លោក ទ្រីញ សែ ជាកសិកររស់នៅភូមិព្រៃធំ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ លោក ជាកសិករម្នាក់ ក្នុងចំណោមកសិករផ្សេងទៀត ដែលទទួលបានការបណ្តុះបណ្តាលបច្ចេកទេសដាំបន្លែ ពីគម្រោងសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបកដោយចីរភាព និងគាំទ្រសំឡេងដើម្បីសមធម៌សង្គម នៃ Capfish Capture។ ក្រៅពីការបណ្តុះបណ្តាល គម្រោងក៏ផ្តល់គ្រាប់ពូជបន្លែ និងសម្ភារមួយចំនួនសម្រាប់ក្នុងការដាំដុះផងដែរ។
លោក ទ្រីញ សែ អ្នកដាំបន្លែ និងដំណាំចម្រុះ នៅភូមិព្រៃធំ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
បម្រែបម្រួលអាកាសធាតុ បាន និងកំពុងជះឥទ្ធិពលយ៉ាងខ្លាំង ដល់សហគមន៍នៅតំបន់ឆ្នេរ ក្នុងប្រទេសកម្ពុជា។ បញ្ហាផ្សេងៗទៀត ក៏កំពុងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់ផងដែរ។ ប្រជាកសិករដែលជាច្រើនរួមទាំងលោក សែ ផង បានជួបប្រទះនឹងទិន្នផលស្រូវធ្លាក់ចុះ ដែលធ្វើឱ្យជីវភាពប្រឈមមុខនឹងការលំបាក។
ដើម្បីគេចចេញការគំរាមកំហែង ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ និងបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ លោក សែ បានប្រែកក្លាយដីស្រែដែលខ្លួនប្រមូលផលរួច ទៅជាសួនបន្លែ និងដំណាំជាច្រើនមុខ។ បច្ចុប្បន្ន កសិកររូបនេះលែងបារម្ភពីការចំណាយទៀតហើយ ព្រោះលោកមានចំណូលប្រចាំថ្ងៃ ពីការលក់បន្លែ និងដំណាំរបស់ខ្លួន។ «ដំបូងដើរតែធ្វើការងារសំណង់ ហើយមើលទៅ(ជីវភាព) អត់ ដល់ចឹង(គម្រោង)មានបង្រៀនឱ្យដាំបន្លែ ខ្ញុំទៅរៀន។ ដាំហើយយើងបាន! មុនដំបូងដាំតិចទេ ពេលដាំយើងឃើញថាជីវភាពយើងដូចរាងឡើង ដូចគ្រាន់បើ យើងដាំបន្ថែមៗ តទៅមុខទៀត»។ លោក ទ្រីញ សែ រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។
កសិករម្នាក់ទៀត នៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត គឺអ្នកស្រី កូវ គីម ក៏កំពុងតែពេញចិត្តនឹងចំណូល ដែលបានពីការដាំបន្លែចម្រុះរបស់ខ្លួនដែរ។ កសិករវ័យ ៥២ ឆ្នាំរូបនេះ ដាំដុះត្រសក់ ម្ទេស និងជីជាច្រើនមុខ ដែលបន្លែទាំងអស់នេះ គឺជាប្រភពចំណូលចម្បងរបស់អ្ននស្រី កូវ គីម។ អ្នកស្រី កូវ គីម បន្ថែមពីការចាត់ចែងប្រាក់ចំណូលដែលបានមកពីការលក់បន្លែចម្រុះរបស់ខ្លួនដូច្នេះថា៖ «ខ្ញុំអត់មានកូន មានចៅអី ពិបាកទៀតទេ។ កូនគេការហើយ ចេញអស់មានតែពីរនាក់យាយតា។ កូនគេការអស់។ (ចំណូល)បានមក យើងគ្រាន់បានដោះដូរទិញហូប យើងបានធ្វើបុណ្យ ធ្វើទានខ្លះ។ បានចាយ ចង់ដៃការគេ ដើរធ្វើបុណ្យ ធ្វើទាន»។
អ្នកស្រីកូវ គីម អ្នកដាំត្រសក់ ម្ទេស និងជីរគ្រប់មុខ នៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត
ការបណ្តុះបណ្តាលបច្ចេកដាំដុះបន្លែ ពីគម្រោងសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបកដោយចីរភាព និងគាំទ្រសំឡេងដើម្បីសមធម៌សង្គម នៃ Capfish Capture គឺមានសារៈប្រយោជន៍ណាស់សម្រាប់កសិករ នៅក្នុងស្ថានភាពនៃបម្រែបម្រួលអាកាសធាតុដូចសព្វថ្ងៃ។ នេះជាការបញ្ជាក់របស់លោក ខែម កប ដែលជាអ្នកដាំបន្លែនៅក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពតនេះដែរ។
លោក ខែម កប អ្នកដាំត្រសក់ ម្ទេស និងម្រះ នៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
កសិកររូបនេះ កំពុងដាំដុះបន្លែដូចជា ត្រសក់ ម្ទេស និងម្រះជាដើម។ បើតាម លោក ខែម កប ការទទួលបានចំណេះដឹងបន្ថែម បូកផ្សំនឹងបទពិសោធន៍ដាំដុះរបស់ខ្លួន បានធ្វើឱ្យបន្លែ និងដាំណាំ ផ្តល់ទិន្នផលល្អ ដែលនាំឱ្យចំណូលគ្រួសារកើនឡើងដែរ។ «យើង(បាន)ចំណូលពីបន្លែទៅ អាចដោះដូរកូនរៀនក៏អត់ពិបាកដែរ។ យើងយកលុយទៅប្រើប្រាស់លើប្រេង ជីរ ម៉ូតូ លុយកូនរៀន ចំណាយផ្សេងៗ ការ(ចំណាយ)ក្នុងផ្ទះយើងលក្ខណៈគ្រួសារ យើងចេញពីមកផ្ទះព្រលឹមឡើង យើងត្រូវការចាយលុយលើ(ចំណូលពីបន្លែ)ហ្នឹងទាំងអស់»។ លោក ខែម កប បញ្ជាក់បែបនេះ។
ក្រៅពីត្រេកអរនឹងជីវភាពរបស់ខ្លួនសព្វថ្ងៃ កសិករទាំងនេះ បានបង្ហាញបំណងពង្រីកការដាំបន្លែ និងដំណាំតាមរដូវកាលដែលមានតម្រូវការខ្ពស់បន្ថែមទៀត ជាមួយនឹងជំនឿថា ការវិនិយោគលើការដាំដុះបន្ថែម នឹងកែប្រែជីវភាពគ្រួសារកាន់តែប្រសើរឡើង។
លោក ទ្រីញ សែ រៀបរាប់ទាំងញញឹមញញែមថា៖ «ខ្ញុំចង់ពង្រីកបន្ថែមទៀត ព្រោះអីខ្ញុំចង់បានដាំឱ្យលើសហ្នឹងទៀត។ យើងឃើញឥឡូវយើងរីកចម្រើនបន្តិច យើងចេះតែដាំថែម ឱ្យចេះតែច្រើនទៀតឱ្យធំបន្តិច។ យើងដាំច្រើន ចំណូលយើងកើនឡើងទៀតហើយ»៕