ជាតិ
អាជ្ញាធររារាំងមិនឲ្យសង្គមស៊ីវិលហែក្បួនប្រឆាំងនឹងច្បាប់NGOs ក្រុមអង្គការសង្គមស៊ីវិលនៅតែបន្តយុទ្ធនាការប្រឆាំងនឹងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។ នៅព្រឹកថ្ងៃអង្គារទី៣០មិថុនានេះ សកម្មជនដីធ្លី អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិប្រមាណជា១០០ស្ថាប័ន បានបែងចែកការជួបជុំនៅ៤កន្លែងផ្សេងគ្នា នៅរាជធានីភ្នំពេញ ដើម្បីធ្វើយុទ្ធនាការដើរហែក្បូនប្រឆាំងនឹងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល គឺនៅវត្តនិរោធ ក្នុងសង្កាត់ច្បារអំពៅ នៅចំណុចចាក់អង្រែលើ ស្ថានទូតបារាំង និងស្ពានអាកាស៧មករា ស្តុបពេទ្យលោកសង្ឃ។
តាមគម្រោងក្បួនដង្ហែទាំង៤ក្រុម នឹងទៅជួបជុំគ្នានៅវិមានរដ្ឋសភា នៅម៉ោង១០ព្រឹក ថ្ងៃអង្គារនេះ។ តែយ៉ាងណាក៏ដោយ ក្រុមអាជ្ញាធរ បានរារាំងមិនឲ្យសកម្មជនដីធ្លី និងក្រុមអង្គការសង្គមស៊ីវិលធ្វើយុទ្ធនាការ ហែក្បួនប្រឆាំងនឹងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះឡើយ។
គណៈកម្មការទី៥នៃរដ្ឋសភា សហការជាមួយគណៈកម្មការទី៤ និងទី៦នៃរដ្ឋសភាកំពុងធ្វើការសិក្សា ស្រាវជ្រាវ និងពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីនេះ។ លោកឈាង វុន អ្នកនាំពាក្យរដ្ឋសភាជាតិ បានបញ្ជាក់ថា ក្នុងពេលសិក្សាលើ សេចក្តីព្រាងច្បាប់នេះ នាពេលឆាប់ៗខាងមុខនេះ រដ្ឋសភានឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផងដែរ ។
សេចក្តីព្រាងច្បាប់ចុងក្រោយស្តីពី អង្គការមិនមែនរដ្ឋាភិបាល និងសមាគម មាន៩ជំពូក និង៣៩មាត្រា និងត្រូវបានរដ្ឋាភិបាលអនុម័តនៅថ្ងៃទី៥មិថុនា និងបានបញ្ជូនមកដល់ដៃរដ្ឋសភានៅថ្ងៃទី១៦ខែមិថុនា។ រដ្ឋាភិបាលបានសម្រេចកែសម្រួលពាក្យពេចន៍ និងបានដកមាត្រាចំនួនពីរចេញពីសេចក្តីព្រាងច្បាប់នេះ គឺមាត្រាដែលចែងពីការដាក់កំហិតលើការចំណាយថវិការដ្ឋបាលរបស់អង្គការ សមាគម និងនីតិវិធីនៃការចុះបញ្ជីរបស់អង្គការអន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com