ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ហៅលោក សម រង្ស៊ី «មេចោរ» ក្នុងកិច្ចសម្ភាសន៍ពិសេស
17, Aug 2015 , 9:25 pm        
រូបភាព
ដោយ: ថ្មីៗ
នៅពេលដែលប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកនឹងឈប់ចាក់ចង្កេះរដ្ឋាភិបាលក្នុងសំណុំរឿងរសើបនោះ វាមិនមានន័យថា ទំនាស់នយោបាយនឹងធូរស្រាលឡើយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខឹងសម្បារលោក សម រង្ស៊ី យ៉ាងខ្លាំងដោយអត្ថាធិប្បាយប្រៀបប្រដូចលោក សម រង្ស៊ី ទៅនឹងមេចោរ និងសមាជិកគណបក្សសង្គ្រោះជាតិ ទៅនឹងក្រុមចោរ ដែលទើបចេញសារភាព។



គឺនៅក្នុងបទសម្ភាសន៍ពិសេសតាមទូរសព្ទជាមួយលោក សយ សុភាពនៅយប់ថ្ងៃទី១៧សីហានេះ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រលះដៃគូសន្ទនារបស់លោក គឺលោក សម រង្ស៊ី។ លោក សយ សុភាព គឺជាអគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល ដែលធ្លាប់បានចូលរួមក្នុងដំណោះស្រាយនយោបាយជាច្រើនករណីរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី និងរវាងលោក ហ៊ុន សែន និងព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ។

សារព័ត៌មានដើមអម្ពិលបានស្រង់ប្រសាសន៍របស់លោក ហ៊ុន សែន យ៉ាងដូច្នេះ៖«ក្រុមចោរ ដែលបំផ្លាញស្ថេរភាពកន្លងទៅ គឺបានចេញមុខសារភាពហើយ គឺលោក សម រង្ស៊ី និង គណបក្សរបស់គាត់ ហៅថាក្រុមចោរ ហើយអ្នកដែលបង្កអស្ថេរភាព គឺលោក សម រង្ស៊ី និងគណបក្សរបស់គាត់  ដែលតែងតែចាក់ពីក្រោយខ្នងចំពោះរាជរដ្ឋាភិបាល»។

នៅព្រឹកថ្ងៃចន្ទនេះ លោក សម រង្ស៊ី បានចុះសួរសុខទុក្ខសមាជិកគណបក្សសង្គ្រោះជាតិនៅក្នុងមន្ទីរឃុំឃាំងព្រៃស ហើយបានឆ្លើយសំណួរអ្នកកាសែតអំពីលទ្ធភាព ឬយន្តការនៃការដោះស្រាយបញ្ហាតានតឹងជាមួយគណបក្សប្រជាជនកម្ពុជាដែលជាដៃគូ។ លោក សម រង្ស៊ី បានថ្លែងថា គណបក្សសង្គ្រោះជាតិនឹងឈប់ចាក់ក្រឡេករដ្ឋាភិបាល ក្នុងសំណុំរឿងរសើប។



បើតាមសម្តីប្រតិកម្មធ្ងន់ៗ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មានដើមអម្ពិលនោះ អនុស្សាវរីយ៍នៃការបរិភោកអាហារពេលល្ងាចជាមួយគ្នាជាលក្ខណៈគ្រួសារ រវាងគ្រួសារលោក សម រង្ស៊ី និង គ្រួសាររបស់លោកនាយករដ្ឋមន្ត្រីនោះ មិនអាចជួយលោក សម រង្ស៊ី ឡើយ។ សារព័ត៌មាននេះបានស្រង់ការអត្ថាធិប្បាយរបស់លោក ហ៊ុន សែន ដែលស្នើឲ្យលោក សម រង្ស៊ី «ជួសជុលគ្រប់ចំណុច ដែលលោកបានធ្វើមកលើរដ្ឋាភិបាល» ដើម្បីដំណើរការល្អប្រសើរនៃវប្បធម៌សន្ទនា»។
មេដឹកនាំនយោបាយកំពូលទាំងពីរជាអ្នកបង្កើតវប្បធម៌សន្ទនានេះ៕



Tag:
 ហ៊ុន សែន
  សម រង្ស៊ី
  វប្បធម៌សន្ទនា
© រក្សាសិទ្ធិដោយ thmeythmey.com