ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រ​កំពូល​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​បេះដូង​
27, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បេះដូង​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ក្នុង​រាងកាយ​ដែល​ត្រូវការ​ការមើល​ថែ​និង​យកចិត្តទុកដាក់​ជាពិសេស ដើម្បី​រក្សាបាន​នូវ​សុខ​ភាពល្អ​ធ្វើឱ្យ​អ្នកមាន​អាយុ​វែង ឬ​រស់​បានយូរ​។ ហើយ​ក្រៅពី​កត្តា​ហ្សែ​ន របៀបរបប​ក្នុងការ​រស់នៅ និង​ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​នោះ​របប​អាហារ​ក៏​ដើរតួនាទី​យ៉ាងសំខាន់​ផងដែរ​ដើម្បី​រក្សាបាន​នូវ​សុខភាព​បេះដូង​ល្អប្រសើរ​ទប់ស្កាត់​ជំងឺ​។

 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​មួយចំនួន​ដែល​ល្អ​បំផុត​ចំពោះ​បេះដូង ៖
 
១. ផ្លែ​ទទឹម​

​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម រួមបញ្ចូល​ទាំង​សារធាតុ anthocyanins និង polyphenols ដែល​ជួយ​ការពារ​សរសៃឈាម​ពី​ការបំផ្លាញ ឬ​ខូចខាត និង​រក្សា​សុខភាព​សរ​សៃ​ឈាម​បេះដូង​ល្អប្រសើរ​។ ទទឹម ក៏​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ដែល​ប្រមូលផ្ដុំ​នៅក្នុង​សរសៃឈាម​អាកទែ​ផងដែរ​។ លើសពីនេះទៅទៀត ផ្លែ​ទទឹម ជំរុញ​ការផលិត​អុកស៊ីត​នី​ទ្រិ​ក​នៅក្នុង​រាងកាយ ដើម្បី​រក្សា​សរសៃឈាម​ពី​ការស្ទះ​ធ្វើ​ឲ្យ​ឈាម​ហូរ​បាន​ស្រួល​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​ទទឹម ឬ ទឹក​ផ្លែ​ទទឹម​ស្រស់​ជាប្រចាំ ដើម្បី​ទប់ស្កាត់​បញ្ហា​ស្ទះ​សរសៃឈាម​។​
 
២. ត្រី​
​ក្រៅពី​ផ្ដល់អោយ​រាងកាយ​នូវ​បរិមាណ​ប្រូតេអ៊ីន​ចាំបាច់​ហើយ​នោះ ត្រី​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផងដែរ​។ ដូច្នេះ​អាច​និយាយបានថា​ត្រី គឺជា​ប្រភព​ប្រូតេអ៊ីន​ដ៏​ប្រសើរ​បំផុត​សម្រាប់​បេះដូង​។​លើសពីនេះទៅទៀត ត្រី​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ល្អ​សម្រាប់​សុខភាព​សរសៃឈាម​បេះដូង ខួរក្បាល អារម្មណ៍ និង​សន្លាក់​គួរ​ឲ្យ​កត់សម្គាល់​។ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​កាន់តែ​ប្រសើរ ចូរ​ជ្រើសរើស​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​។​
 
៣. សាច់មាន់​

​ក្រៅពី​ប្រូតេអ៊ីន​ហើយ​នោះ សាច់មាន​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ដែល​ចាំបាច់​សម្រាប់​សុខភាព​បេះដូង​ផងដែរ​។ ទោះជា​យ៉ាងណា ចូរ​ជ្រើសរើស​សាច់​ទ្រូង​មក​ទទួលទាន​ក៏​ព្រោះ​ផ្នែក​នេះ​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ ប៉ុន្តែ​ជាតិ​ខ្លាញ់​មិនល្អ​និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ទាប​។​
 
៤. ប៉េងប៉ោះ​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ lycopene ដែល​មិន​ត្រឹមតែ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺមហារីក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​លើកកម្ពស់​សុខភាព​បេះដូង​គួរ​ឲ្យ​កត់សម្គាល់​។ លើសពីនេះទៅទៀត ប៉េង​បោះ​ក៏មាន​ផ្ទុក​បរិមាណ​ជាតិ​សរសៃ​ខ្ពស់ ប៉ូ​តា​ស្យូ​ម niacin folate និង​វីតាមីន B6 ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​រក្សា​សុខភាព​បេះដូង​ប្រសើរ​រឹងមាំ​ផងដែរ​។​
 
៥. គ្រាប់​ធញ្ញជាតិ​
 
​ក៏​ដូច​ទៅនឹង​ត្រី​សម្បូរ​ខ្លាញ់​ដែរ គ្រាប់​ធញ្ញជាតិ​និង​គ្រាប់ពូជ​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​ប្រូតេអ៊ីន​ដែល​ប្រសើរ​ចំពោះ​សុខភាព​បេះដូង​ដែរ​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​គ្រាប់​ធញ្ញជាតិ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​ដើម្បី​ចៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។​ទោះជា​យ៉ាងណា​កុំ​ទទួលទាន​លើស​ពីមួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​។​
 
៦. ឪឡឹក​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ lycopene ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ដោយ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។​
 
៧. ផ្លែ​បឺ​រ 
 
​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ខ្លាញ់​ល្អ (monounsaturated fats) និង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​។ លើសពីនេះទៅទៀត​ផ្លែ​បឺ​រ ក៏​ជា​ប្រភព​នៃ​វីតាមីន C សារធាតុ carotenoids និង​ជាតិ​សរសៃ​ផងដែរ​។ carotenoids ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង​។ ខណៈដែល​ជាតិ​សរសៃ​ជួយ​ដល់​រាងកាយ​ក្នុងការ​ស្រូបយក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ចាំបាច់​។​
 
៨. ប្រេង​អូ​លីវ​សុទ្ធ​
 
​ប្រេង​អូ​លីវ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់​ល្អ (monounsaturated fats) ដែល​ជួយ​កាត់បន្ថយ​ទាំង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។​
 
៩. បន្លែ​បៃតង​

​បន្លែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក វីតាមីន C វីតាមីន A និង​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ដែល​មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​រាងកាយ​ទាំងមូល​តែម្ដង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com