ដោយ៖ម៉ម ពិសី/RFI ខេមរភាសា
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានថ្លែងសុន្ទរកថាស្តីពីអឺរ៉ុប កាលពីថ្ងៃទី២៥មេសា នៅឯសកលវិទ្យាល័យសកបូនទីក្រុងប៉ារីស។ ក្នុងសុន្ទរកថាជិត២ម៉ោង លោកម៉ាក្រុង បានអំពាវនាវ ឲ្យប្រទេសសមាជិកអឺរ៉ុបទាំង២៧ ត្រូវងើបស្ទុះឡើងរួមកម្លាំងគ្នានៅពេលនេះ ដើម្បីស្រោចស្រង់អឺរ៉ុបពីសេចក្តីស្លាប់។ លោកប្រធានធិបតីបារាំង បានហៅឲ្យប្រទេសអឺរ៉ុប ត្រូវតែរៀបចំផែនការសកម្មភាពជាបន្ទាន់ មិនថាសន្តិសុខការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងអន្តោប្រវេសន៍ ដើម្បីធ្វើឲ្យអឺរ៉ុបក្លាយជា "មហាអំណាច"។
៧ឆ្នាំបន្ទាប់ពីសុន្ទរកថាលើកទី១ លោកអេម៉ានុយអែល ម៉ាក្រុង បានត្រលប់មកសកលវិទ្យាល័យសកបូនជាថ្មីម្តងទៀត ដើម្បីថ្លែងសុន្ទរកថា។ នៅចំពោះមនុស្សភ្ញៀវអ្នកស្តាប់ចំនួនប្រមាណ៥០០នាក់ លោកម៉ាក្រុងបានមានប្រសាសន៍រយៈពេល១ម៉ោង៥០នាទី ជាមួយនឹងខ្លឹមសារដែលសង្កត់ធ្ងន់ទៅលើ ស្ថានភាពអឺរ៉ុបដែលលោកម៉ាក្រុងចាត់ទុកថាកំពុងតែចុះខ្សោយខ្លាំង។
លោកម៉ាក្រុងបានលើកឡើងថា “យើងត្រូវតែទទួលស្គាល់ការពិត ថាអឺរ៉ុបរបស់យើងអាចប្រឈមនឹងសេចក្តីស្លាប់។ អ្វីៗគឺរំពឹងទាំងស្រុង ទៅលើការសម្រេចចិត្ត និងការជ្រើសរើសរបស់យើងគ្រប់គ្នា”។ លោកបន្តថា ក្នុងរវាង១០ឆ្នាំទៅមុខ អឺរ៉ុបអាចនឹងបាក់ស្រុតចុះខ្សោយ ស្ថិតនៅពីក្រោយគេ ប្រសិនបើប្រទេសសមាជិកទាំង២៧ គ្មានផែនការសកម្មភាពដើម្បីស្ទុះស្ទានៅពេលនេះទេនោះ។
ដោយលើកឡើងថា អឺរ៉ុបរាល់ថ្ងៃដើរយឺត និងខ្វះសេចក្តីក្លាហាន លោកម៉ាក្រុងបានហៅឲ្យប្រទេសអឺរ៉ុប ត្រូវតែរួមគ្នា ធ្វើឲ្យអឺរ៉ុបមាន “ឯករាជ្យភាពយុទ្ធសាស្ត្រ”។ នៅក្នុងបរិបទសង្គ្រាមអ៊ុយក្រែន ការគំរាមរបស់រុស្ស៊ី បូកបន្ថែមនឹងការការប្រកួតប្រជែងពាណិជ្ជកម្មគ្មានមេត្តា លោកម៉ាក្រុងបានអំពាវនាវថា អឺរ៉ុបត្រូវតែរកមធ្យោបាយធ្វើខ្លួនឲ្យរឹងមាំឡើង។
