អន្តរជាតិ
តើ Boxing Day គឺជាថ្ងៃអ្វី?
× Boxing Day គឺជាថ្ងៃបន្ទាប់ពីពិធីបុណ្យណូអែល ពោលគឺថ្ងៃទី២៦ ខែធ្នូ ដែលគេនិយមប្រារព្ធឡើងនៅលោកខាងលិច។ នៅថ្ងៃនេះ អ្នកបម្រើ និងនិយោជិកនានាតែងតែទទួលបាននូវប្រអប់ដែលជាអំណោយ (Christmas box) ពីចៅហ្វាយ ថៅកែ ឬនយោជករបស់ខ្លួន។
បច្ចុប្បន្ននេះ Boxing Day ត្រូវបានគេចាត់ទុកជាថ្ងៃនៃការផ្តល់អំណោយដល់ជនក្រីក្រ ហើយហាងលក់ទំនិញនានាក៏បានធ្វើការលក់បញ្ចុះតម្លៃផងដែរ។
Boxing Day បានក្លាយជាថ្ងៃឈប់សម្រាកផងដែររបស់ប្រទេសមួយចំនួន ដោយយោងទៅតាមច្បាប់ជាតិ និងតំបន់នានា។ ប្រទេសទាំងនោះមានដូចជា ចក្រភពអង់គ្លេស ហុងកុង អូស្ត្រាលី កាណាដា នូវេលសេឡង់ និងប្រជាជាតិ Commonwealth មួយចំនួន។
សម្រាប់ប្រទេស Commonwealth (ប្រទេសធ្លាប់ក្រោមអាណានិគមចក្រភពអង់គ្លេស) ជាច្រើន ប្រសិនបើពិធីបុណ្យណូអែលប៉ះចំថ្ងៃសុក្រ គេនឹងឈប់សម្រាកនៅថ្ងៃចន្ទ ហើយបើបុណ្យណូអែលប៉ះចំថ្ងៃសៅរ៍ គេនឹងឈប់សម្រាកទាំងថ្ងៃចន្ទ និងថ្ងៃអង្គារ។
នៅកាណាដា ថ្ងៃទី២៦ ខែធ្នូ គឺជាថ្ងៃឈប់សម្រាក ហើយនៅក្នុងខេត្ត Ontario នៃប្រទេសនេះ កម្មករបានទទួលប្រាក់ពេញម៉ោងដូចថ្ងៃធ្វើការ។ ថ្ងៃទី២៦ ខែធ្នូ ក៏ជាថ្ងៃទីមួយនៃពិធីបុណ្យដែលមានឈ្មោះថា Kwanzaa របស់សហរដ្ឋអាមេរិកផងដែរ។ ពិធីបុណ្យ Kwanzaa គឺប្រារព្ធរហូតដល់ថ្ងៃទី១ ខែមករា ដើម្បីរំលឹកពីមរតកវប្បធម៌អាហ្វ្រិក-អាមេរិក។
នៅអាហ្វ្រិកខាងត្បូង Boxing Day ត្រូវបានគេហៅថា Day of Goodwill ចាប់តាំងពីឆ្នាំ១៩៩៤។ នៅអៀរឡង់ ថ្ងៃនេះត្រូវគេដាក់ឈ្មោះថា St.Stephen’s Day ឬ Day of the Wren។
នៅក្នុងប្រទេសអឺរ៉ុបមួយចំនួនដូចជា អាឡឺម៉ង់ លីទុយអានី ប៉ូឡូញ ហូឡង់ និងស្កង់ឌីណាវ (ដាណឺម៉ាក ន័រវេស និងស៊ុយអែត) ថ្ងៃទី២៦ ខែធ្នូ ត្រូវបានគេចាត់ទុកជាថ្ងៃទីពីរនៃពិធីបុណ្យណូអែល។
ករណីពិសេសសម្រាប់អង់គ្លេស វេលស៍ និងអៀរឡង់ខាងជើង Boxing Day គឺជាថ្ងៃដែលមានកម្មវិធីប្រកួតកីឡាដ៏មមាញឹក និងសំខាន់បំផុត ពោលគឺ បាល់ទាត់ និងបាល់ឱប។ ការប្រកួតភាគច្រើនតែងតែមានការរៀបចំជំនួបរវាងក្រុមដែលស្ថិតនៅក្នុងទីក្រុង ឬតំបន់ដូចគ្នា ក្នុងទិសដៅជៀសវៀងកុំឲ្យក្រុម និងអ្នកគាំទ្ររបស់ពួកគេដើរលេងភ្លេចខ្លួនបន្ទាប់ពីពិធីបុណ្យណូអែល៕
© រក្សាសិទ្ធិដោយ thmeythmey.com