ជាតិ
អ្នកជំនាញកសិកម្មអំពាវនាវឲ្យកសិកររួមគ្នាកាត់បន្ថយការប្រើប្រាស់ថ្នាំគីមី
× សៀមរាប៖ ក្រុមអ្នកជំនាញផ្នែកកសិកម្ម ដែលមកពីស្ថាប័នរដ្ឋាភិបាល និងអង្គការ បានអំពាវនាវដល់កសិករ ឲ្យព្យាយាមកាត់បន្ថយការប្រើប្រាស់ជីគីមី។ ការប្រើប្រាស់ជីគីមីនៅលើដំណាំកសិកម្ម គឺធ្វើឲ្យប៉ះពាល់ខ្លាំងទៅលើអ្នកប្រើប្រាស់ អ្នកបរិភោគ ក៏ដូចជាប៉ះពាល់ដល់បរិស្ថាន។
អង្គការ GIZ ដែលគេស្គាល់ថា ជាអង្គការកសិកម្មដ៏ធំមួយរបស់ប្រទេសអាឡឺម៉ង់ បានជំរុញឲ្យកសិករនៅក្នុងប្រទេសកម្ពុជាទាំងអស់ ងាកមកប្រើប្រាស់ជីធម្មជាតិ ជំនួសជីគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពខ្លាំង។ តាមការសិក្សា មានកសិករប្រមាណ៨០ភាគរយ ក្នុងចំណោមកសិករទាំង៨៥ភាគរយនៅកម្ពុជា កំពុងប្រើប្រាស់ជីគីម ឫថ្នាំពុលកសិកម្ម។
វេទិកាថ្នាក់ជាតិ ស្តីពីបទដ្ឋានគតិយុត្តិក្នុងការប្រើប្រាស់ និងការធ្វើពាណិជ្ជកម្មភ្នាក់ងារជីវសាស្ត្រ ក្នុងវិស័យកសិកម្មនៅកម្ពុជា បានធ្វើឡើងនៅទីក្រុងសៀមរាប។ វេទិការយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ កក្កដា មានកសិករប្រមាណ១០០នាក់ មកពីបណ្តាខេត្តផ្សេងគ្នា។ ហើយគោលបំណងសំខាន់នៃវេទិកានេះ គឺរកមធ្យោបាយ ផ្លាស់ប្តូរការ ការប្រើប្រាស់ជីគីមី ដែលកសិករខ្មែរកំពុងមានអត្រាប្រើប្រាស់ខ្ពស់ គួរឲ្យព្រួយបារម្ភ។
លោក ប្រាក់ ជាថូ អគ្គនាយករង អគ្គនាយកដ្ឋានផ្សព្វផ្សាយ នៃក្រសួងកសិករ បានឲ្យដឹងថា ការប្រើប្រាស់សាធាតុគីមី គឺធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើ (កសិករ) អ្នកប្រើប្រាស់ និងជាពិសេសគឺបំពុលដល់បរិស្ថានផងដែរ។ យ៉ាងណាមិញ លោក ជាថូ អះអាងថា ការប្រើប្រាស់សារធាតុគីមីនៅកម្ពុជា មិនទាន់ប្រកាសអាសន្ននៅឡើយ បើធៀបទៅនឹងបណ្តាប្រទេសក្បែរខាង។
មន្ត្រីនៃក្រសួងកសិកម្ម លោក ប្រាក់ ជាថូ បានអំពាវនាវឲ្យកសិករទាំងអស់ គួរកាត់បន្ថយការប្រើប្រាស់ជីគីមីទៅលើដំណាំកសិកម្មរបស់ពួកគេ ដោយក្នុងនោះគួរងាកមកប្រើប្រាស់ជីធម្មជាតិ ឫប្រភេទជី ដែលអាចផលិតដោយខ្លួនឯង មានជីកំប៉ោសជាដើម ហើយគួរប្រើប្រើប្រភេទជីគីមី ដែលមានការអនុញ្ញាតពីក្រសួងកសិកម្ម ដែលមានហានិភ័យតិចតួច។
នាយកកម្មវិធីបរិស្ថាន និងសុខភាពនៃអង្គការសេដាក លោក គាម មករាឌី បានឲ្យដឹងថា កសិករ បានប្រើប្រាស់ជីគីមីទៅលើស្រែប្រាំងរបស់ពួកគេ ស្ទើតែ១០០ភាគរយ។ ក្រៅពីនោះ ដំណាំអំពៅ និងបន្លែ ក៏ជាប្រភេទដំណាំដែលមានការប្រើប្រាស់ជីគីមីច្រើនផងដែរ។ លោក មករាឌី ពន្យល់ថា សារធាតុគីមី ត្រូវបានបែងចែកជា២ប្រភេទ មានជីកសិកម្ម និងថ្នាំពុលកសិកម្ម។ ជីកសិកម្ម ប្រើប្រាស់ច្រើនទៅតាមប្រភេទដំណាំ មានស្រែវស្សា និងស្រែប្រាំង ចំណែកថ្នាំពុលកសិកម្ម កសិករប្រើប្រាស់ទៅលើប្រភេទបន្លែ។
យ៉ាងណាមិញ តាមការបញ្ជាក់ពីមន្ត្រីបរិស្ថាន និងសុខភាពនៃអង្គការសេដាក ទាំងជី និងថ្នាំពុលកសិករ សុទ្ធសឹងបង្កគ្រោះថ្នាក់ដល់អ្នកផលិត និងអ្នកប្រើប្រាស់។ វាអាចធ្វើឲ្យកសិករពុលនៅពេលប្រើប្រាស់ ហើយអ្នកទទួលទាន ពុលដោយសារការរាគរួស និងធ្វើឲ្យសុខភាពចុះខ្សោយជាលំដាប់។ លោកស្នើឲ្យកសិករ គួរយល់ដឹងពីបច្ចេកទេសដាំដុះ និងដឹងពីគ្រោះថ្នាក់ដោយសារការប្រើប្រាស់សារធាតុគីមី។ លោក មករាឌី រំពឹងថា ក្នុងវេទិកាដែលរៀបចំឡើងដោយអង្គការ GIZ នឹងអាចរកវិធីសាស្ត្រឲ្យកសិករជំនួសការប្រើប្រាស់សារធាតុគីមីទៅថ្ងៃខាងមុខ។
គួរបញ្ជាក់ថា ក្នុងវេទិការយៈពេល២ថ្ងៃនៅសណ្ឋាគារ រីជីនស៊ី អង្គរ នេះដែរ កសិករទាំងអស់ ក៏មានឳកាសចុះទៅកន្លែងដាំដុះរបស់កសិករនៅតាមមូលដ្ឋាននៅក្នុងខេត្តសៀមរាបផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com