នៅក្នុងវិស័យសន្តិសុខការពារជាតិ លោកម៉ាក្រុងត្រូវតែមានប្រព័ន្ធការពារខ្លួនរួមគ្នា ដែលមានសមត្ថភាព ប្រឈមមុខនឹងការគំរាមទាំងឡាយ និងដោយឈប់រំពឹងតែទៅលើកម្លាំងការពាររបស់អាមេរិក។ ក្នុងន័យនេះ លោកម៉ាក្រុង បានហៅប្រទេសអឺរ៉ុប ត្រូវតែផ្តល់អាទិភាព ដល់ការទិញគ្រឿងសព្វាវុធដែលផលិតនៅអឺរ៉ុប ហើយត្រូវពង្រឹងសមត្ថភាពការពារផ្លូវអាកាស និងទប់ទល់នឹងការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។ អឺរ៉ុបត្រូវតែបង្ហាញឲ្យគេឃើញថា ខ្លួនមិនមែនជាកូនចៅរណបរបស់សហរដ្ឋអាមេរិក។
ទាក់ទិននឹងបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្មវិញ លោកម៉ាក្រុងបានសង្កត់ធ្ងន់ ការប្រកួតប្រជែងគ្មានប្រណីមេត្តាទេ។ អឺរ៉ុបមិនអាចប្រកួតប្រជែងជាមួយចិន ជាមួយអាមេរិកបានទេ បើអឺរ៉ុបរវល់តែគិតគូរច្រើនជ្រុលពេក ទៅលើក្រិត្យក្រមស្តង់ដារបរិស្ថានឬសុខភាព ហើយភ្លេចវិនិយោគនិងពង្រីកទីផ្សារឲ្យបានទូលាយ។ អឺរ៉ុបត្រូវតែឈប់ប្រើគោលនយោបាយពាណិជ្ជកម្ម ដែលឆោតល្ងង់ចាញ់ប្រៀបគេដូចមុន។ ដើម្បីជំរុញសន្ទុះសេដ្ឋកិច្ចអឺរ៉ុប លោកម៉ាក្រុង បានរន្ធាន់ឲ្យមានការសំរុកវិនិយោគសាធារណៈ មួយគុណជាពីរ។ លោកម៉ាក្រុង បានស្នើឲ្យបង្កើតការយកពន្ធកាបូន ការយកពន្ធលើប្រតិបត្តិការហិរញ្ញវត្ថុ និងការយកពន្ធលើប្រាក់ចំណេញរបស់ក្រុមហ៊ុនអន្តរជាតិធំៗ។
ចំណុចដ៏សំខាន់មួយទៀត ដែលលោកម៉ាក្រុងបានលើកឡើង គឺការគ្រប់គ្រងអន្តោប្រវេសន៍នៅអឺរ៉ុប។ លោកបានហៅឲ្យអឺរ៉ុបត្រូវគ្រប់គ្រងព្រំដែនខ្លួន ឲ្យប្រសិទ្ធិភាព តាមរយៈការបោសសំអាតទប់ស្កាត់ក្រុមឈ្មួញដឹកជញ្ជូនជនអន្តោប្រវេសន៍ចូលអឺរ៉ុប។ លោកបានស្នើគំនិត កែប្រែក្រុមប្រឹក្សាSchengen ឲ្យក្លាយជាក្រុមប្រឹក្សាដើម្បីសន្តិសុខអឺរ៉ុប។
គួរបញ្ជាក់ថាសុន្ទរកថាលើកទី២របស់លោកម៉ាក្រុង នៅសកលវិទ្យាល័យសកបូនទីក្រុងប៉ារីស គឺធ្វើឡើងក្នុងបរិបទដែលបណ្តាប្រទេសអឺរ៉ុប កំពុងតែឃោសនាបោះឆ្នោត ជ្រើសរើសសមាជិកសភាអឺរ៉ុប។ នៅតាមបណ្តាប្រទេសជាច្រើន ដោយរាប់ទាំងបារាំងផង គឺក្រុមគណបក្សស្តាំនិយមជ្រុល បានឡើងប្រជាប្រិយភាពយ៉ាងខ្លាំង។ ជាទូទៅ ក្រុមស្តាំនិយមជ្រុល គឺមានគោលនយោបាយជាតិនិយមជ្រុល ស្អប់អឺរ៉ុប និងមិនគាំទ្រគោលនយោបាយរួមសាមគ្គីក្នុងក្របខណ្ឌអឺរ៉ុបទេ។ តាមរយៈខ្លឹមសារនៃសុន្ទរថា គឺលោកម៉ាក្រុងចង់ផ្ញើសារប្រាប់អ្នកបោះឆ្នោតទាំងអស់ ត្រូវតែសម្រេចចិត្តឲ្យបានត្រឹមត្រូវ ប្រសិនបើមិនចង់ឃើញសហភាពអឺរ៉ុប ចុះខ្សោយដួលរលំទេនោះ៕