សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
IMF ព្រមានហានិភ័យសេដ្ឋកិច្ចពិភពលោក ដោយសារឱនភាពថវិកាអាម៉េរិក
19, Apr 2024 , 7:59 am        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
នៅថ្ងៃទី១៧ ខែមេសា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ឱនភាពថវិកាអាម៉េរិកទ្រង់ទ្រាយធំនឹងបង្កើនអតិផរណា ហើយអាចបង្កើតហានិភ័យសម្រាប់បណ្តាប្រទេសនានា នៅជុំវិញពិភពលោក។
 
មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថា ឱនភាពថវិការបស់អាម៉េរិកអាចកើនដល់កម្រិត ៧,១ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៥ ដែលច្រើនជាង៣ដងនៃកម្រិតមធ្យម២ភាគរយ នៃបណ្តាប្រទេសសេដ្ឋកិច្ចរីកចម្រើនផ្សេងទៀត។ 
 
ទន្ទឹមនេះ IMF ក៏បារម្ភអំពីបំណុលសាធារណៈរបស់ចិនជាមួយនឹងឱនភាព ៧,៦ភាគរយនៃ GDP ក្នុងឆ្នាំ២០២៥ ដែលច្រើនជាង២ដងនៃកម្រិតមធ្យមនៃបណ្តាប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើន ៣,៧ភាគរយ នៅក្នុងបរិបទដែលទីក្រុងប៉េកាំងកំពុងប្រឈមតម្រូវការទាប និងវិបត្តិទីផ្សារលំនៅដ្ឋាន។ 
 
បើតាម IMF ទាំងអាម៉េរិក និងចិនចាំបាច់ត្រូវធ្វើការសម្រេចចិត្តគោលនយោបាយជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាអតុល្យភាពថវិការវាងការចំណាយ និងចំណូល។ ប្រទេស​ពីរ​ផ្សេង​ទៀត ​ដែល IMF ​ផ្តល់អនុសាសន៍ចាំបាច់​ត្រូវផ្លាស់ប្តូរគោលនយោបាយដែរនោះ ​គឺ ​អង់គ្លេស និង​អ៊ីតាលី។
 
«ឱនភាពថវិកានៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរអាច មានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក និងបង្កហានិភ័យដល់ការចំណាយជាមូលដ្ឋាននៃបណ្តាប្រទេសផ្សេងទៀត»។ IMF បានចេញការព្រមានបែបនេះ នៅឯសន្និសីទនិទាឃរដូវឆ្នាំ ២០២៤ របស់ IMF និងធនាគារពិភពលោក (WB) ដែលធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន។
 
នៅក្នុងរបាយការណ៍ថ្ងៃទី១៦ ខែមេសា ស្តីពីការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចពិភពលោក ប្រមុខសេដ្ឋវិទូ IMF លោក Pierre-Olivier Gourinchas បាននិយាយថា ស្ថានភាពហិរញ្ញវត្ថុរបស់អាម៉េរិក ជាក្តីបារម្ភពិសេសមួយ ដែលអាចធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារកណ្តាលអាម៉េរិក (Fed) ដើម្បីនាំយកអតិផរណាត្រឡប់មកវិញ ឲ្យកម្រិតគោលដៅ ២ភាគរយនៃ GDP ។
 
បន្ទុកបំណុលរបស់រដ្ឋាភិបាលអាម៉េរិក បង្កើតហានិភ័យរយៈពេលខ្លី សម្រាប់ការកាត់បន្ថយអតិផរណា ក៏ដូចជាស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែង សម្រាប់សេដ្ឋកិច្ចពិភពលោក។ លើសពីនេះ បំណុលអាម៉េរិកបានកើនឡើង ដោយសារតែការចំណាយដ៏ច្រើន នៅក្នុងដំណាក់កាលដំបូងនៃជំងឺរាលដាលកូវីដ-១៩  និងការកើនឡើងនៃថ្លៃដើមកម្ចី ខណៈ Fed ខំប្រឹងទប់ស្កាត់អតិផរណា៕

Tag:
 IMF
  សេដ្ឋកិច្ច
  អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com