ជាតិ
បទវិភាគ
ខ្ញុំ​ជា​យុវជន! តើ​ខ្ញុំ​អាចធ្វើ​អ្វី​បាន​ខ្លះ​សម្រាប់​ប្រទេសជាតិ​ខ្ញុំ?
30, Sep 2016 , 5:00 pm        
រូបភាព
ដោយ:
សង្គម​មួយ​រីកចម្រើន​ខ្លាំង ជា​សង្គម​ដែលមាន​ធនធានមនុស្ស​ខ្លាំង ពោល​គឺជា​ធនធានមនុស្ស​ដែលមាន​ការអប់រំ​ខ្ពស់ មាន​ការគិត​ស៊ីជម្រៅ មានគំនិត​ច្នៃប្រឌិត​ខ្ពស់ និង​មានភាពជា​ពលរដ្ឋ​ល្អ ។ល។ ផ្ទុយទៅវិញ ពលរដ្ឋ​ដែលមាន​ផ្នត់គំនិត​ពឹងផ្អែក​តែ​សង្គម​ឬ​រស់​ដោយសារតែ​សង្គម​ផ្តល់​ឲ្យ គឺ​ពួកគេ​តែងតែ​ចោទ​សួរថា តើ​សង្គម​អាចជួយ​ឬ​ផ្តល់​អ្វីខ្លះ​ដល់​ខ្ញុំ(ពលរដ្ឋ)?នៅក្នុង​សង្គម​ដែលមាន​ធនធានមនុស្ស​បែបនេះ ពិតជា​មិនអាច​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​រីកចម្រើន​បានឡើយ។


មុននឹង​អភិវឌ្ឍន៍​សង្គមជាតិ​មួយ​ឲ្យ​មានអ្វីៗគ្រប់យ៉ាង គឺ​មេដឹកនាំ​គ្រប់​ជាន់ថ្នាក់ ឪពុកម្តាយ អាណាព្យាបាល និង​លោកគ្រូ​អ្នកគ្រូ​គ្រប់រូប​ត្រូវ​បណ្តុះ​ផ្នត់គំនិត​ដល់​ពលរដ្ឋ យុវជន​និង​សិស្ស​និស្សិត​ទាំងអស់​ឲ្យ​មាន​គតិបណ្ឌិត​ក្នុង​ខ្លួន និង​មាន​មនសិការ​ស្នេហា​សង្គមជាតិ ជាមុនសិន។នៅពេលនោះ​ពួកគេ​ប្រាកដជា​សួរ​ខ្លួនឯង​វិញ​ថា ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់! ខ្ញុំ​ជា​យុវជន​ម្នាក់! តើ​ខ្ញុំ​អាចធ្វើ​អ្វី​បាន​ខ្លះ​សម្រាប់​ប្រទេសជាតិ​ខ្ញុំ? អ្វីដែល​ពួកគេ​អាចធ្វើ​បានជា​រួមមាន៖

១/ ការអភិវឌ្ឍ​ខ្លួន គឺជា​ជំហាន​ដំបូង មុននឹង​ឈានទៅ​ចូលរួម​ជួយ​អភិវឌ្ឍន៍​សង្គមជាតិ។ដូច្នេះ​អ្នក​ត្រូវ​ស្គាល់​ខ្លួនឯង​ឲ្យ​បាន​ច្បាស់ ពោលគឺ ស្គាល់​ពី​ចំណង់​ចំណូលចិត្ត ទេពកោសល្យ ចំណុចខ្លាំង-ខ្សោយ​ខ្លួនឯង​ហើយ​ចាប់ផ្តើម​កំណត់​គោលដៅ​ជីវិត​ឲ្យ​បាន​ច្បាស់។ នៅពេល​អ្នក​ស្គាល់​ខ្លួនឯង​ច្បាស់ គឺ​អ្នក​អាចជួយ​អភិវឌ្ឍន៍​សង្គមជាតិ​ទៅតាម​គោលដៅ​ជីវិត​របស់​អ្នក​បាន​យ៉ាង​ងាយ​ស្រួ​ស​ពេលនោះ​គោលដៅ​នៅក្នុង​ជីវិត​របស់​អ្នក​ក៏​ទទួលបាន​ជោគជ័យ ហើយ​កិច្ច​ការជួយ​អភិវឌ្ឍន៍​សង្គម​ក៏​អ្នក​បានធ្វើ។

