ជាតិ
បទវិភាគ
នយោបាយជាតិ
ខ្មែរត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង 
រូបថត៖ ហ្វេសបុកលោក ម៉ៅ មុនីវណ្ណ
×![]()
ភ្នំពេញ៖ ទំនាស់បញ្ហាព្រំដែនរវាងកម្ពុជាជាមួយប្រទេសជិតខាងរបស់ខ្លួន ធ្លាប់កើតមានតាំងពីយូរមកហើយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ជាពិសេស ទំនាស់បញ្ហាព្រំដែនរវាងកម្ពុជាជាមួយប្រទេសវៀតណាមនិងប្រទេសថៃ ដែលបានកើតឡើងតាំងពីសម័យអាណានិគមនិយមបារាំង។ រហូតមកដល់សព្វថ្ងៃនេះ កម្ពុជាបានបាត់បង់ទឹកដីរបស់ខ្លួនចំនួន២១ខេត្តទៅខាងវៀតណាម និង១២ខេត្តទៅខាងប្រទេសថៃ។ ក្នុងបញ្ហាព្រំដែនសព្វថ្ងៃនេះ រដ្ឋាភិបាលកម្ពុជា គណបក្សនយោបាយ និងប្រជាពលរដ្ឋខ្មែរ សុទ្ធតែបានសម្ដែងការខឹងសម្បារយ៉ាងខ្លាំង និងចាត់វិធានការផ្សងៗតាមតួនាទីរបស់ខ្លួន។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏យើងបានមើលឃើញថា ខ្មែរយើងហាក់ដូចជាមិនទាន់សាមគ្គីគ្នាជាធ្លុងមួយដើម្បីប្រឆាំងជាមួយសត្រូវរួមរបស់ខ្លួននៅឡើយទេ។
ជាក់ស្ដែង ក្នុងពេលថ្មីៗនេះ ពេលដែលប្រទេសវៀតណាម បានជីកស្រះចំនួនប្រាំបីនៅលើទឹដីកម្ពុជា ក្នុងស្រុកអូរយ៉ាដាវខេត្តរតនគិរី និងសង់ប៉ុស្តិ៍យាមរបស់ខ្លួននៅក្នុងទឹកដីខេត្តកណ្ដាលជាដើមរដ្ឋាភិបាលកម្ពុជា បានផ្ញើកំណត់ទូតជាបន្តបន្ទាប់ចំនួនបីដើម្បីតវ៉ាការរំលោភបំពាននេះ។ប៉ុន្តែ រហូតមកទល់នឹងពេលនេះ ភាគីវៀតណាម មិនទាន់បានឆ្លើយតបនៅឡើយទេ។ កន្លងមក រដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់ផ្ញើកំណត់ទូតប្រមាណចំនួន១០រួចមកហើយ ដើម្បីតវ៉ាការរំលោភបំពានទឹកដីពីភាគីវៀតណាមនៅកន្លែងផ្សេងៗទៀតផងដែរ។ ប៉ុន្តែ ភាគីវៀតណាម មិនទាន់ដែលបានឆ្លើយតបជាវិជ្ជមានចំពោះការតវ៉ារបស់រដ្ឋាភិបាលកម្ពុជានៅឡើយដែរ។ការមិនបានឆ្លើយតបពីភាគីវៀតណាមនេះ ប្រហែលជាវៀតណាម យល់ថាខ្លួនជាប្រទេសធំនិងខ្លាំងជាងកម្ពុជា ហើយការតវ៉ារបស់ភាគីកម្ពុជា ក៏មិនសូវរឹងមាំដែរ។
ក្នុងស្ថានភាពបច្ចុប្បន្ននេះ យើងក៏បានសង្កេតឃើញ គណបក្សនយោបាយ សង្គមស៊ីវិល និងប្រជាពលរដ្ឋខ្មែរ បានសម្ដែងប្រតិកម្មរបស់ខ្លួនចំពោះភាគីវៀយណាម ដូចជា ការបង្ហាញជំហរតាមប្រព័ន្ធផ្សព្វផ្សាយឱ្យភាគីវៀតណាមគោរពបូរណភាពដែនដីរបស់កម្ពុជា និងការចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យទីតាំងដែលត្រូវរំលោភបំពានជាដើម។ ទោះបីជាយ៉ាងនេះក៏ដោយក៏សមាសភាពខាងលើនេះ ជាពិសេស បក្សប្រឆាំងនិងបក្សកាន់អំណាច មិនទាន់រួបរួមគ្នាជាធ្លុងមួយដើម្បីប្រឆាំងនឹងសត្រូវរួមទេ ពួកគេបែរជាព្យាមយាមទំលាក់កហុសនិងចោទប្រកាន់គ្នាទៅវិញទៅមកថា កំពុងព្យាយាមកេងចំណេញខាងនយោបាយពីជម្លោះព្រំដែននេះទៅវិញ។
