ជាតិ
អាជ្ញាធរ​រារាំងមិនឲ្យសង្គម​ស៊ីវិលហែក្បួន​ប្រឆាំងនឹង​ច្បាប់​NGOs
30, Jun 2015 , 10:17 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅតែ​បន្ត​យុទ្ធនាការ​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល។ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី៣០មិថុនា​នេះ  សកម្មជន​ដីធ្លី អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិប្រមាណ​ជា១០០ស្ថាប័ន បាន​បែងចែក​ការជួបជុំ​នៅ៤កន្លែង​ផ្សេងគ្នា នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​យុទ្ធនា​ការដើរ​ហែ​ក្បូន​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល  គឺ​នៅ​វត្ត​និរោធ ក្នុង​សង្កាត់​ច្បារអំពៅ  នៅ​ចំណុច​ចាក់អង្រែលើ ស្ថានទូត​បារាំង និង​ស្ពាន​អាកាស៧មករា ស្តុ​ប​ពេទ្យ​លោកសង្ឃ។


 
តាម​គម្រោងក្បួន​ដង្ហែ​ទាំង៤ក្រុម ​នឹង​ទៅ​ជួបជុំគ្នា​នៅ​វិមាន​រដ្ឋសភា​ នៅ​ម៉ោង១០ព្រឹក ថ្ងៃ​អង្គារ​នេះ។ តែ​យ៉ាងណាក៏ដោយ ក្រុម​អាជ្ញាធរ បាន​រារាំង​មិន​ឲ្យ​សកម្មជន​ដីធ្លី និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនាការ ហែក្បួនប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាលនេះឡើយ។

គណៈកម្មការ​ទី៥នៃ​រដ្ឋសភា សហការ​ជាមួយ​គណៈកម្មការ​ទី៤ និង​ទី៦នៃ​រដ្ឋសភា​កំពុងធ្វើការ​សិក្សា ស្រាវជ្រាវ និង​ពិភាក្សា​លើ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ស្តី​នេះ។ លោក​ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភាជាតិ បាន​បញ្ជាក់ថា ក្នុងពេល​សិក្សា​លើ សេចក្តីព្រាងច្បាប់​នេះ នាពេលឆាប់ៗខាងមុខនេះ រដ្ឋសភា​នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ីវិល  និងអ្នកពាក់ព័ន្ធ​ផងដែរ ។

សេចក្តីព្រាងច្បាប់​ចុងក្រោយ​ស្តីពី អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម មាន៩ជំពូក និង៣៩មាត្រា និង​ត្រូវបាន​រដ្ឋាភិបាល​អនុម័ត​នៅថ្ងៃទី៥មិថុនា និង​បានបញ្ជូនមក​ដល់ដៃ​រដ្ឋ​សភានៅ​ថ្ងៃទី១៦ខែមិថុនា។ រដ្ឋាភិបាល​បានសម្រេច​កែសម្រួល​ពាក្យពេចន៍ និង​បាន​ដក​មាត្រា​ចំនួន​ពីរ​ចេញពី​សេចក្តីព្រាងច្បាប់​នេះ គឺ​មាត្រា​ដែល​ចែង​ពី​ការដាក់កំហិត​លើ​ការចំណាយ​ថវិកា​រដ្ឋបាល​របស់​អង្គការ សមាគម និង​នីតិវិធី​នៃ​ការចុះបញ្ជី​របស់​អង្គការ​អន្តរជាតិ៕



© រក្សាសិទ្ធិដោយ thmeythmey.com