់ និងរមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ទទួលបានភ្ញៀវទេសចរជាតិ១៧៥នាក់ ។

 

លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម 

លោក ស៊ាន សុគន្ធ បន្តរៀបរាប់ថា សម្រាប់រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ទទួលបានភ្ញៀវទេសចរជាតិ ប្រមាណ៥០០០នាក និងអាហារដ្ឋានស្មៅទន្លេ ទទួលបានភ្ញៀវទេសចរ ១៦៥នាក់។ ចំពោះក្រុងកំពង់ចាម ដែលជាទីកន្លែងរៀបរាប់ពិធីសង្រា្កន្តដ៏ធំ ដើម្បីអបអរឆ្នាំថ្មីនោះ គឺទទួលបានភ្ញៀវទេសចរជាតិ មានចំនួន៥៧៨ ១១០នាក់  និងភ្ញៀវបរទេស ៣៦នាក់។ នេះជាការបញ្ជាក់របស់លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម។​
 
ចំពោះភ្ញៀវមកចូលរួមទស្សនាការប្រគុំតន្ត្រី មាន ១៨ ៥៣៥នាក់ និង ភ្ញៀវមកលេងកម្សាន្តមុខទីលានសាលាខេត្តកំពង់ចាម មាន៨៧៤ ៩២០នាក់។ សម្រាប់ភ្ញៀវស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរណជាតិ មាន ៤៧៧៨នាក់។​
 
 ក្រៅពីការរាំលេងកម្សាន្ត រដ្ឋបាលខេត្ត ក៏រៀបចំការលេងល្បែងប្រជាប្រិយខ្មែរ រួមទាំងការធ្វើសង្រ្កាន្តនៅតាមវត្តអារាមជាដើម ដើម្បីបង្កបរិយាសសប្បាយរីករាយ រយៈពេល៤ថ្ងៃផងដែរ៕
 

Tag:
 ThmeyThmey
 សង្រា្កន្តកំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com