ក្នុងនាមអ្នកវិភាគសង្គម យើងយល់ថា ប្រសិនបើ កម្ពុជាចង់ទាមទារទឹកដីដែលបានបាត់បង់ទាំងនោះមកវិញ ឬយ៉ាងហោចណាស់ ការពារបូរណភាពទឹកដីដែលបានកំណត់ក្នុងផែនទីផ្លូវការរបស់កម្ពុជាសព្វថ្ងៃខ្មែរគ្រប់សមាសភាព ដែលរួមមានគណបក្សនយោបាយ សង្គមស៊ីវិល និងប្រជាពលរដ្ឋខ្មែរ ត្រូវរួមគ្នាជាមួយរដ្ឋាភិបាលកម្ពុជា រិះរកវិធីល្អៗសព្វបែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី ឬប្រឆាំងនឹងសត្រូបរួម ដែលតែងតព្យាយាមចង់ឈ្លានពានទឹកដីរបស់យើងមិនឈប់ឈរ។ យើងយល់ថា ពេលនេះ សមល្មមដែលខ្មែរគ្រប់ភាគី ឈប់ឈ្លោះគ្នាពីព្រោះតែអំណាចហើយ។ ផ្ទុយទៅវិញ យើងត្រូវតែត្រូវបើកចិត្តឱ្យទូលាយ អង្គុយជជែកគ្នា ធ្វើការជាមួយគ្នា ដោយយកព្រះរាជបណ្ដាំរបស់អតីតព្រះមហាវីរក្សត្រ នរោត្តម សីហនុ, បណ្ដាំរបស់ សម្ដេច ជា ស៊ីម ដែលមានខ្លឹមសារសង្ខេបថា...បើខ្មែរសាមគ្គីគ្នា ខ្មែរខ្លាំង និងឈ្នះសត្រូវគ្រប់ទិសទី និងគតិបណ្ឌិតរបស់ ព្រះបាទជ័យវរ្ម័នទី៧ ដែលលើកឡើងថា «ទុក្ខលំបាករបស់រាស្ត្រ គឺជាទុក្ខលំបាករបស់មហាក្សត្រ(អ្នកដឹកនាំ)...»ជាដើម។
ផ្ដើមចេញពីព្រះរាជបណ្ដាំ, បណ្ដាំ និងគតិបណ្ឌិតរបស់ ព្រះមហាក្សត្រនិងអ្នកដឹកនាំខ្មែរ ព្រមទាំងផ្អែកលើការពិចារណារបស់យើង យើងយល់ថា ខ្មែរគ្រប់ភាគី និងគ្រប់សមាសភាព ត្រូវតែរួមគ្នា បំពេញការងារជាមួយគ្នាតាមភារកិច្ចរៀងៗខ្លួន ដោយស្មោះត្រង់ និងតម្កល់ផលប្រយោជន៍ជាតិជាធំ តាមជំហានទាំងបីដូចខាងក្រោម៖
1. ការប្រមូលកម្លាំងសរុប ទាំងរដ្ឋាភិបាល បក្សនយោបាយ(បក្សប្រឆាំងនិងបក្សដទៃទៀត) សង្គមស៊ីវិលក្នុងនិងក្រៅប្រទេសដែលធ្វើការទាក់ទងនឹងបញ្ហាព្រំដែន ស្ថានប័នស្រាវជ្រាវ និងបញ្ញវន្តពាក់ព័ន្ធមួយចំនួនដូចជា ប្រវត្តិវិទូ ទស្សនវិទូ ភូមិវិទ្យាវិទូ វិទ្យាសាស្ត្រនយោបាយវិទូ អ្នកច្បាប់អន្តរជាតិ សង្គមវិទូ បុរាណវត្ថុវិទូ និងអ្នកជំនាញខាងព្រំដែន ជាដើម) ដើម្បីប្រមូលយកពុទ្ធិ ទ្រឹស្ដីគំនិត ទស្សនៈ យុត្តិកម្ម ទឡ្ហីករណ៍ និងបទពិសោធល្អៗ សម្រាប់កំណត់អត្តសញ្ញាណនៃបញ្ហា វិសាលភាពនៃបញ្ហា ផលប៉ះពាល់ និងដំណោះស្រាយនៃបញ្ហាព្រំដែនជាមួយប្រទេសជិតខាងរបស់កម្ពុជា។