២/ បង្កើន​ចំណេះដឹង​ខ្លួនឯង គឺ​ខំរៀន​ឲ្យ​ពួ​កែ​ដោយ​ត្រូវ​ស្វែងរក​ចំណេះដឹង​បន្ថែម​ក្រៅពី​រៀន​នៅ​សាលា ដូចជា៖អាន​សៀវភៅ ស្តាប់​កម្មវិធី​វិទ្យុ មើល​កម្មវិធី​ទូរទស្សន៍ រៀន​ពី​បុគ្គល​ឆ្នើម បុគ្គល​ជោគជ័យ​ចូលរួម​ក្នុង​វិ​ទិ​កា​សាធារណៈ និង​សិក្ខាសាលា​នានា ដែល​ទាក់ទិន​នឹង​ការអប់រំ​ការអភិវឌ្ឍ​ខ្លួនឯង និង​បញ្ហា​សង្គមជាតិ​នានា។

៣/ ភាពជា​ពលរដ្ឋ គឺ​គោរព​តាមច្បាប់​ដែល​រដ្ឋ​បានកំណត់​មាន​សីលធម៌​ល្អ មាន​គោលការណ៍​សុចរិត​ភាព ចូលរួម​ដោះស្រាយ​បញ្ហា​សង្គមជាតិ មិន​ប្រព្រឹត្តិ​អំពើពុករលួយ​មិន​រំលោភ​ទ្រព្យសម្បត្តិ​និង​សិទ្ធិ​អ្នកដទៃ មិន​បង្ក​ហិង្សា​លើ​អ្នកដទៃ មិន​គាំទ្រ​សកម្មភាព​ដែល​បំផ្លាញ​ជាតិ និង​មិន​ធ្វើ​សកម្មភាព ឬ​ទង្វើ​ណា​ដែល​ប៉ះពាល់​ដល់​សង្គម​ឡើយ។

៤/ បណ្តុះ​ផ្នត់គំនិត​ស្រឡាញ់​ជាតិ គឺ​តាមដាន​ព្រឹត្តិការណ៍​សង្គម ស្ថានការណ៍​នៃ​ការវិវត្ត​ក្នុងសង្គម​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​សង្គម និង​អភិវឌ្ឍន៍​សង្គម​តាមរយៈ​ការបរិច្ចាគ​កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ឬ​ទ្រព្យសម្បត្តិផ្សេងៗទៅតាម​អ្វីដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​សង្គមជាតិ។

៥/ ធ្វើការ​ស្ម័គ្រចិត្ត​ជួយ​សង្គម គឺ​យក​ពេលទំនេរ ឬ​ឆ្លៀត​ពេលខ្លះ​ដើម្បី​ធ្វើ​កិច្ចការ​ស្ម័គ្រចិត្ត​ជួយ​អភិវឌ្ឍន៍​សង្គមជាតិ ដូចជា៖ ការសម្អាត​ទីធ្លា​សាធារណៈ ការដាំ​កូនឈើ ជួយ​មនុស្ស​មាន​វិបត្តិ មនុស្ស​ចាស់​ឬ​ជួយ​បណ្តុះបណ្តាល ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ទៅដល់​អ្នកដទៃ។ ល។

៦/ បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​គឺ​ចូលរួមចំណែក​បញ្ចេញ​ទស្សនៈ​គំនិត និង​យោបល់​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ ដោយ​គុណធម៌ មិន​លំអៀង និង​ក្នុងន័យ​អប់រំ និង​ទិតៀន​ដើម្បី​ស្ថាបនា​ដល់​ពលរដ្ឋ យុវជន សិស្ស​និស្សិត និង​ថ្នាក់ដឹកនាំ​នានា ដើម្បី​រៀនសូត្រ ត្រិះរិះ អភិវឌ្ឍន៍​ខ្លួន និង​សង្គមជាតិ៕


© រក្សាសិទ្ធិដោយ thmeythmey.com