កីឡាអន្តរជាតិ
អន្តរជាតិ
Alonso ថាកីឡាករ Leverkusen ស្រួលលើកទឹកចិត្តដើម្បីឈ្នះការប្រកួត
03, May 2024 , 12:29 pm        
រូបភាព
កីឡាករក្រុម Bayer Leverkusen សុទ្ធសឹងតែជាមនុស្សងាយស្រួលក្នុងការជំរុញ និងលើកទឹកចិត្ត ដើម្បីឱ្យពួកគេបង្ហាញអស់ពីសមត្ថភាពនៅការប្រកួត ដូចដែលពួកគេបានយកឈ្នះលើក្រុម AS Roma លទ្ធផល ២-០ ក្នុងជំនួបពានរង្វាន់ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ លោក Xabi Alonso បាននិយាយបែបនេះក្រោយចប់ការប្រកួត។


គ្រាប់បាល់កើតចេញពីកីឡាករ Florian Wirtz និង Robert Andrich បានផ្តល់ឱ្យក្រុមម្ចាស់ជើងឯក Bundesliga ថ្មីថ្មោង នាំមុខសម្រាប់ជ័យជម្នះក្នុងជើងទីមួយ ទៅលើក្រុមជើងឯករង AS Roma។ ឈ្នះការប្រកួតជួយបន្តកំណត់ត្រាដល់ក្រុម Leverkusen ដោយការប្រកួត ៤៧លើក រាល់គ្រប់ការប្រកួតមិនទាន់ចាញ់។
 
លោក Alonso សរសើរពីការខិតខំប្រឹងប្រែងរបស់កូនក្រុម ថាងាយស្រួលក្នុងការជំរុញទឹកចិត្តដើម្បីផ្តល់គ្រប់យ៉ាងនៅក្នុងការប្រកួត។ តែអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ក៏បានព្រមានថាឱ្យកូនក្រុមមានការប្រុងប្រយ័ត្នសម្រាប់ការប្រកួតជើងទីពីរ។
 
លោក Alonso បាននិយាយដូច្នេះ៖«យើងបានផ្លាស់ប្តូរដ៏ល្អនៅពេលដែលពួកគេខ្វះចន្លោះ ហើយយើងមានកន្លែងទូលាយគ្រប់គ្រាន់ ក្នុងការប្រយុទ្ធ ការប្តេជ្ញាចិត្ត និងវិន័យពីកីឡាករ ពួកគេធ្វើបានល្អអស្ចារ្យខ្លាំងណាស់។ ប៉ុន្តែការប្រកួតគឺនៅសល់បន្ថែមទៀតដែលត្រូវលេង។ យើងបានប្រើប្រព័ន្ធនេះពីមុន​ ជាពិសេសព្រោះយើងមានកីឡាករដែលអាចលេងច្រើនទីតាំងបាន។ ការប្រកួតថ្ងៃនេះគម្រោងយើងគឺច្បាស់លាស់ ហើយការលេងរបស់យើងពិតជាមានកម្រិតខ្ពស់។»។ 
 
Leverkusen យកឈ្នះការប្រកួតលើកដំបូងទល់ AS Roma រយៈពេលជិត ២០ឆ្នាំ ចាប់តាំងពីពួកគេបានបំបាក់ក្រុមអ៊ីតាលីលទ្ធផលក្នុងទឹកដី ៣-១ កាលពីខែតុលា ឆ្នាំ ២០០៤ ក្នុងពានរង្វាន់ UEFA Champions League វគ្គចែកពូល។ តាំងពីពេលនោះមក Leverkusen មិនដែលឈ្នះលើ Roma ឡើយ ៥ប្រកួតចុងក្រោយ។
 
សម្រាប់ការប្រកួតជើងទីពីរវិញ លោក Alonso ក៏បានព្រមានកូនក្រុមថាត្រូវតែប្រុងប្រយ័ត្នសម្រាប់ការវាយបករបស់គូប្រកួតដែលមិនអាចមើលឃើញទុកជាមុន។ «២-០ ជាលទ្ធផលដ៏ល្អ យើងអាចត្រឡប់ទៅផ្ទះដោយរីករាយ ប៉ុន្តែត្រូវប្រុងប្រយ័ត្ន។ អ្វីដែលយើងធ្វើក្នុងរដូវកាលនេះគឺឱ្យខ្លាំងពូកែបំផុត យើងមានកីឡាករគុណភាពច្រើន ជាមួយនឹងកម្រិតខ្ពស់ដែលត្រូវផ្តោតលើ។»។ លោក Alonso បានលើកឡើងបែបនេះ។
 
ដោយឡែកការប្រកួត ១គូទៀត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League ក្រុម Marseille ប្រកួតស្មើលទ្ធផល ១-១ ទល់នឹងក្រុម ​Atalanta នៅជើងទី១៕

Tag:
 Xabi Alonso
  Bayer Leverkusen
© រក្សាសិទ្ធិដោយ thmeythmey.com