2. ការសិក្សាស្រាវជ្រាវលម្អិតអំពី ប្រវត្តិនៃបញ្ហាព្រំដែន ប្រមូលឯកសារប្រវត្តិសាស្ត្រ ច្បាប់ និងបទដ្ឋានគតិយុត្តដទៃទៀត ដូចជា ផែនទី កិច្ចព្រមព្រៀង សន្ធិសញ្ញា កតិកាសញ្ញា សាលក្រម សាលដីកា អនុស្សរណៈនៃការយោគយល់...សម្រាប់ធ្វើជាមូលដ្ឋានក្នុងការតស៊ូមតិ និងការតវ៉ាតាមរូបភាពផ្សេៗទៀត ទាំងខាងប្រវត្តិសាស្ត្រ បច្ចេកទេស ជំនាញ និងផ្លូវច្បាប់។ល។
3. កំណត់ជំហរ យន្តការ នីតិវិធី វិធានការ និងដំណាក់កាលនៃការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។ក្នុងនោះយើងត្រូវសម្រចថា តើជំហររបស់យើងយ៉ាងម៉េច? តើយើងត្រូវចេញដំណើរពីណាមុន? តាមរូបភាពណា? កម្រិតណា?...ឧទាហរណ៍៖ ចេញពីការផ្ញើកំណត់ទូត ជូនភាគីរំលោភ ទៅដល់ការការសុំអន្តរាគមន៍ពីអាស៊ាន...និងចុងក្រោយប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ជាដើម។
យើងជឿថា ប្រសិនបើ ខ្មែរទាំងអស់រួបរួមគ្នា ធ្វើការជាមួយគ្នាដោយស្មោះត្រង់ មិនកេងចំណេញខាងនយោបាយ មិនធ្វើប្រជាភិថុតិលើបញ្ហាព្រំដែន ហើយបានបំពេញការងារដោយអនុលោមតាមជំហានទាំងបីដូចដែលបានលើកឡើងខាងលើនោះ ប្រទេសជិតខាងពិតជាមិនអាចធ្វើអ្វីយើងបានតាមចិតចង់របស់គេទេ ទាំងបញ្ហាព្រំដែននិងបញ្ហាផ្សេងៗទៀត។
ចំពោះបូរណភាពទឹកដីវិញ បើទោះបីជាយើងមិនអាចទាមទារទឹកដីដែលយើងបាបបាត់បង់ក្នុងអតីតកាលនោះមកវិញក៏ដោយ ក៏យើងអាចរក្សាទឹកដីដែលមានក្នុងផែនទីផ្លូវការរបស់យើងដែលតម្កល់ទុកនៅអង្គការសហប្រជាជាតិដែរ ឱ្យតែរដ្ឋាភិបាលពិតជាស្រឡាញ់ទឹកដី មានអធិបតេយ្យភាពពេញលេញ និងបើកចិត្តទូលាយធ្វើការជាមួយសមាសភាពដទៃទៀត។ ឯបក្សនយោបាយនិងសមាសភាពដទៃទៀត ក៏ត្រូវតែបង្ហាញជំហរស្រឡាញ់បូរណភាពទឹកដីពិតប្រាកដនិងមិនត្រូវឆ្លៀតកេងចំណេញខាងនយោបាយអំពីការងារនេះដែរ។ ផ្ទុយទៅវិញ ប្រសិនបើខ្មែរគ្រប់សមាសភាពនៅតែបន្តបែកបាក់គ្នា និងនៅតែឆ្លៀតកេងចំណេញពីគ្នាទៅវិញទៅមកពីព្រោះតែអំណាច ក្នុងពេលអនាគត ខ្មែរនឹងនៅតែបន្តបាត់បង់ទឹកដី ហើយទីបំផុតសូម្បីតែរកទីតាំងក្នុងទឹកដីរបស់ខ្លួនសម្រាប់ឈ្លោះគ្នាក៏គ្មានដែរ ដូចជាប្រទេសចម្ប៉ាជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com