កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយប្រកួត៤៧លើកមិនចាញ់ លោក Alonso ថាគ្រប់គ្នាចង់បំបាក់ Leverkusen
04, May 2024 , 4:29 pm        
រូបភាព
ក្លិប Bayer Leverkusen បានធ្វើឱ្យមនុស្សទូទាំងពិភពលោកភ្ញាក់ផ្អើល ចំពោះការប្រកួត ៤៧លើក មិនទាន់ស្គាល់ពាក្យបរាជ័យ នៅក្នុងរដូវកាលនេះ។ លោក Xabi Alonso បានចាត់ទុកការងារមួយនេះថា ជារឿងមិនងាយស្រួលឡើយ ខណៈអះអាងថាក្រុមដទៃគឺពិតជាចង់បំបាក់ក្រុមរបស់លោកនៅពេលនេះ។

 
ក្រុមទើបគ្រងជើងឯក Bundesliga ថ្មីៗ កំពុងតែខិតកាន់តែជិតមួយជំហានបន្ថែមទៀត ក្នុងការប្រជែងពានរង្វាន់អឺរ៉ុប Europa League ក្រោយយកឈ្នះក្រុម AS Roma លទ្ធផល ២-០ ក្នុងជំនួបជើងទីមួយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីសប្តាហ៍មុន។ Leverkusen នៅមានភារកិច្ចប្រជែងពាន German Cup ជាពានទី៣ ដែលក្រុមបានសម្លឹងមើលក្នុងរដូវកាល តែមួយ។
 
Leverkusen ដែលបញ្ចប់ការឈ្នះពាន ១១ឆ្នាំ ជាប់គ្នារបស់ Bayern Munich ជាមួយការលើកពានលីគកំពូលអាល្លឺម៉ង់លើកដំបូង ចាប់តាំងពីឆ្នាំ១៩៩៣ នឹងត្រូវបន្តដំណើរបង្ហើយការប្រកួតរបស់ក្នុងលីគ ទល់ក្រុម Eintracht Frankfurt នៅថ្ងៃទី៤ ខែឧសភា។ អ្នកចាត់ការ សញ្ជាតិអេស្ប៉ាញវ័យ ៤២ឆ្នាំ ថាក្រុមដទៃពិតជាចង់បំបាក់ក្រុមលោក ក្រោយក្រុមបង្កើត កំណត់ត្រាប្រកួត ៤៧លើក មិនចាញ់សោះ។
 
«យើងពិតជាចង់បន្តកំណត់ត្រាមិនចាញ់ ហើយយើងក៏ដឹងថាគ្រប់គ្នា ពិតជាចង់បំបាក់ក្រុមយើងរាល់សប្តាហ៍។ រឿងនេះ កាន់តែពិបាកទៅៗ។ គ្រប់គ្នា ពិតជាចង់បំបាក់យើង។ វានឹងមិនមែនជារឿងងាយស្រួល ក្នុងការប្រកួតទល់ Frankfurt រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ។ ពួកគេជាដៃគូប្រជែងដ៏ស្វិតស្វាញ ជាមួយនឹងបច្ចេកទេសលេងដ៏ប៉ិនប្រសប់។ យើងគ្មានពេលគ្រប់គ្រាន់ ត្រៀមខ្លួនឡើយ។»។ លោក Alonso បានលើកឡើងដូច្នេះ។
 
ជំនួបទល់ Frankfurt ទៀតសោត លោក Alonso នឹងត្រូវអង្គុយមើលក្រុមប្រកួតពីចម្ងាយ ដោយមិនអាចដឹកនាំដោយផ្ទាល់បាន ព្រោះតែជាប់ពិន័យកាតលឿនចំនួន ២ អំឡុងការ ប្រកួតស្មើ ២-២ ទល់នឹងក្រុម VfB Stuttgart កាលពីសប្តាហ៍មុន។
 
ការប្រកួតនៅលីគកំពូលអាល្លឺម៉ង់ ជារឿងសំខាន់មួយ ដើម្បីក្រុម Leverkusen បន្តកំណត់ ត្រាមិនចាញ់ ៤៧ប្រកួតរបស់ខ្លួន ខណៈក្រុមត្រូវត្រៀមខ្លួនប្រជែង ក្នុងពានរង្វាន់ Europa League និង German Cup ដែលជាពានរង្វាន់២ផ្សេងទៀត ដែលក្រុមកំពុងប្រជែង។ Leverkusen កំពុងបង្ហាញពីបំណងឈ្នះពាន ៣ ក្នុងមួយរដូវកាល ក៏ដូចជាការបង្កើតប្រវត្តិសាស្ត្រលើកដំបូងរបស់ពួកគេ៕
 

Tag:
 Xabi Alonso
  Bayer Leverkusen
© រក្សាសិទ្ធិដោយ thmeythmey.com