អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយធំៗប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជំនួយការងារ
04, May 2024 , 8:39 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) កំពុងរីកចម្រើនក្នុងល្បឿនដែលមិន ធ្លាប់មានពីមុនមក។ ប្រតិបត្តិការអាជីវកម្មត្រូវបានផ្លាស់ប្តូរ តាមរយៈ​ការ​ប្រមូល​ទិន្នន័យ​ និង​គំរូ​ប៉ាន់ស្មានបាន​ល្អ​ជាង​មុន។ ដើម្បីជួយពន្លឿន និងជំនួយការងារ ស្ថាប័នព័ត៌មានធំៗនៅលើពិភពលោក ក៏បានប្រើប្រាស់បញ្ញាសិប្បនិម្មិតផងដែរ។
 
បញ្ញាសិប្បនិម្មិត (AI) កំពុងត្រូវបានប្រើប្រាសស្ទើរតែគ្រប់ឧស្សាហកម្មទាំងអស់រួមទាំងធនាគារ ការថែទាំសុខភាព និងពាណិជ្ជកម្មអេឡិចត្រូនិក។ បន្ថែមពីនេះ ឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ កំពុងចាប់យកបញ្ញាសិប្បនិម្មិតជាបន្តបន្ទាប់។ 
 
បញ្ញាសិប្បនិមិ្មតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ឥឡូវនេះ កំពុងត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើង ដើម្បីកាត់បន្ថយការងារមានលក្ខណៈដដែលៗ ឬចំណាយពេលយូរ ហើយអាចផ្ដល់ឱ្យអ្នកសារព័ត៌មាន ធ្វើការកាន់តែមានប្រសិទ្ធភាព។ ខាង​ក្រោម​នេះ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​​ដែល​ប្រើ​បញ្ញាសិប្បនិម្មិត ក្នុង​ការងារ​របស់​ពួកគេ
 
ទីភ្នាក់ងារព័ត៌មាន​ AP 
 
ទីភ្នាក់ងារព័ត៌មាន AP បានឈានមុខគេសម្រាប់ការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យសារព័ត៌មាន ចាប់តាំងពីឆ្នាំ ២០១៤។ គំនិតផ្តួចផ្តើមបញ្ញាសិប្បនិម្មិត Local News AI ដែលបានចាប់ផ្តើមនៅឆ្នាំ ២០២១ កំពុងជួយក្រុមផលិតព័ត៌មានតូចៗនៅទូទាំងអាម៉េរិក ស្វែងរកដំណោះស្រាយលើកិច្ចការស្មុគស្មាញ  ដើម្បីអនុញ្ញាតឱ្យអ្នកសារព័ត៌មានមានពេលផ្តោតលើការរាយការណ៍ប្រកបដោយគុណភាព។ 
 
ឥឡូវនេះ ទីភ្នាក់ងារព័ត៌មាន AP កំពុងធ្វើការជាមួយបណ្ដាញព័ត៌មានក្នុងស្រុកចំនួន៥ លើគម្រោងផ្សេងៗ ចាប់ពីស្វ័យប្រវត្តិកម្មនៃការដកស្រង់ពាក្យសម្តីជាលាយលក្ខណ៍អក្សរចេញពីវីដេអូ តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត។
 
វិទ្យាស្ថាន Brown
 
ក្រុមអ្នកសារព័ត៌មាន Local News Lab នៅវិទ្យាស្ថាននវានុវត្តន៍ប្រព័ន្ធផ្សព្វផ្សាយBrown ត្រូវបានផ្តល់ជំនួយ រយៈពេលពីរឆ្នាំ ដើម្បីគាំទ្រកម្មវិធីបញ្ញាសិប្បនិម្មិត និងនិរន្តរភាពនៃអង្គការព័ត៌មានក្នុងស្រុក។ ក្រុមអ្នកសារព័ត៌មាន Local News Lab ប្រមូលផ្ដុំដោយវិស្វករ អ្នករចនា និងអ្នកវិទ្យាសាស្ត្រទិន្នន័យ ដែលកំពុង បង្កើតប្រព័ន្ធជួយ និងគាំទ្រវិស័យសារព័ត៌មាន។ ក្រុមមួយនេះ ទួលបានការចាប់ដៃគូជាមួយអ្នកផ្សព្វផ្សាយខ្នាតតូច និងមធ្យមនៅទូទាំងអាម៉េរិក។
 
