ជាតិ
លោក ថោង ខុន ថា លោក សុខ គង់ ជា​អ្នកស្ម័គ្រចិត្ត​ផ្ទេរ​ការគ្រប់គ្រង​អង្គរវត្ត​ជូន​រដ្ឋ​វិញ​
11, Nov 2015 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​បានសម្រេច​កាន់កាប់​ចាត់ចែង និង​គ្រប់គ្រង​ប្រាសាទអង្គរវត្ត​ទាំងមូល​រួមទាំង​បុគ្គលិក និង​ចំណូល​ចំណាយ  បន្ត​ពី​ក្រុមហ៊ុន​របស់លោក សុខ គង់ ចាប់ពី​ដើមឆ្នាំ ២០១៦ ខាងមុខ​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បាន​អះអាងថា មូល​ហេតុដែល​រដ្ឋាភិបាល​សម្រេច​គ្រប់គ្រង ចាត់ចែង​ប្រាសាទអង្គរវត្ត​វិញ ដោយសារ​លោក សុខ គង់ ស្ម័គ្រចិត្ត​ផ្ទេរ​ការគ្រប់គ្រង​អង្គរវត្ត​ជូន​រដ្ឋ​វិញ ដើម្បី​បញ្ចប់​ការ​លាប​ពណ៌​ពី​មតិ​ប្រឆាំង​មួយចំនួន ថា វៀតណាម​គ្រប់គ្រង​អង្គរវត្ត​ខ្មែរ​។



​បន្ទាប់ពី​ចូលរួម​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ កំណែទម្រង់​របស់​ក្រសួងទេសចរណ៍ រយៈពេល ៩​ខែ ឆ្នាំ​២០១៥ និង​ទិសដៅ​អនុវត្ត​បន្ត នៅ​ថ្ងៃទី​១០ វិច្ឆិកា​នេះ លោក ថោង ខុន និយាយ​ពី​ការសម្រេច​គ្រប់គ្រង​ការលក់​សំបុត្រ​នេះ​ថា គឺជា​ការ​បានបញ្ចប់​ម​តិ​ប្រឆាំង​មួយចំនួន លើកឡើង ថា រដ្ឋាភិបាល​កម្ពុជា បានប្រគល់​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត ឲ្យ​ទៅ​វៀតណាម​។ ហើយ​ថា លោក សុខ គង់ មិនមែនជា​ជនជាតិ វៀតណាម នោះទេ​។​

​លោក​និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​លោក សុខ គង់ តាម​ការពិត​លោក​ក៏​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ ប៉ុន្តែ​គ្រាន់តែ​លោក​មានកំណើត​នៅ​អ្នក​លឿង​។ ប៉ុន្តែ​ជាការ​ចោទប្រកាន់​មូល​បង្កាច់ អីចឹង​ទៅធ្វើ​ឲ្យ​វា​ល្អក់​ពណ៌​ទៅក្នុង​ការគ្រប់គ្រង​ហ្នឹង ឥឡូវ​ចុងបញ្ចប់​ឧកញ៉ា​សុខ គង់ គាត់​ស្ម័គ្រចិត្ត​ដើម្បី ឈប់​ធ្វើ​កិច្ចការ​ហ្នឹង​តែម្តង ហើយ​រាជរដ្ឋាភិបាល​ក៏​ឯកភាព​តាម​សំណើ​របស់គាត់ ហើយ​ប្រគល់​ការងារ​នេះ មក​ឲ្យ​រដ្ឋ​គ្រប់គ្រង​វិញ​។ ខ្ញុំ​គិតថា អ្វីដែល​បក្សប្រឆាំង បាន​លើក​ជាការ​បញ្ចប់​នូវ​ការ បោក​បញ្ឆោត​ប្រជារាស្ត្រ​។ យើង​នឹងធ្វើ​កិច្ចការ​នេះ ឲ្យ​បានល្អ​»​។​

​ការគ្រប់គ្រង​អង្គរ​ដែល​ត្រូវ​រដ្ឋាភិបាល​បានផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន ធ្វើ​ប្រតិបត្តិការ​ជាច្រើន​ឆ្នាំ​កន្លងមកនេះ គឺជា​ប្រធានបទ​នៃ​ការរិះគន់​របស់​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មួយចំនួន ជា​រៀង​រហូតមក​។​

​ជាមួយគ្នានេះ លោក ថោង ខុន បញ្ជាក់ថា ការផ្ទេរ​ការគ្រប់គ្រង​ការលក់​សំបុត្រ ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​នេះ ពុំមាន​ផលប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​ទស្សនា​អង្គរវត្ត​ទេ ព្រោះ​ទេសចរ​ពុំ​ដឹងថា អ្នកណា​គ្រប់គ្រង​នោះទេ​។ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ប្តេជ្ញា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ខិតខំ​ពង្រឹងពង្រីក​កា​ងារ​គ្រប់គ្រង​ចំណូល​ពី​ការលក់​ចូល​ទស្សនា​អង្គរវត្ត​។​

​សូមបញ្ជាក់ថា លោក ហ៊ុន សែន បានប្រកាស​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ដ្រី​កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ថា រាជរដ្ឋាភិបាល​បាន​សម្រេចយក​ការគ្រប់គ្រង លក់​សំបុត្រ​ចូល​ទស្សនា តំបន់​អង្គរវត្ត​ទាំង​អស់ពី​ក្រុមហ៊ុន​សុខ គង់ រួមទាំង​បុគ្គលិក និង​ចំណូល​ចំណាយ ដាក់​ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់រ​ដ្ឋ​។​

​បើតាម​តួលេខ​នៅក្នុង​របាយការណ៍​ស្ថិតិ​ភ្ញៀវទេសចរ​របស់​អាជ្ញាធ​រ​អប្សរា​រយៈពេល ៧​ខែ ឆ្នាំ​២០១៥​នេះ ប្រាសាទអង្គរវត្ត​ដែលជា​គោលដៅ ទេសចរណ៍​ដ៏​ល្អ​បំផុត​ក្នុង​ពិភពលោក រកចំណូលបាន​ជាង​៣៥​លាន​ដុល្លារ ពី​ការលក់​សំបុត្រ​ទៅ​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ជាង​១​លាន​២​សែន​នាក់​។ ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​ទស្សនា​ប្រាសាទអង្គរវត្ត​កើនឡើង​២.០១​ភាគរយ ប៉ុន្តែ​ចំណូល​ថយចុះ​០.១​ភាគរយ​។​

​ភ្ញៀវទេសចរ​បរទេស​ជាង ១​លាន​២​សែន​នាក់​បាន​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត កើនឡើង​ចំនួន​២.០១​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៤ ។ រីឯ​ចំណូល​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​មាន​ចំនួន​ជាង ៣៥​លាន​ដុល្លារ ថយចុះ​០.១​ភាគរយ ប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៤ ។

​គួរបញ្ជាក់​ផងដែរ សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​មាន​បី​ប្រភេទ និង​តម្លៃ​ផ្សេងគ្នា​។ សំបុត្រ​តម្លៃ​២០​ដុល្លារ អាច​អនុញាត​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​ប្រាសាទ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ សំបុត្រ​តម្លៃ​៤០​ដុល្លារ​គឺមាន​សុពលភាព​រយៈពេល​៣​ថ្ងៃ និង​តម្លៃ​៦០​ដុល្លារ​អាច​ឲ្យ​ត​ភ្ញៀវ​ចូល​ទស្សនា​ប្រាសាទ​បាន រយៈពេល​១​សប្តាហ៍​៕


Tag:
 ​ចំណូល​អង្គរវត្ត​
  សុខ គង់​
  ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com