ជាតិ
ភាពយន្តចំនួន១៣០រឿង នឹងត្រូវចាក់បញ្ជាំងក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា
× ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គាំទ្រដោយអង្គការយូណេស្កូ និងសហការរៀបចំដោយមជ្ឈមណ្ឌលបណ្តុះបណ្តាល និងទទួលថតភាពយន្តនៅកម្ពុជា(CFC) និងមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បានរៀបចំឲ្យមានមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៦(CIFF) ។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៦ មានរយៈពេល៧ថ្ងៃដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១០ខែធ្នូឆ្នាំ២០១៥ ។ មហោស្រពនេះនឹងនាំមកនូវខ្សែភាពយន្តចំនួន១៣០ចំណងជើង មកពី៣៤ប្រទេស មកបញ្ជាំងជូនទស្សនិកជនទស្សនា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មហោស្រពភាពយន្តអន្តរជាតិកម្ពុជា។
ជាប្រភេទខ្សែភាពយន្តដែលទទួលបានពាន់រង្វាន់អាស៊ីចំនួន៧រឿង ភាពយន្តដែលទទួលបានបានរង្វាន់មហោស្រពភាពយន្តកម្ពុជាលើកទី៤ឆ្នាំ២០១៥ ភាពយន្តឯកសារ និងភាពយន្តខ្នាតខ្លី ព្រមទាំងភាពយន្តគំនូរចីវចលសម្រាប់កុមារផងដែរ។ ខ្សែភាពយន្តទាំងនេះនឹងត្រូវចាក់បញ្ជាំនៅក្នុងរោងភាពយន្ត Major និង Cineplex, រោងកុន Legend សាលមហោស្រពចតុមុខ វិទ្យាស្ថានបារាំង និងមជ្ឈមណ្ឌលបុប្ផាណា។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល តារាហូលីវូដ លោកស្រី Angelina Jolie-Pitt ក៏នឹងធ្វើជាប្រធានគណៈកម្មការកិត្តិយស នៅក្នុង មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី៦នេះដែរ។ លោកស្រី Angelina Jolie-Pitt បានមានប្រសាសន៍ថា អ្នកស្រីពិតជាមានមោទនភាពដែលបានចូលរួមជាគណៈកម្មការកិត្តិយស នៅក្នុង មហោស្រពភាពយន្តអន្តរជាតិកម្ពុជា នៅឆ្នាំ២០១៥នេះ។ លោកស្រី ក៏ទន្ទឹងចាំមើលពីការចាក់បញ្ជាំងរួមគ្នា រវាងភាពយន្តកម្ពុជា និងភាពយន្តអន្តរជាតិនាពេលខាងមុខនេះ។
សូមបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជានៅឆ្នាំនេះ នឹងយកថ្លៃសំបុត្រចូលទស្សនាចំនួន ១ដុល្លារ សម្រាប់សំបុត្រ១សន្លឹក និងតម្លៃ ៥ដុល្លារសម្រាប់ការទិញជាកញ្ចប់ចំនួន១០សន្លឹក៕
© រក្សាសិទ្ធិដោយ thmeythmey.com