គម្រោងភាពជាដៃគូលើការបន្ស៊ីគ្នារវាងបញ្ញាសិប្បនិម្មិត និងប្រព័ន្ធផ្សព្វផ្សាយ
 
បង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗរួមមាន ក្រុមហ៊ុន Meta, ក្រុមហ៊ុន Google, និង ក្រុមហ៊ុន Microsoft គម្រោងភាពជាដៃគូលើការបន្ស៊ីគ្នារវាងបញ្ញាសិប្បនិម្មិត និងប្រព័ន្ធផ្សព្វផ្សាយ បង្កើតឡើងដើម្បីធានាការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវលើបញ្ញាសិប្បនិម្មិត, សុចរិតភាពប្រព័ន្ធផ្សព្វផ្សាយ, និងពិនិត្យមើលឥទ្ធិពលរបស់បញ្ញាសិប្បនិម្មិតលើព័ត៌មានឌីជីថល។ 
 
ការងារក្រោមគម្រោងត្រូវបានបែងចែកទៅជាបួនផ្នែកដូចជា ការប្រយុទ្ធប្រឆាំងនឹងខ្លឹមសារដែលបានរៀបចំទុកមុន ការផ្សព្វផ្សាយព័ត៌មានដែលអាចទុកចិត្តបាន ការកាត់បន្ថយព័ត៌មានមិនពិត និងការពង្រឹងការ ផលិតព័ត៌មានក្នុងស្រុក។ 
 
ប្រព័ន្ធផ្សព្វផ្សាយ Nordic AI
 
ប្រព័ន្ធផ្សព្វផ្សាយ Nordic AI ស្វែងរកការចូលរួមយ៉ាងសកម្មជាមួយការវិវដ្ដ និងការអភិវឌ្ឍនៃបញ្ញាសិប្បនិម្មិត ក្នុងវិស័យសារព័ត៌មាន តាមរយៈការរៀនសូត្រប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយជាង ៣០ នៅទូទាំងអឺរ៉ុបខាងជើង និងអាត្លង់ទិកខាងជើងប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជំនួយដល់សារព័ត៌មានរបស់ខ្លួន។
 
ប្រព័ន្ធផ្សព្វផ្សាយ Nordic AI តែងមានវេទិកាប្រចាំឆ្នាំ Nordic AI in Media Summit ដើម្បីបង្ហាញ និងពន្យល់អ្នកចូលរួម ពាក់ព័ន្ធនឹងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត។ 
 
គម្រោងទិន្នន័យនៅ Knight Lab
 
កិច្ចខិតខំរួមគ្នាដោយសាស្ត្រាចារ្យ និងនិស្សិត សាកលវិទ្យាល័យNorthwestern Knight Labs គឺធ្វើឡើងដើម្បីអភិវឌ្ឍគម្រោង និងសេវាកម្មនានាក្នុងការលើកកម្ពស់គុណភាពសារព័ត៌មាន ការនិទានរឿង និងខ្លឹមសារនៅលើអ៊ីនធឺណិត។
 
គម្រោងមួយនេះ ផ្តល់ជាបច្ចេកទេសបើកចំហរ (open-source tools) សម្រាប់សារព័ត៌មាន ដើម្បីទទួលបានប្រយោជន៍ពីបញ្ញាសិប្បនិម្មិត និងដំណោះស្រាយផ្សេងទៀត ពាក់ព័ន្ធនឹងសារព័ត៌មាន៕ 

Tag:
 បញ្ញាសិប្បនិម្មិត
© រក្សាសិទ្ធិដោយ thmeythmey.com