ជាតិ
Angelina Jolie Pitt ចូលរួមក្នុងកិច្ចសន្ទនារវាងលោកប៉ាន់ រិទ្ធី និងសមិទ្ធិករភាពយន្ត
×
លោកស្រី Angelina Jolie-Pitt ប្រធានគណៈកម្មការមហោស្រពភាពយន្តអន្តរជាតិកម្ពុជា នឹងមានវត្តមានក្នុងកិច្ចកម្មវិធីកិច្ចសន្ទនា រវាងលោកប៉ាន់ រិទ្ធី និងសមិទ្ធិករភាពយន្តជំនាន់ក្រោយ នៅសាលសន្និសីទចតុមុខ។ កម្មវិធីនេះ មានរយៈពេល១ម៉ោង ចាប់ពីផ្តើមពីម៉ោង៤និង៣០នាទីតទៅ។
កិច្ចសន្ទនានេះ គឺជាផ្នែកមួយនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី៦ ដែលបានបើកសម្ពោធកាលពីល្ងាចថ្ងៃទី ៤ខែធ្នូ។ នៅក្នុងកម្មវិធីពិសេសនេះ លោកប៉ាន់ រិទ្ធី ដែលជាសមិទ្ធិករភាពយន្ត និងជាផលិតករភាពយន្តកម្ពុជាដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរូបនេះ នឹងធ្វើការចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍របស់ទាក់ទងនឹងវិស័យភាពយន្ត ទៅដល់សមិទ្ធិករភាពយន្តជំនាន់ក្រោយ។ ការជជែកពិភាក្សាគ្នា អំពីវិស័យភាពយន្តនៅកម្ពុជា និងសារៈសំខាន់នៃវប្បធម៌ ក៏ស្ថិតនៅក្នុងរបៀបវារៈ នៃកិច្ចសន្ទនារវាងសមាជិកគណៈកម្មការមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លោកប៉ាន់ រិទ្ធី និងសមិទ្ធិករភាពយន្តរយៈពេល១ម៉ោង នាល្ងាចនេះផងដែរ។
លោកស្រី Angelina Jolie-Pitt បានយល់ព្រមធ្វើជាប្រធានគណៈកម្មការមហោស្រពភាពយន្តអន្តរជាតិកម្ពុជា។ លោកស្រី បានមានប្រសាសន៍ថា លោកស្រីពិតជាមានមោទនភាពដែលបានចូលរួមជាគណៈកម្មការកិត្តិយស នៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា នៅឆ្នាំ២០១៥នេះ។ លោកស្រី បញ្ជាក់ថាខ្លួនក៏ទន្ទឹងចាំមើលពីការចាក់បញ្ចាំងរួមគ្នា រវាងភាពយន្តកម្ពុជា និងភាពយន្តអន្តរជាតិនាពេលនេះផងដែរ៕
Tag:
Angelina Jolie Pitt
ភាពយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com