កីឡាអន្តរជាតិ
អន្តរជាតិ
បន្តដឹកនាំ Bayern! លោក Tuchel ថារឿងអ្វីក៏អាចកើតឡើង
05, May 2024 , 8:39 am        
រូបភាព
លោក Thomas Tuchel បើកផ្លូវក្នុងការចរចា សម្រាប់ការបន្តដឹកនាំក្រុម Bayern Munich នៅរដូវកាលក្រោយ។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បាននិយាយថា រឿងអ្វីក៏អាចកើត ឡើងទាក់ទងនឹងអនាគត ខណៈលោកធ្លាប់បានយល់ព្រមជាមួយក្លិបយក្សអាល្លឺម៉ង់ ថា នឹងចាកចេញក្រោយពេលចប់រដូវកាល។

 
កាលពីខែកុម្ភៈ ក្លិប Bayern Munich បានប្រកាសថា បុរសវ័យ៥០ឆ្នាំ អាចនឹងចុះចេញ ពី តំណែងអ្នកចាត់ការក្រុម នៅចុងបញ្ចប់រដូវកាល ២០២៣-២៤។
 
ក្លិបយក្សអាល្លឺម៉ង់ ក្នុងរដូវកាលនេះទៀតសោត បានឆ្លងកាត់ការប្រកួតយ៉ាងពិបាក ដោយ ក្រុមបានរបូតពានរង្វាន់លីគកំពូលអាល្លឺម៉ង់ Bundesliga ក្រោមថ្វីជើងក្រុមឡើងជើងខ្លាំង Bayer Leverkusen។ Bayern Munich ខកខានឈ្នះពានលីគកំពូលលើកទី១២ របស់ខ្លួន ក្រោយពេលឈ្នះពាន ១១ឆ្នាំជាប់គ្នា ព្រោះតែក្រុមធ្លាក់ទម្រង់លេង។
 
ទោះយ៉ាងណា ទម្រង់លេងនៅក្នុងក្របខណ្ឌ UEFA Champions League ដែលឈានដល់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងប្រកួតស្មើ ២-២ ទល់នឹងក្រុម Real Madrid ជំនួបជើងទីមួយ នាកីឡដ្ឋាន Allianz Arena កាលពីសប្តាហ៍មុន បានធ្វើឱ្យ Bayern Munich គិតគូរឡើងវិញ ពីអនាគតលោក Tuchel។ ចំពោះឱកាសក្នុងការនៅបន្តដឹកនាំក្រុមយក្សអាល្លឺម៉ង់ បុរសសញ្ជាតិអាល្លឺម៉ង់រូបនេះ អះអាងថាកិច្ចព្រមព្រៀងមិនអាចផ្លាស់ប្តូរបាន ប៉ុន្តែក៏បន្តរង់ចាំមើលតាមកាលៈទេសៈ។
 
«វាគឺជាកិច្ចព្រមព្រៀង ដូច្នេះមិនអាចកែប្រែបានឡើយ។ ពិតណាស់ អ្នកអាចផ្លាស់ប្តូរកិច្ចព្រមព្រៀងគ្រប់យ៉ាង ដោយមានការយល់ព្រមទៅវិញទៅមក ពីព្រោះយើងមានកិច្ចសន្យាដូចគ្នា ហើយយើងបានយល់ព្រមបញ្ចប់វាឱ្យបានឆាប់។ ដូច្នេះអ្វីៗអាចនឹងកើតឡើងទៅបាន ប៉ុន្តែចម្លើយគឺដូចគ្នា កិច្ចព្រមព្រៀងស្ថិតនៅ និងកិច្ចព្រមព្រៀងដែលមាន។»។ លោក Thomas Tuchel បាននិយាយដូច្នេះ។
 
បើតាមប្រភពពីក្លិប Bayern Munich អតីតគ្រូបង្វឹកក្រុម Chelsea និង PSG អាចចាកចេញក្រោយពេលចប់រដូវកាល ខណៈបុរសវ័យ ៥០ឆ្នាំ មានគោលបំណងត្រឡប់ទៅកាន់ទឹកដីអង់គ្លេសវិញ។ លោក Tuchel នឹងអាចជជែកចំពោះឱកាសការងារនៅក្នុងក្រុម Manchester United។
 
បច្ចុប្បន្ន តំណែងលោក Erik ten Hag នៅក្លិប Manchester United កំពុងស្ថិតក្រោមសម្ពាធ ព្រោះតែក្រុមជួបបញ្ហាក្រុមធ្លាក់ទម្រង់លេង ដោយកីឡាកររបួសច្រើនតាំងពីដើមរដូវកាលមក។ គណៈគ្រប់គ្រងក្លិបថ្មី លោក Jim Ratcliffe ក៏កំពុងរកអ្នកជំនួសតំណែងលោក Tuchel ប៉ុន្តែវាក៏ជារឿងដែលលំបាកដែរ៕

Tag:
 Thomas Tuchel
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com